ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​របាំ​ជនជាតិភាគតិច​អាស៊ា​ន​សម្តែង​ថ្ងៃនេះ​ក្នុង​មហោស្រព​សិល្បៈ​ជនជាតិ​នៅ​សាលចតុម្មុខ ស្តាប់​មតិ​ក្រុម​របាំ​កម្ពុជា ឡាវ និង​ព្រុយ​ណេ ពេល​ហាត់​សម​មុន​សម្តែង​ជា​ផ្លូវការ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាលសន្និសីទ​ចតុម្មុខ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ ក្រុម​សិល្បករ​-​សិល្ប​ការិនី​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​អាស៊ាន​បាន​ជួបជុំ​គ្នា​ហាត់​សម​របាំ​តំណាង​ប្រទេស រៀង​ៗ​ខ្លួន ។ ការ​ហាត់​សម​របាំ​នេះ ដើម្បី​ត្រៀម​សម្តែង​ជា​ផ្លូវការ​ក្នុង «​មហោស្រព​សិល្បៈ​ជនជាតិ​ដើម​អាស៊ាន​ឆ្នាំ​២០១៤»

រាជធានី​ភ្នំពេញ ៖ នៅ​សាលសន្និសីទ​ចតុម្មុខ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ ក្រុម​សិល្បករ​-​សិល្ប​ការិនី​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​អាស៊ាន​បាន​ជួបជុំ​គ្នា​ហាត់​សម​របាំ​តំណាង​ប្រទេស រៀង​ៗ​ខ្លួន ។ ការ​ហាត់​សម​របាំ​នេះ ដើម្បី​ត្រៀម​សម្តែង​ជា​ផ្លូវការ​ក្នុង «​មហោស្រព​សិល្បៈ​ជនជាតិ​ដើម​អាស៊ាន​ឆ្នាំ​២០១៤» នា​ល្ងាច​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ។

តំណាង​សិល្បករ​ប្រទេស​ព្រុយ​ណេ បាន​ថ្លែង​ថា នេះ​ជា​ការ​ជួបជុំ​គ្នា​ដើម្បី​រៀនសូត្រ​ពី​វប្បធម៌​ខុស​គ្នា​របស់​សមាគម​អាស៊ា​ន និង​ជា​ការ​រឹតចំណង​មេត្រីភាព​រវាង​ប្រទេស​អាស៊ា​ន​ទាំង​១០​ឱ្យ​កាន់តែ​រីក​ចម្រើន​គ្រប់​ផ្នែក​ទាំងអស់ ។ មហោស្រព​សិល្បៈ​ជនជាតិ​អាស៊ាន​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​ថែរក្សា ការពារ​របស់​បងប្អូន​ជនជាតិ​ដើម នីមួយ​ៗ កុំឱ្យ​អ្វី​ដែល​មាន​តាំងពី​យូរ​មក​នោះ​ត្រូវ​បាត់បង់​ជាមួយនឹង​សម័យកាល​ដ៏​ជឿនលឿន​វាយលុក​ផ្នែក​វប្ប  ធម៌ ។ ក្រុម​ជនជាតិភាគតិច​របស់​ព្រុយ​ណេ រីករាយ​នៅ​ពេល​ឃើញ​ក្រុម​របាំ​ជនជាតិ​ដើម​អាស៊ាន​ទាំងអស់​ផ្តុំ​គ្នា​សម្តែង​លើ​ឆាក​តែ​មួយ បង្ហាញ​ពី​របាំ​របស់​ប្រទេស រៀង​ៗ​ខ្លួន ។ មហោស្រព​នេះ​មាន​បំណង​ឱ្យ​របាំ​ជនជាតិ និង​ប្រពៃណី​ជនជាតិ​ស្ថិត​ស្ថិរ​តទៅ​មុខ​ទៀត ។

