ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ស្រូប​បាន​អ្នកទេសចរ​បរទេស​ឡើង​ដល់ 4,5 លាន​នាក់​ក្នុងឆ្នាំនេះ​ខណៈ​ភាព​អសកម្ម​ខ្លះ​ៗ​នៅ​តែ​បន្ត​កើត​មាននៅ​សៀមរាប​មិន​ទាន់​ចាត់ការ​បាន​ល្អ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៤​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​​៤,៥​លាន​នាក់ ខណៈ​រយៈពេល​៩​ខែ​ក្នុងឆ្នាំនេះ កម្ពុជា​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​៣,២​លាន​នាក់ រួច​ទៅ​ហើយ ក្នុង​នោះ​ខេត្ត

ខេត្តសៀមរាប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៤​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​​៤,៥​លាន​នាក់ ខណៈ​រយៈពេល​៩​ខែ​ក្នុងឆ្នាំនេះ កម្ពុជា​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​៣,២​លាន​នាក់ រួច​ទៅ​ហើយ ក្នុង​នោះ​ខេត្តសៀម​រាប​-​អង្គរ​ទទួល​បាន​២,២​នាក់ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សាល​ប្រជុំ​នៃ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូ​ល​ឌុ​យ​ប្រ៊ូ​ល ក្នុង​ក្រុង​ទេសចរណ៍​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៤ ។

លោក​ថោ​ង ខុន មាន​ប្រសាសន៍​ថា ផ្តើម​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងទេសចរណ៍ និង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ា​ង​ជិត​ស្និទ្ធ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៤,២​លាន​នាក់​ក្នុង​កំណើន​១៧,៥%​ជាមួយនឹង​ចំណូល​២.៥៤២​លាន​ដុល្លារ រួមចំណែក​ប្រមាណ​១៦%​នៃ GDP បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៥០​ម៉ឺន​នាក់ និង​ប្រយោល​រាប់​ម៉ឺន​នាក់​ទៀត ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៤​នេះ កម្ពុជា​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៣,២​លាន​នាក់​រួច​ទៅ​ហើយ ក្នុង​កំណើន​៤,៧% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​ខេត្តសៀមរាប​អង្គរ​ទទួល​បាន​អ្នកទេសចរ​២,២​លាន​នាក់ កើនឡើង​ប្រមាណ​៨,៤% ធៀប​នឹង​ឆ្នាំ​២០១៣ ។ ដូច្នេះ​ហើយ​រំពឹង​ថា សម្រាប់​ឆ្នាំ​២០១៤​នេះ កម្ពុជា​នឹង​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ សរុប​៤,៥​លាន​នាក់ ។

លោក​រដ្ឋមន្ត្រី​ក៏​រំពឹង​ទុក​រយៈពេល​វែង​ថា នៅ​ឆ្នាំ​ខាង​មុខ​កម្ពុជា​នឹង​ទទួល​បាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​៧,៥​លាន​នាក់ ក្នុង​នោះ​ខេត្តសៀមរាប​គ្រោង​នឹង​ស្វាគមន៍​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ​៤​លាន​នាក់ និង​អ្នកទេសចរ​ក្នុងស្រុក​ប្រមាណ​៤​លាន​នាក់ ជាមួយ​និង​ចំណូល​៥.០០០​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៥០​ម៉ឺន​នាក់ និង​ប្រយោល​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត ។

ខេត្តសៀមរាប ត្រូវ​បាន​ចាត់ទុកជា​តំបន់​ប៉ូ​ល​នៃ​វិស័យ​ទេសចរណ៍​ជាតិ​កម្ពុជា ។ នៅ​ក្នុង​ឆ្នាំ​២០១៤ ខេត្ត​ដ៏​មាន​សក្តានុពល​ផ្នែក​វិស័យ​ទេសចរណ៍​មួយ​នេះ ត្រូវ​បាន​ទទួលស្គាល់ និង​ចាត់​ថ្នាក់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​លំដាប់​ទី​៤ នៅ​លើ​សាកលលោក និង​លំដាប់​ទី​២​នៅ​អាស៊ី បន្ទាប់​ពី​ទីក្រុង​ក្យូ​តូ ។ នេះ​បើ​តាម​ការ​វាយតម្លៃ​របស់​ទស្សនាវដ្តី Travel and Leisure ។ លើស​ពី​នោះ​ទៅ​ទៀត កាលពី​ខែតុលា ២០១៤ នា​ឱកាស​ទិវា​បុរាណវិទ្យា​អន្តរជាតិ (The International Archeology Day) អង្គរវត្ត​បាន​ឈ្នះ​ពានរង្វាន់​ទីតាំង​បុរាណវិទ្យា​ដែល​មាន​អ្នក​ស្រលាញ់​ច្រើន
បំផុត​ប្រចាំឆ្នាំ​២០១៤ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បុរាណវិទ្យា​របស់​អា​មេ​រិ​ក ។

