ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឹ​ម សា​រ៉ា​ន់ បាក់​ធ្មេញ​2 ខណៈ​គង់ សំបូរ ស៊ីដាច់​គូប្រកួត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃអាទិត្យ ទី​២៣ វិច្ឆិកា កីឡាក​រហ៊ឹម សា​រ៉ា​ន់ បាន​ក្លាយជា​អ្នក​ចាញ់​យ៉ាង​អាម៉ាស់​នៅ​លើ​រេញ ខណៈ​ដែល​កីឡាករ​គង់ សំបូរ បាន​ក្លាយជា​កីឡាករ​មិនធម្មតា ព្រោះតែ​អាច​​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​គូទ​ទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃអាទិត្យ ទី​២៣ វិច្ឆិកា កីឡាក​រហ៊ឹម សា​រ៉ា​ន់ បាន​ក្លាយជា​អ្នក​ចាញ់​យ៉ាង​អាម៉ាស់​នៅ​លើ​រេញ ខណៈ​ដែល​កីឡាករ​គង់ សំបូរ បាន​ក្លាយជា​កីឡាករ​មិនធម្មតា ព្រោះតែ​អាច​​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​គូទ​ទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាក​រហ៊ឹម សា​រ៉ា​ន់ មក​ពី​ក្លិប​ក្រសួងការពារជាតិ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ប៉ះ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ជា​លើក​ដំបូង ខណៈ​ដែល​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ គឺ​ហ៊ឹ​ម សា​រ៉ា​ន់ ត្រូវ​គេ​ជឿ​ស្ទើរ​១០០% ថា ឈ្នះ អ៊ុំ ចំរើន ដោយ​មិន​ពិបាក ព្រោះ​សំអាង​ថា លោក​ជា​កីឡាករ​រៀមច្បង​ផង និង​ជា​ជើង​ខ្លាំង​ដែល​មិន​ទាន់​ស្រុត​ស្រក​ថាមពល​ផង ។

ការ​ប៉ះ​គ្នា​របស់​ពួក​គេ ជា​ចំណុចរសើប​មួយ​នៅ​ក្នុង​ពិភព​កីឡាប្រដាល់ បន្ទាប់​ពី​អ្នក​ទាំង​២​ឈាន​ដល់​កំពូល​ដូច​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ ជំនួប​របស់​អ្នក​ទាំង​២​កក្រើក​រេញ​តែ​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍ Ganzburge Top Fighters ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ ។ កីឡាក​រហ៊ឹម សា​រ៉ា​ន់ ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង នៅ​តែ​ទទួល​ជោគជ័យ​ក្នុង​ការ​វាយ​បំ​បុក​ទៅ​លើ អ៊ុំ ចំរើន ដែល​ជា​សិស្ស​ប្អូន​នៅ​ក្នុង​សង្វៀន ។ ប៉ុន្តែ​លោក​ក៏​ត្រូវ​ថ្មោង​ផង​ដែរ​ពី​កណ្ដាប់ដៃ និង​រន្ទះ​ជើង​របស់​គូបដិបក្ខ ។ ទោះជា​ការ​ប្រកួត​ទាំងមូល​អាច​បន្ត​ដល់​ចប់​ទឹក​ទី​៥ ប៉ុន្តែ​អ្នក​ណា​ក៏​ឃើញ​ដែរ​ថា កីឡាក​រហ៊ឹម សា​រ៉ា​ន់ ទ្រម​ខ្លួន​យ៉ាង​ខ្លាំង​ជាមួយនឹង​កណ្ដាប់ដៃ និង​កែង​ដ៏​មុត​ស្រួច​របស់ អ៊ុំ ចំរើន ។ មិន​ត្រឹមតែ​ត្រូវ អ៊ុំ ចំរើន វាយ​ឱ្យ​រយះ​លើ​ខ្ទង់ច្រមុះ​ហូរ​ឈាម​ដូច​គេ​វះ​ប៉ុណ្ណោះ​ទេ ហ៊ឹ​ម សា​រ៉ា​ន់ ក៏​ត្រូវ​កណ្ដាប់ដៃ​ពេញទំហឹង​របស់​គូប្រកួត ធ្វើ​ឱ្យ​លោក​បាក់​ធ្មេញ​មុខ​ដល់​ទៅ​២ ក្រោយ​ចប់​ការ​ប្រកួត​ផង​ដែរ ។

