ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​ចំនួន​១៦​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ ត្រៀម​ចែកស្រោមអនាម័យ​ជាង២៥ម៉ឺន​ថ្ងៃបុណ្យអុំទូក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​ដៃគូ​ចំនួន​១៦ ដែល​ធ្វើ​ការងារ​ជាមួយ​អ្នក​ជំងឺអេដស៍ និង​ផ្ដល់​សេវា​ថែទាំ​មេរោគ​អេ​ដស៍ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចុះ​ចែក​ស្រោមអនាម័យ​ជាង​២៦​ម៉ឺន​ស្រោម នៅ​ថ្ងៃ​បុណ្យអុំទូក និង​ធ្វើតេស្ដ​ឈាម​ដោយ​ស្ម័គ្រចិត្ដ ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក នា​ពេល​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ អង្គការ​ដៃគូ​ចំនួន​១៦ ដែល​ធ្វើ​ការងារ​ជាមួយ​អ្នក​ជំងឺអេដស៍ និង​ផ្ដល់​សេវា​ថែទាំ​មេរោគ​អេ​ដស៍ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចុះ​ចែក​ស្រោមអនាម័យ​ជាង​២៦​ម៉ឺន​ស្រោម នៅ​ថ្ងៃ​បុណ្យអុំទូក និង​ធ្វើតេស្ដ​ឈាម​ដោយ​ស្ម័គ្រចិត្ដ ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក នា​ពេល​ខាង​មុខ​នេះ ។

លោក​វេជ្ជបណ្ឌិត សេ​ម ប៉េង​ស៊ា​ន ប្រធាន​ប្រតិបត្ដិ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ បានឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​យុទ្ធនាការ​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេ​ដស៍ និង​ការ​ប្រើប្រាស់​ស្រោមអនាម័យ ក្នុង​ទិវា​អេ​ដស៍​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នៅ​សណ្ឋាគា​ហ្គ្រី​ន​ភែ​លេស ថា នៅ​ថ្ងៃ​បុណ្យអុំទូក​ខាង​មុខ អង្គការ​ដៃគូ​ចំនួន​១៦ នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ដ្រី​កម្សាន្ដ ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍ ហើយ​រៀបចំ​ជា​ស្ដង់​មួយ​ចំនួន​សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ការ​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេ​ដស៍​ដោយ​ស្ម័គ្រចិត្ដ រក្សា​ការ​សម្ងាត់ និង​ផ្ដល់​ប្រឹក្សា​។ ក្រៅពី​នោះ អង្គការ​ក៏​មាន​ក្រុមការងារ​ស្ម័គ្រចិត្ត​ចែក​ស្រោមអនាម័យ​ជាង​២៥​ម៉ឺន​ស្រោម​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា គោលបំណង​សំខាន់​គឺ​ចង់​លើកកម្ពស់​ការ​ផ្ដល់​សេវា​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេ​ដស៍ ចំពោះ​អ្នកមាន​ផ្ទុកមេរោគ​អេ​ដស៍​ដែល​មិន​ទាន់​ដឹងខ្លួន​ថា​មាន​មេរោគ ពិសេស​ចង់ឱ្យ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងអស់ ទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល ដើម្បី​ទទួល​បានការ​អប់រំ និង​បង្ការ​ការពារ​កុំឱ្យ​មានការ​ឆ្លង​ថ្មី ។

លោក​បន្ត​ថា ក្នុង​ឱកាស​នោះ​ក៏​មានការ​ចែក​ជា​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​មួយ​ចំនួន ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ បើប្រសិន​ជា​មាន​អ្នក​ចង់​ធ្វើតេស្ដ​ឈាម ក្រុម​ស្ម័គ្រចិត្ដ​ទាំងនោះ​នឹង​នាំ​មក​កន្លែង​ធ្វើតេស្ដ​ឈាម ដើម្បី​រក​ឱ្យ​ឃើញ​អំពី​ស្ថានភាព​មេរោគ​អេ​ដស៍ ហើយ​ក្នុង​ការ​ធ្វើតេស្ដ​ឈាម​នេះ បើ​រក​ឃើញ​ពលរដ្ឋ​ណា​ម្នាក់​មាន​ផ្ទុកមេរោគ​អេ​ដស៍ ក្រុមការងារ​នឹង​បញ្ជូន​គាត់​ទៅ​កន្លែង​ផ្ដល់​សេវា និង​ផ្ដល់​ថ្នាំ​ពន្យារ ។
លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា ក្រុម​អ្នក​ស្ម័គ្រចិត្ដ​ទាំងអស់​មាន​ចំនួន​ជាង​១០០​នាក់ ដែល​ចែក​ជា​៦​ក្រុម សម្រាប់​រៀបចំ​ជា​ស្ដង់​ដាក់​នៅ​តាម​តំបន់​មាត់ទន្លេ តំបន់​សំខាន់​ៗ​មួយ​ចំនួន​ទៀត នៅ​តាម​សួនច្បារ និង​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ចុះ​ចែក​ខិត្តប័ណ្ណ ដល់​ប្រជាពលរដ្ឋ ដែល​ដើរ​លេង​កម្សាន្ដ​ក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក​។

ចំណែក​លោក​វេជ្ជបណ្ឌិត ឡុ​ង ឡា​វី អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា មន្ទីរ​សុខាភិបាល​នឹង​ដាក់​ភ្នាក់ងារ​សុខាភិបាល​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​មក​ដើរ​កម្សាន្ដ​ក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​មេរោគ​អេ​ដស៍ ហើយ​បើសិនជា​ចង់​សប្បាយ​នៅ​កន្លែង​ណាមួយ ឬ​ជាមួយ​ដៃគូ​នោះ ត្រូវ​ចេះ​ប្រើ​ស្រោមអនាម័យ ដើម្បី​ការពារ​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ក្រុម​គ្រួសារ និង​អ្នកជា​ទីស្រឡាញ់​របស់​យើង ។

លោក​បន្ត​ថា ទាំង​មន្ទីរ​សុខាភិបាល​ភ្នំពេញ និង​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ គ្រោង​នឹង​ចុះ​ធ្វើតេស្ដ​ឈាម​ស្វែងរក​មេរោគ​អេ​ដស៍​ដល់​មនុស្ស​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ចែក​ស្រោមអនាម័យ​ជាង​២៥​ម៉ឺន​ស្រោម និង​ចុះ​អប់រំ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា ខាង​មុខ​នេះ ៕