ខេត្ដបាត់ដំបង ៖ កាលពីថ្ងៃទី៨ មីនា កន្លងទៅនេះ ស្ដ្រីម្នាក់ឈ្មោះមាន វ៉ារី អាយុ ៣១ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល បាននិយាយទាំងក្ដៅក្រហាយ ប្រាប់កោះសន្ដិភាពថា គាត់នឹងដាក់ពាក្យ បណ្ដឹងទៅកាន់ស្នងការដ្ឋានខេត្ដ ដោយចោទប្រកាន់បុរសម្នាក់ រួមនឹងមន្ដ្រីនគរបាលប៉ុស្ដិ៍ ខ្នាចមាសនេះ ប៉ុន្មាននាក់ផង ថាបានឃុបឃិតគ្នា លួចកាប់មេគោគាត់ចែកសាច់គ្នា ក្លែមស្រា ដោយទុកឱ្យកូនគោគាត់មួយក្បាលរស់តែលតោល ។ ប៉ុន្ដែក្រុមមន្ដ្រីនគរបាល នោះបានបដិសេធថា ពួកគេមិនបានឃុបឃិត គ្នាលួចកាប់មេគោនោះទេ គឺមេគោនោះងាប់ ស្រាប់ត្រូវគេប្រទះឃើញនៅវាលស្រែ ហើយ រកម្ចាស់មិនឃើញ ។អ្នកស្រីមាន វ៉ារី បាននិយាយថា មេគោ នោះបានបាត់កាលពីថ្ងៃទី១ មីនា ខណៈពេល គាត់យកទៅចងនៅឯវាលស្រែមួយកន្លែង នៅភូមិកោះរៀម ឃុំខ្នាចរមាស ហើយ ក្រោយពីបាត់ គាត់នាំគ្នាដើររកមិនឃើញ សោះ គឺឃើញតែកូនរបស់វា ។លុះប៉ុន្មានថ្ងៃ ក្រោយមក ស្រាប់តែមេភូមិកោះរៀម ឈ្មោះនៅ ប្រាប់ថា មេគោរបស់គាត់បានងាប់ ហើយគេដឹកយកទៅឱ្យនគរបាលប៉ុស្ដិ៍ខ្នាច រមាសកាប់ចែកសាច់គ្នាអស់ហើយ ។អ្នកស្រីបានបញ្ជាក់ថា ពេលនោះមេភូមិប្រាប់ថា បុរសម្នាក់ឈ្មោះវ៉ៃ បានចាប់មេគោគាត់ចង ដោយចោទថា មេគោគាត់ទៅស៊ីដំណាំខ្លួន លុះនៅល្ងាចថ្ងៃទី២ មីនា មេគោនោះបាន ងាប់ដោយគ្មានមូលហេតុ ទើបគេរាយការណ៍ និងដឹកមេគោនោះទៅឱ្យសមត្ថកិច្ចដើម្បីរកម្ចាស់ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ នាយរងប៉ុស្ដិ៍នគរបាលឃុំខ្នាចរមាស លោកឌឿន សុផាត បានបំភ្លឺថា សមត្ថកិច្ច របស់លោកមិនបានឃុបឃិតគ្នាជាមួយឈ្មោះវ៉ៃ លួចកាប់គោនោះទេ ។ លោកនិយាយថា ឈ្មោះវ៉ៃ បានចាប់មេគោនោះចង ដើម្បី កុំឱ្យដើរចូលហ្វូងគោគាត់ លុះនៅរសៀលថ្ងៃ ទី២ មីនា ស្រាប់តែមេគោនោះងាប់ដោយ ខ្លួនឯងនៅឯវាលស្រែ ។ បន្ទាប់មក បុរស នោះបានរាយការណ៍មកសមត្ថកិច្ច ហើយ លោក និងអាជ្ញាធរឃុំបានមូលមតិគ្នាឱ្យដឹក មេគោនោះយកមកទុកប៉ុស្ដិ៍ ដើម្បីសួររក ម្ចាស់ ប៉ុន្ដែលុះដល់ល្ងាចនៅតែរកម្ចាស់មិន ឃើញ ទើបលោកពន្លះសាច់គោនេះចែកគ្នា តែម្ដងទៅ ព្រោះថាធុំក្លិនទៅហើយ។អ្នកស្រីមាន រ៉ាវី ដែលជាម្ចាស់គោបាន បន្ថែមថា ក្រោយពីដឹងថាមន្ដ្រីនគរបាលនោះ និងឈ្មោះវ៉ៃ ពន្លះមេគោគាត់ចែកសាច់គ្នា គាត់ក៏ប្ដឹងទៅមេប៉ុស្ដិ៍ឱ្យរកយុត្ដិធម៌ ប៉ុន្ដែ រហូតមកដល់ពេលនេះគេមិនរកដំណោះ ស្រាយឱ្យគាត់ទេ ។ អ្នកស្រីបញ្ជាក់ថា គាត់ នឹងទៅប្ដឹងដល់ស្នងការដ្ឋានខេត្ដបន្ដទៀត បើ សមត្ថកិច្ចមូលដ្ឋានមិនអាចដោះស្រាយបាន ។
ចែករំលែកព័តមាននេះ