ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប៊ុត សីហា ទទួល​ជ័យ​លា​ភី ដោយសារ​ក្តី​អាណិត​របស់​មហាជន តើ ប៊ុត សីហា ផ្ទាល់ និង​គ្រូបង្វឹក​លោក ឆ​ន សុវណ្ណ​រាជ ឆ្លើយ​តប​យ៉ាងណា ?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ លោក​បុ​៊​ត សីហា បេក្ខជន​មក​ពី​ទឹកដី​សម្បូរ​ដើម​ត្នោត ខេត្តកំពង់ស្ពឺ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ។ ការ​ទទួល​ជ័យ​លា​ភី​របស់​លោក​ប៊ុត សីហា កាលពី​ពេល ថ្មី​ៗ​នេះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ទំនង​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ លោក​ប៊ុ​ត សីហា បេក្ខជន​មក​ពី​ទឹកដី​សម្បូរ​ដើម​ត្នោត ខេត្តកំពង់ស្ពឺ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ។ ការ​ទទួល​ជ័យ​លា​ភី​របស់​លោក​ប៊ុត សីហា កាលពី​ពេល ថ្មី​ៗ​នេះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ទំនង​បេក្ខជន​រូប​នេះ​មានការ​តស៊ូ​ក្នុង​ជីវិត​កម្សត់ ព្រម​ជាមួយ​ការ​បាត់បង់​ឪពុក​ចំ​ពេល​កំពុង​ប្រឡង ទើប​ធ្វើ​ឱ្យ​មហាជន​អាណិតអាសូរ និង​បោះ​ឆ្នោត​ជូន ។

ក្នុង​ការ​ប្រកួត​លោក​ប៊ុត សីហា បាន​ឈ្នះ​បេក្ខជន​ជា​ច្រើន​នាក់​តាំងពី​វគ្គ​ដំបូង​មក ។ នៅ​ពេល​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​នៅ​វគ្គ​ចុង​ក្រោយ​មានការ​បញ្ចេញ​ទស្សនៈ ខុស​ៗ​គ្នា ក្នុង​នោះ​មាន​ទស្សនៈ​ច្រើន​ផ្តោត​លើ​មនោសញ្ចេតនា​របស់​មហាជន ចំពោះ​លោក​ប៊ុត សីហា ។ ទស្សនៈ​ឬ​មតិ​មួយ​ចំនួន​យល់​ថា មហាជន​ផ្ញើ​សារ​គាំទ្រ​ទៅ​លើ​បេក្ខជន​ប៊ុត សីហា ព្រោះតែ​អាណិត​ដែល​គេ​បាត់បង់​ឪពុក​ចំ​ពេល​កំពុង​ប្រឡង ។ ម្យ៉ាង​ទៀត​ពេល​ដាក់​ពាក្យ​ប្រឡង សីហា ជិះ​កង់​ទៅ​ទិញ​ពាក្យ ។

សីហា​ជា​អ្នកចម្រៀង​នៅ​ក្នុង​ក្រុម​តន្ត្រី​មួយ​នៅ​ឯ​ស្រុក​កំណើត ហើយ​តែងតែ​ចូលរួម​ច្រៀង​យក​ប្រាក់​ជួយ​ចិញ្ចឹម​ក្រុម​គ្រួសារ និង​បង្ខំចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ ព្រោះតែ​មិន​អាច​ប្រឈម​មើល​ភាព​ក្រខ្សត់​របស់​ក្រុម​គ្រួ​សារបាន ។