ចំណែក​តំណាង​ក្រុម​សិល្បៈ​ជនជាតិភាគតិច​របស់​ប្រទេស​ឡាវ ថ្លែង​ថា «​នេះ​ជា​ការ​ផ្លាស់​ប្តូរ​វិស័យ សិល្បៈ​ជនជាតិ​ដើម​អាស៊ាន​ទាំង​១០​ប្រទេស ដែល​ជា​ឱកាស​មួយ​សម្រាប់​ទស្សនិកជន ពិសេស​ប្រជាជន​កម្ពុជា​បានឃើញ​ស្នាដៃ​សម្តែង​របស់ ជនជាតិ​ដើម​អាស៊ាន​ទាំង​១០ សុ​ទ្ឋ​តែ​ជា​របាំ ដែល​មាន​លក្ខណៈ​ពិសេស​ណាស់ ។ ដ្បិតតែ​ជា​ទម្រង់​ដើម តែ​ក៏​មាន​សភាព​ទាក់ទាញ​ណាស់​ដែរ ព្រោះ​ថ្នាក់ដឹកនាំ​ប្រទេស នីមួយ​ៗ​ខិតខំ​រក​គន្លឹះ​កែ​ច្នៃ​យ៉ាងណា​ឱ្យ​មើលទៅ​ការ​សម្តែង​មាន​ភាព​អស្ចារ្យ​គួរ​ឱ្យ​ចាប់ចិត្ត ចង់​តាមដាន​ទស្សនា​ពី​អ្នកចូលរួម ។ ជាក់ស្តែង​ការ​ហាត់​សម​របាំ​ប្រទេស នីមួយ​ៗ មើលទៅ​ប្លែក និង​ល្អ​ម្យ៉ាង​ម្នាក់ ដែល​នេះ​ជា​សមត្ថភាព​របស់​ប្រទេស នីមួយ​ៗ​នៅ​អាស៊ាន ។ ភាព​ស្និទ្ធស្នាល​គ្នា​នៅ​ពេល​បាន​ចូលរួម​សម្តែង មាន​ទាំង​ពិសា​អាហារ​ជុំ​គ្នា ថតរូប​ជុំ​គ្នា នេះ​ជា​ចំណងមិត្តភាព បើ​ទោះជា​នឿយហត់ ធ្វើ​ដំណើរ​វែង​ឆ្ងាយ ក៏​មិន​រាងចាល​ឡើយ​» ។

ចំពោះ​សិល្បករ​កម្ពុជា​ដែល​កំពុង​ហាត់​សម​របាំ​មានឈ្មោះ​ថា «​សិល្បៈ​របាំ​ក្នុង​ជីវិត​ជនជាតិ​» បាន​ថ្លែង​ឱ្យ​ដឹង​ថា «​នេះ​ជា​មោទនភាព​មួយ​យ៉ាង​សំខាន់ ដែល​កម្ពុជា​យើង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហោស្រព​សិល្បៈ​ជនជាតិ​ដើម​អាស៊ាន ក្រោម​ការ​រៀបចំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ ការ​រៀបចំ​នេះ​ពិតជា​ជួយ​លើក​មុខមាត់​កម្ពុជា​យ៉ាងច្រើន ជា​ពិសេស​ទាក់ទាញ​ខាង​ទេសចរណ៍​មួយ​កម្រិត ដែរ ។ ក្រៅពី​បង្ហាញ​ភាព​ស្និទ្ធស្នាល ចំពោះ​គ្នា​រវាង​សិល្បករ​ទាំង​១០​ប្រទេស យើង ពិតជា​បាន​រៀនសូត្រ​ពី​ទម្រង់​សិល្បៈ​ជនជាតិ ដើម​របស់​គេ ថា​តើ​មានការ​សម្តែង​ទាក់ចិត្ត​បែប​ណា ។ ម្យ៉ាងទៀត​សម្រាប់​ឱកាស​នេះ សិល្បៈ​ជនជាតិ​ដើម​កម្ពុជា​ក៏​បាន​សម្រិតសម្រាំង​យ៉ាង អស្ចារ្យ នា​ឱកាស​ដ៏​ធំ​នេះ​សម្រាប់​សម្តែង​ធានា​ថា​ពិតជា​ល្អមើល​បន្ទាប់​ពី​បាន​ខាង​ក្រសួង​វប្បធម៌ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ព្យាយាម​សម្របសម្រួល​ឱ្យ​ចេញ​ជា​រូបរាង​សម្តែង ។ ដូចនេះ សូម​បងប្អូន​ក៏​ដូច​ជា​យុវជន​ទាំងអស់​ចូលរួម លើកកម្ពស់​ស្នាដៃ​សិល្បៈ​ជនជាតិ​ដើម​ឱ្យ​បាន​ច្រើន​កុះករ ព្រោះ​នេះ​ក៏​ជា​ព្រលឹង​ជាតិ​មួយ សំខាន់​ណាស់​សម្រាប់​ប្រទេស​យើង ក៏​ដូច​ជា​ប្រទេស​របស់​អាស៊ាន​» ។