លោក​នៅ​តែ​ស៊ូ​ដល់​ចប់​ការ​ប្រកួត និង​បាន​ទាំង​វាយ​សម្រុក​លើ អ៊ុំ ចំរើន វិញ​ជា​ច្រើន​លើក ដោយ​ប៊ិះ​នឹង​ធ្វើ​ឱ្យ អ៊ុំ ចំរើន ផ្ងារជើង ត្រដរខ្យល់​ដោយ​អន្លើ​ទៀត​ផង ។ ឆាកប្រយុទ្ធ​របស់​អ្នក​ទាំង​ពីរ​ពោរពេញ​ដោយ​សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង ពិសេស​ក្នុង​ពេល អ៊ុំ ចំរើន ក៏​លែង​ខ្លាំង​ដាក់ ហ៊ឹ​ម សា​រ៉ា​ន់ ហើយ​ហ៊ឹ​ម សា​រ៉ា​ន់ ទោះជា​របួសធ្ងន់ ក៏​ប្រឹង​បង្កើន​កម្លាំង​ដៃ​។ ទាំង​បង្គោល​ក្រហម និង​បង្គោល​ខៀវ មិន​ខុស​ពី​បើក​ឆាកប្រយុទ្ធ​ស៊ីសាច់ហុតឈាម​នោះ​ទេ បើ​ទោះជា​ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ទាំង​ពី​សុំ​ទោស​គ្នា និង​ឱបរឹត​គ្នា ក្នុង​នាម​ជា​កីឡាករ​ដែល​មិន​ប្រកាន់​គ្នា ព្រោះតែ​ការ​ប្រកួត​នោះ​ក្តី ។ អ៊ុំ ចំរើន ត្រូវ​ប្រកាស​ថា​ឈ្នះ​ពិន្ទុ ខណៈ​ដែល​លទ្ធផល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ហ៊ឹ​ម សា​រ៉ា​ន់ ខាត​ទាំង​ដើម​ទាំង​ការ​តែ​ម្ដង ដ្បិត​លោក​ជា​កីឡាករ​ល្បី​ជាង​ទទួល​ការ​គាំទ្រ​ខ្លាំង​ជាង ប៉ុន្តែ​បែរជា​រង​របួស​ទ្រម​ខ្លួន​ក្រោម​កណ្ដាប់ដៃ​របស់ អ៊ុំ ចំរើន ហើយ​ថែម​ទាំង​ជាប់​ក្នុង​បញ្ជីខ្មៅ​ថា​ចាញ់​សិស្ស​ប្អូន​ក្នុង​ជំនួប​បើក​ឆាក​ទៀត​។ ហ៊ឹ​ម សា​រ៉ា​ន់ ទទួល​ការ​ឧបត្ថម្ភ​ច្រើន​គួរសម​ក្រោយ​ពីរ​ងរ​បួស​បាក់​ធ្មេញ​២ និង​រយះ​ដេរ​នៅ​ចន្លោះ​ប្រជុំ​ចិញ្ចើម ។

លោក​ទំនង​ត្រូវ​ផ្អាក​ការ​ប្រកួត​មួយ​រយៈ​ខ្លី រហូត​អាច​ដាក់​ធ្មេញ​ដែល​បាក់​ទាំង​ពីរ​ឱ្យ​ជា​សះស្បើយ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ជើង​ខ្លាំង​របស់​ស្រា​បៀរ​កម្ពុជា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ​ពេល​រសៀល​កីឡាករ​គង់ សំបូរ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ក៏​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ចាប់អារម្មណ៍​ផង​ដែរ​ជាមួយ​កីឡាករ​ម៉​ន គឹ​ម​សុង ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។ មុន​ការ​ប្រកួត​ឈាន​ដល់​រក​ឃើញ​ចាញ់​ឈ្នះ កីឡាករ​គង់ សំបូរ ទទួល​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​កីឡាករ​បង្គោល​ខៀវ ។ ជាក់ស្ដែង​ក្នុង​ទឹក​ទី​២ ទោះជា​គង់ សំបូរ ស្ទុះ​វាយ​បាន​ល្អ ក៏​បង្គោល​ខៀវ​នៅ​តែ​ក្ដោប​ក្ដាប់​ការ​វាយបក​នេះ​បាន​ល្អ​ជាង ។ ទោះបី​យ៉ាងណា កណ្ដាប់ដៃ និង​រន្ទះ​ជើង​មួយ​ស្នៀត​ៗ​របស់​កីឡាករ​គង់ សំបូរ ក៏​ធ្វើ​ឱ្យ ម៉​ន គឹ​ម​សុង ផ្ងារជើង​ម្ដង​ៗ​ផង​ដែរ ដ្បិតតែ​តួលេខ​នៃ​ការ​វាយលុក​មាន​ចំនួន​តិច​ជាង​គូប្រកួត​។ ទំនងជា​អាង​អំនួត​ក្នុង​ការ​យក​ប្រៀប​នេះ ទើប​ធ្វើ​ឱ្យ ម៉​ន គឹ​ម​សុង ស្ទុះ​វាយ​ដោយ​កំរោល  ហើយ​ភ្លាត់ស្នៀត​ត្រូវ​មួយ​ជង្គង់​ពេញទំហឹង​របស់ គង់ សំបូរ បណ្ដាល​ឱ្យ​រមួល​ឆ្អឹង​ដៃ​ខាងស្តាំ ប្រកាច់​ភ្លាម​ៗ​ប្រកួត​មិនកើត​ក្នុង​ទឹក​ទី​៣ ។

អ្នក​ទស្សនា​ភាគច្រើន​និយាយ​ថា ឱកាស​របស់ គង់ សំបូរ បាន​ជួយ​ឱ្យ​លោក​ស៊ីដាច់​តែ​ម្ដង ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំង​ច្រើន​ទៀត​ក្នុង​ការ​ប្រកួត​។ ប៉ុន្តែ​ឱកាស​ដែល គង់ សំបូរ ទទួល​បាន ក៏​កើត​ចេញពី​សមត្ថភាព និង​ពី​ការ​វាយលុក​ដ៏​ខ្លាំងក្លា​របស់​លោក​ផង​ដែរ ទើប​បណ្ដាល​ឱ្យ​សភាព​នៃ​ការ​ស្ទុះ​វាយ​ដោយ​កំរោល​របស់​ម៉​ន គឹ​ម​សុង ក្លាយជា​ភ្លាត់​ងាយ​ៗ ។ គង់ សំបូរ ត្រូវ​ប្រកាស​ថា ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដែល​លទ្ធផល​នេះ ត្រូវ​បាន​អ្នក​ទស្សនា​ភាគច្រើន​កោតសរសើរ​ជា​ថ្មី បន្ទាប់​ពី​ការ​ប្រកួត​មុន​ៗ ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើន​គួរសម​ដែរ​នោះ ៕