ស្វែងរកថវិកាផ្តល់ជារង្វាន់ដល់កីឡាការិនីកម្ពុជាឈ្នះមេដាយសំរឹទ្ធិ
ដោយ ៖ ប្រុសកោះ
ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០១០ ម៉ោង ១០:១៧
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានគំរោងស្វែងរកថវិកាតាមរយៈនៃការជួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីធ្វើជារង្វាន់លើកទឹកចិត្តដល់កីឡាការិនីជំរើសជាតិខ្មែរផ្នែកយូដូ សំ សុធា ដែលទទួលបានមេដាយសំរឹទ្ធិពីការទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជនលំដាប់ថ្នាក់ពិភពលោកលើកទី១ នៅប្រទេសសិង្ហបុរី ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា កម្ពុជា បានធ្វើការបញ្ជូនប្រតិភូកីឡារបស់ជាតិឱ្យទៅចូលរួមប្រកួតមាន៤ប្រភេទកីឡា ក្នុងនោះមានចំបាប់ម្នាក់ អត្តពលកម្មម្នាក់ ហែលទឹកម្នាក់ និងយូដូម្នាក់ និងមានគ្រូអមដំណើរក្នុងមួយប្រភេទកីឡាម្នាក់ផងដែរ ។ ចំពោះវិញ្ញាសាហែលទឹក និងចំបាប់គឺយើងមិនទទួលបានលទ្ធផលនោះទេ រីឯអត្តពលកម្មនៅមិនទាន់ប្រកួតនៅឡើយ ដោយឡែកប្រភេទកីឡាយូដូយើងទទួលបានមេដាយសំរឹទ្ធិប្រកួតក្នុងប្រភេទទំងន់៤៤គីឡូក្រាម ។ លោកបានឱ្យដឹងទៀតថា មុននឹងយើងទទួលបានមេដាយសំរឹទ្ធិនេះ គឺត្រូវឆ្លងកាត់ការប្រកួតចំនួន៣លើក ។ ប្រកួតលើកទី១ ឈ្នះកីឡាការិនីមកពីប្រទេសប៉ាណាម៉ា ប្រកួតលើកទី២ ចាញ់កីឡាការិនីមកពីហុងគ្រី និងលើកទី៣ ឈ្នះប៊ុលហ្គារី ។ ប៉ុន្តែទោះបីជាយា៉ងនេះក្តី ជ័យជំនះនេះបានធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង ព្រោះវាជាព្រឹតិ្តការណ៍ពិភពលោកផ្នែកយុវជនលើកទី១ ដែលមានបណ្តាប្រទេសរហូតដល់ទៅ២០៥ ចូលរួម ។ ដូច្នេះលោកគិតថា ជ័យជំនះនេះបានធ្វើឱ្យប្រទេសកម្ពុជាយើងមានឈ្មោះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដែលពីមុនៗមកពុំធ្លាប់មានឡើយ ។ ក្នុងឋានៈជាម្ចាស់មេដាយកីឡាអូឡាំពិក គឺត្រូវតែមានរង្វាន់លើកទឹកចិត្តដល់រូបគេ ។
លោកវ៉ាត់ ចំរើន បានថ្លែងទៀតថា លោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានគំរោងរួចហើយ គឺត្រូវតែរកប្រាក់ឱ្យបានយ៉ាងតិច១ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ សំរាប់ជាការលើកទឹកចិត្ត ។ ចំណែកខាងក្រសួងអប់រំ យុវជន និងកីឡាវិញ នៅមិនទាន់មានដំណឹងបែបណានោះទេ ប៉ុន្តែគួរតែមានទើបជាការល្អ ព្រោះវាជាមុខមាត់របស់យើងទាំងអស់គ្នា ។ លោកបានប្រាប់ទៀតថា សូម្បីតែរូបលោកក៏មានការសប្បាយចិត្តខ្លាំងណាស់ដែរ នៅពេលបានឮដំណឹងនេះភ្លាម ព្រោះវាជាជ័យជំនះសំរាប់ជាតិយើងទាំងអស់គ្នា ៕