សរុបសេចក្តី​ទៅ មហាជន​ខ្លះ​យល់​ថា ឱកាស​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១​របស់​ប៊ុត សីហា អាច​ជា​រឿង​កើត​ចេញពី​ហេតុផល​ទាំងនោះ​គួប​ផ្សំ​ផង ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​បែប​នោះ បើ​យោង​តាម​តារាចម្រៀង​លោក​ឆ​ន សុវណ្ណ​រាជ ជា​គ្រូបង្វឹក​ផ្ទាល់​របស់​ប៊ុត សីហា បាន​លើក​ឡើង​ថា «​ការ​ប្រឡង​នេះ​មានការ​យកចិត្តទុកដាក់​សង្កេត​លើ​ទឹកដម​សំឡេង​តាំងពី​វគ្គ​ដំបូង​មក​ម្ល៉េះ ។ កម្មវិធី​នេះ​មាន​ភាព​សុក្រឹត​បំផុត ដោយសារ​តែ​ជា​ការ​ទិញ​សិទ្ធិ​ពី​ប្រទេស​គេ​ផ្ទាល់ ហើយ​ម្ចាស់​ដើម​ក៏​បាន​ចូលរួម​មក​មើល​ការងារ​របស់​កម្ពុជា​យើង​រៀបចំ​ដែរ ថា​តើ​ពេល​បាន​អាជ្ញាប័ណ្ណ​ផលិតកម្ម​វិធី​ប្រឡង​មក ធ្វើ​ត្រឹមត្រូវ យុត្តិធម៌​ដែរ​ឬ​អត់​។ បើ​យើង​ធ្វើ​មិន​ត្រឹមត្រូវ​គេ​ក៏​មាន​សិទ្ធិ​ដក​អាជ្ញាប័ណ្ណ​ចេញ​ដែរ ដើម្បី​កុំឱ្យ​ខូច​កម្មវិធី​ល្បី​របស់ គេ ។ និយាយ​តាម​ត្រង់​តាំងពី​ចូល​ដល់​ដំណាក់​កាល​​សល់​បេក្ខជន​១០​នាក់ គ្រូបង្វឹក​ទាំងអស់​អត់​មាន​សិទ្ធិ​ជួប​កូនក្រុម​ណា​នោះ​ទេ ក្រៅពី​ខំ​បង្វឹក​កូនក្រុម​រៀងខ្លួន ។ ការ​សម្រេចចិត្ត ស្ថិត​នៅ​លើ​គ្រូបង្វឹក​ផ្ទាល់ ហើយ​ការ​សម្រេចចិត្ត ម្តង​ៗ​មាន​ភាព​លំបាក​បំផុត ព្រោះ​កូនក្រុម​សុទ្ធសឹងតែ​ជា​អ្នកមាន​សមត្ថភាព ។ ទីបំផុត​យើង​ត្រូវ​ជម្រុះ​អ្នក​ដែល​យើង​ចូល​ចិត្ត​ផង និង​រើស​អ្នក​ដែល យើង​ពេញចិត្ត​ផង ដូច​សីហា​ផ្ទាល់​ខ្ញុំ​រើស​យក គាត់​ហូរហែ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ​ត្រ័ ដោយ​សីហា​គាត់​ធ្វើ​បាន​ល្អ ពិតជា​មិន​ឱ្យ​ខ្ញុំ​អស់សង្ឃឹម​ឡើយ​» ។

ចំណែក​លោក​ប៊ុត សីហា ផ្ទាល់ ឆ្លើយ​តប​នឹង​មតិ​ខ្លះ​ថា លោក​ទទួល​ជ័យ​លា​ភី​ដោយសារ​តែ​មនោសញ្ចេតនា​របស់​មហាជន​នោះ លោក​បញ្ជាក់​ថា «​ការ​ប្រឡង​នេះ​ផ្តោត​លើ​សំឡេង ។ ខាង​កម្មវិធី​ប្រឡង​គេ​អត់ឱ្យ​ពាក់ព័ន្ធ​ភាព​តោកយ៉ាក ការ​អាណិតអាសូរ​មក​រ៉ា​យ​រ៉ា​ប់​ជូន​គេ​ទេ​។ យើង​តោកយ៉ាក​ក៏​ដោយ តែ​មាន​សំឡេង​ល្អ ទេព​កោសល្យ​ល្អ ទើប​យើង​អាច​ទទួលយក​បាន ព្រោះ​កម្មវិធី​តម្រូវ​តែ​សំឡេង និង​មិន​ចាំបាច់​មាន​រូបសម្បត្តិ​ស្អាត​ប៉ុន្មាន​ទេ​» ។