លោក​សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា «​ការ​ខិតខំ​រួម​គ្នា​រៀបចំ​ការ​ប្រារព្ធ​មហោស្រព​សិល្បៈ​ជនជាតិ​ដើម​នេះ ក្រសួង​វប្បធម៌​ចង់ឱ្យ បណ្តាសារ​ព័ត៌មាន វិទ្យុ ទូរទស្សន៍​ទាំងអស់ ជួយ ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ខាង​ក្រសួង​វប្បធម៌​កំពុង តែ​រំលេច​ផ្លែផ្កា​តាម​រយៈ​ការ​សម្តែង​សិល្បៈ​អាស៊ាន ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ។ នេះ​ជា​ការ​លើកទឹកចិត្ត​គាំទ្រ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​សិល្បករ​អាស៊ាន​ទាំង​១០​ប្រទេស​ចង​បាច់​គ្នា​ជា​ចង្កោម​ឱ្យទៅ​ជា​កម្លាំង មួយ​សកម្ម​ដើម្បី​ជួយ​ជំរុញ​កសាង​សហគមន៍​អាស៊ាន​ឱ្យ​បាន​ជោគជ័យ​នា​ឆ្នាំ​២០១៥ ។ លើស​ពី​នេះ​កុំ​ភ្លេច​លើក​ស្ទួយ​សិល្បករ​ខ្មែរ​យើង​មក​ពី​ខេត្តរតនគិរី ជា​ជនជាតិ​ដើម ដោយ​ឱ្យ​សម្តែង​សិល្បៈ​បញ្ជាក់​ពី​ជនជាតិ​ដើម ។ នេះ​ជា​មុខមាត់​យើង​ទាំងអស់​គ្នា​» ។

លោក​សំរាំង កម្សាន្ត អំពាវនាវ​ឱ្យ​យុវជន​និង​មហាជន​ទូទៅ​នាំ​គ្នា​ទៅ​ទស្សនា ដើម្បី​បាន​ឈ្វេងយល់​ពី​ជនជាតិ​ដើម ដែល​សម្តែង​របាំ តើ មាន​ភាព​ខុស​ប្លែក​គ្នា​បែប​ណាខ្លះ​រវាង​ប្រទេស​នីមួយ​ៗ​នៅ​អាស៊ា​ន ។

របាំ​សម្តែង​ជា​ផ្លូវការ​ក្នុង​មហោស្រព​នៅ​ថ្ងៃនេះ មាន​របាំ​ស្វាគមន៍​គឺ «​របាំ​សែន​ភូមិ​» ។ ប្រទេស​ព្រុយ​ណេ របាំ « Rumpun Budaya» ប្រទេស​កម្ពុជា «​សិល្បៈ​របាំ​ក្នុង​ជីវិត​ជនជាតិ​» ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី របាំ « Talempong Minangkabau Musical Harmony»​។ ប្រទេស​ឡាវ របាំ «Cotton Weaving Dace»​។ ប្រទេស​មី​យ៉ា​ន់​ម៉ា របាំ « External Beauty of Myanmar Duet Dance» ។ ប្រទេស​ហ្វ៊ី​លី​ពី​ន របាំ «Makiling Musical Ensemble»​។ ប្រទេស​សិង្ហ​បុរី របាំ « Azpirasi Dance»​។ ប្រទេស​ថៃ របាំ «Smile of Thailand» ។ ប្រទេស​វៀតណាម របាំ «Hue Dance» និង​ក្រុម​របាំ​ប្រទេស​មា​៉​ឡេ​ស៊ី ចុង​ក្រោយ​គឺ​របាំ​សិល្បៈ​អាស៊ាន ៕