លោក​រដ្ឋមន្ត្រី​ថោ​ង ខុន ថ្លែង​ថា ជា បណ្តើរ​ៗ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អភិវឌ្ឍ​សៀមរាប​-​អង្គរ ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​លំដាប់​ពិភពលោក និង​ជា​គោលដៅ​ទេសចរណ៍​ដែល​ត្រូវ​តែ​ទៅ​ទស្សនា​ដើម្បី​ទទួល​ស្វាគមន៍​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី​លើ​សាកលលោក ដែល​ចំនួន​ទេសចរ​អន្តរជាតិ​កាន់តែ​មាន​ចំនួន​កើន​ឡើងជា​លំដាប់ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​បាន​អះអាង​ថា បច្ចុប្បន្ន​ទីក្រុង​ទេសចរណ៍​សៀមរាប នៅ​មិន​ទាន់​ក្លាយជា​ទីកន្លែង​ដែល​មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ពេញលេញ​សម្រាប់​អ្នកទេសចរ​នៅឡើយ​ទេ គឺ​នៅ​មានការ​ខ្វះចន្លោះ ។ ជា រឿយ​ៗ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប ឬ​សម្ភារ ផ្សេង​ៗ​របស់​អ្នកទេសចរ​នៅ​តែ​បន្ត​កើតឡើង​ដដែល ។ ចំណែក​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន នៅ​តែ​បន្ត​លក់ទំនិញ​ក្លែងក្លាយ បន្លំ​ភ្ញៀវ ឬ​លក់​ក្នុង​តម្លៃ​ខ្ពស់​ហួសហេតុ​តាម​របៀប «​រំលំ​ដើម​បេះ​ផ្លែ​» ។ ករណី​បែប​នោះ​ធ្វើ​ឱ្យ​អ្នកទេសចរ​មិន​សប្បាយចិត្ត​ទេ រហូត​មាន​ពេល​ខ្លះ​គេ​ប្តឹង​ទៀត​ផង តែ​សមត្ថកិច្ច​មិន​ចាត់ការ​តាម​ច្បាប់​ប្រឆាំង​ជនខិលខូច​ទេ បាន​ត្រឹមតែ​តម្រូវ​ឱ្យ​សង​សំណង​ខូចខាត​ទៅ​អ្នកទេសចរ​វិញ​ប៉ុណ្ណោះ ។

ចំណែក​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា ស្វាគមន៍​ចំពោះ​កំណើន​អ្នកទេសចរ​អន្តរជាតិ​នៅ​កម្ពុជា ក៏​ប៉ុន្តែ​ពួក​គេ​បាន​ទទូច​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​រាំង​ខ្ទប់​ការ​ធ្លាយ​ចេញ​នៃ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ទៅ​កាន់​ប្រទេស​ជិតខាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង មួយ​ឆ្នាំ​ៗ ។

គេ​បាន​លាតត្រដាង​ថា ជា​រៀង​រាល់​ឆ្នាំ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ ប្រមាណ​៣០%​ធ្លាយ​ចេញ​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម តាម​រយៈ​ការ​នាំ​ចូល​បន្លែ​ត្រី​សាច់​រួម​ទាំង​គ្រឿងសំណង់ ។ លើស​ពី​នេះ​ទៅ​ទៀត​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​កូរ៉េ​បាន​មក​ដណ្តើម​ប្រាក់​ចំណូល​ទាំងនោះ​ពី​ខ្មែរ តាម​រយៈ​ការ​បើក​អាជីវកម្ម​បម្រើ​ផ្នែក​ទេសចរណ៍ ផ្សេង​ៗ ដូច​ជា​ភោជនីយដ្ឋាន ក្រុមហ៊ុន​ទេសចរណ៍ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ហាង​ចាប់​សរសៃ យានយន្ត​ដឹក​ជញ្ជូន រហូត​ដល់​មាន​សិទ្ធិ​ដើរ​ពន្យល់​អ្នកទេសចរ​ពី​ប្រវត្តិសាស្ត្រ​ដោយ​ផ្ទាល់​ថែម​ទៀត ៕