លោក​ប៊ុត សីហា ជា​កូនពៅ ក្នុង​ចំណោម​បងប្អូន​៦​នាក់ និង​មាន​ឪពុក​ជា​អ្នកភ្លេង​ប្រពៃណី ។ សីហា​រំឭក​ថា «​កំពុង​ប្រឡង សុខ​ៗ ស្រាប់តែ​លោកឪពុក​បាត់បង់​ជីវិត​មុន​ពេល​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​មិន​ដល់​១​អាទិត្យ​ទេ ។ ពេល​នោះ​ខ្ញុំ​បាន​បែងចែក​ទាំង​លំបាក ដូច​ជា​ពេល​ថ្ងៃ​បុណ្យសព​គាត់ បងប្អូន​ទាំងអស់​ប្រាប់​ថា បើ​ចង់ យំ​ៗ​ឱ្យ​ហើយ​ទៅ ព្រោះ​ខានស្អែក​ត្រូវ​ប្រឡង​ហើយ ។ ពេល​មក​ប្រឡង​បងប្អូន គាត់​មក​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ដោយ​ប្រាប់​ខ្ញុំ​ថា ធ្វើ​យ៉ាងណា​កុំ​យំ ហើយ​លោកគ្រូ​បង្វឹក​ឆ​ន សុវណ្ណ​រាជ ក៏​បាន​លើកទឹកចិត្ត​ច្រើន​ណាស់​ដែរ ពេល​កំពុង​ប្រលង​នោះ ។ គ្មាន​កូន​ណាមួយ​ដែល​ឪពុក​ស្លាប់​ទៅ​ហើយ សើច​ញញឹម​បាន​នោះ​ទេ​» ។

ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ នៃ​អនុ​វិទ្យាល័យ «​ទ​ន្ទ​មាន​ជ័យ​» សីហា បញ្ជាក់​ថា លោក​ត្រូវការ​លុយ​រៀន​គួ តែ​អ្នក​ផ្ទះ​អត់​មាន​លុយ​ឱ្យ​បង់​ក៏​ឈប់​រៀន​ទាំងស្រុង​តែ​ម្តង ។ ក្រោយ​ជាប់​ជ័យ​លា​ភី​នេះ សីហា​ចង់​បន្ត​ការ​សិក្សា ព្រោះ​នឹក​ស្តាយ ដែល​បាន​បោះបង់ ។ ណាមួយ​ចង់​ចេះ​ដឹង​បន្ថែម ព្រោះ​ជា​អ្នកចម្រៀង​មាន​គេ​ចាប់អារម្មណ៍ គួរតែ​មានចំណេះ​ខ្ពស់​ដែរ ។  លោក​ប៊ុត សីហា បាន​ថ្លែងអំណរគុណ​ចំពោះ​មហាជន​ដែល​ផ្ញើ​សារ​គាំទ្រ​ដល់​រូប​លោក​ឱ្យ​ជាប់​លើក​ពានរង្វាន់ ។

ពេល​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ប៊ុត សីហា លើកយក​បទ​ចម្រៀង​របស់​លោក​ខេមរៈ សិរីមន្ត មាន​ចំណងជើង​ថា «​ស្រលាញ់​បង​គ្មាន​អនាគត​ទេ​» និង​បទ​លោក​ព្រាប សុវត្ថិ «​គ្មាន​អូន​បង​នៅ​ជា​បង​» មក​ច្រៀង ។

ប៊ុត សីហា សន្យា​ថា នឹង​មិន​ចោល​ភូមិកំណើត​ដែល​ធ្លាប់​កម្សត់កម្រ​នោះ​ទេ ។ លោក​នឹង​ឧស្សាហ៍​ទៅ​សួរសុខទុក្ខ​បងប្អូន អ្នក​ភូមិ​ដែល​ជួយ​លើកទឹកចិត្ត​ពេល​ប្រឡង ។ មិនតែប៉ុណ្ណោះ ម្ចាស់​ពានរង្វាន់​ចម្រៀង​ប្រកបដោយ​កិត្តិយស​នេះ សន្យា​មិន​ប្រើ​ចរិត​ឆ្មើងឆ្មៃ​ដាក់​ទស្សនិកជន​ទេ នៅ​តែ​រក្សា​ចរិត​ដូច​ដើម​ដដែល ៕