ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​សំរាមគររលួយស្អុយ​នៅផ្សារបានលុង ​អភិបាលក្រុង​កោះប្រជុំ​រកដំណោះស្រាយ​

9 ឆ្នាំ មុន

ខេត្តរតនគិរី​ ៖ អភិបាលក្រុងបានលុង​ លោក អ៊ុន សំអុល​ បានបើកកិច្ចប្រជុំ​បន្ទាន់មួយជាមួយ​តំណាងក្រុមហ៊ុន​វិនិយោគផ្សារ ​ដើម្បីរកដំណោះស្រាយ​គំនរសំរាម​រលួយស្អុយនៅ​ជុំវិញផ្សារបានលុង ។ កិច្ចប្រជុំដែល​ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ​តុលា ២០១៤​ បានធ្វើឡើងបន្ទាប់ពី​ក្រុមអាជីវករ​

ខេត្តរតនគិរី​ ៖ អភិបាលក្រុងបានលុង​ លោក អ៊ុន សំអុល​ បានបើកកិច្ចប្រជុំ​បន្ទាន់មួយជាមួយ​តំណាងក្រុមហ៊ុន​វិនិយោគផ្សារ ​ដើម្បីរកដំណោះស្រាយ​គំនរសំរាម​រលួយស្អុយនៅ​ជុំវិញផ្សារបានលុង ។

កិច្ចប្រជុំដែល​ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ​តុលា ២០១៤​ បានធ្វើឡើងបន្ទាប់ពី​ក្រុមអាជីវករ​ និង ​ប្រជាពលរដ្ឋនៅជុំវិញផ្សារ​បានរអ៊ូរទំានិងស្តីបន្ទោស​ទៅលើអាជ្ញាធរ​និងភាគីពាក់ព័ន្ឋថា​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​​បញ្ហាគំនរសំរាមដែល​ស្អុយរលួយ​ធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព​ បរិស្ថាន​ និងសុខភាពប្រជាពលរដ្ឋ ​ជាពិសេសខ្មាស់​ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្ត​នៅក្នុងខេត្តដ៍មាន​សក្តានុពលលើវិស័យ​ទេសចរណ៍​បែបធម្មជាតិ​​នៅភូមិភាគឦសាន្ត​​ប្រទេសកម្ពុជា​មួយ​នេះ ។ កិច្ចប្រជុំនេះ​ក៍មានការចូលរួមពី​ខាងមន្ទីរពាក់ព័ន្ឋ​ ប៉ុន្តែអវត្តមានខាងភាគី​ក្រុមហ៊ុនប្រមូលសំរាម​ ជា គង់ ​ដោយសារខាងអាជ្ញាធរ​ដែលចេញមុខសម្របសម្រួល​ មិនទាន់កោះហៅព្រោះខ្លាច​មានការប្រឈមមុខគ្នា ​តែនឹងកោះហៅ​នៅ​ពេលក្រោយ ​​(កោះប្រជុំម្នាក់ម្តង) ។

យ៉ាងណាក៍ដោយ​ កិច្ចប្រជុំនេះ​មិនទាន់មានលទ្ឋផល​និងសម្រេចយ៉ាងណា​នៅឡើយទេ​ ដោយខាងតំណាងផ្សារ​រង់ចំាយលទ្ឋផល​កិច្ចប្រជុំទៅឲ្យ​ប្រធានក្រុមហ៊ុនវិនិយោគ​ផ្សារសម្រេចនៅក្នុង​កិច្ចប្រជុំនាថ្ងៃទី០៣ ​វិច្ឆិកា​ដើមសបា្តហ៍ក្រោយ ។

សូមបញ្ជាក់ផងដែរថា​ គំនរសំរាមដែល​គរស្អុយរលួយនៅផ្សារ​បានលុងនេះ ​ត្រូវបានក្រុមហ៊ុន ​ជា គង់​ អ្នកម៉ៅការដឹកជញ្ជូន ​មិនមកប្រមូលចាប់តំាងពីថ្ងៃទី០៤​ តុលា​ពេលដែលអាជ្ញាធរចាប់​បញ្ជូនគ្រឿងចក្រ​មកឈូសឆាយនៅ​ទីតំាងសំរាម​ចាស់ដើម្បីអភិវឌ្ឍន៍មកម្ល៉េះ​ ដោយ​សំអាងថា ​គំនរសំរាមនេះ​ត្រូវបានគេគរខុសទីតំាង​ដែលចែងក្នុងសៀវភៅបន្ទុក​ និងតាមការព្រមព្រៀង ​។ ដោយសារតែក្រុមហ៊ុន​ប្រមូលសំរាមមិនដឹកជញ្ជូន ​ទើបក្រុមហ៊ុន​ ហេង ដារា ​ដែលវិនិយោគផ្សារ បានបង្ខំចិត្ត​ចាត់ចែងប្រមូលដឹកជញ្ជូន​ខ្លួនឯងជាបណ្តើរៗ​មកទល់ពេលនេះ ។

នៅក្នុងកិច្ចប្រជុំព្រឹកមិញ​ លោកអភិបាលក្រុងបានលុង ​អ៊ុន សំអុល ​បានស្នើឲ្យភាគី​ខាងវិនិយោគផ្សារអនុវត្តន៍​ឲ្យបានត្រឹមត្រូវតាមសៀវភៅ​បន្ទុកនិងគោលការណ៍​ឯកសារដែលមន្ទីរសេដ្ឋកិច្ចផ្តល់​សិទ្ឋិវិនិយោគ ។ លោកអភិបាលក្រុង​បានលើក​​ឡើងថា ​នៅក្នុងសៀវភៅបន្ទុកគឺ​ក្រុមហ៊ុន ជា គង់ ​ដែលម៉ៅការប្រមូលសំរាម ​តម្រូវឲ្យភាគីផ្សារបង់៣លាន​៥សែនរៀលក្នុង​មួយខែឲ្យទៅក្រុមហ៊ុន ​ជា គង់ ​ប៉ុន្តែភាគីផ្សារបង់តែ​៣លានរៀលប៉ុណ្ណោះ ​ទើបធ្វើឲ្យ​ក្រុមហ៊ុនមាន​ការ​យឺតយ៉ាវ ។

យ៉ាងណាក៍ដោយ​ មជ្ឈដ្ឋាននានា​នៅក្នុងខេត្ត​បានធ្វើការរិះគន់ថាបញ្ហាសំរាមនេះ ​បណ្តាលមកពីគម្រោង​អភិវឌ្ឍន៍របស់ក្រុង​ ដែលពុំបានរកដំណោះស្រាយ​បញ្ហាសំរាមជាមុនសិន ​។ ការអភិវឌ្ឍនោះ ​គឺផ្ទៃដីមុខផ្សារ​ដែលមាន​ទំហំ៥៤ម៉ែត្រ​គុណ១១០ម៉ែត្រ ​ត្រូវបានលេចលឺព័ត៌មានល្បីថា ​អាជ្ញាធរបានប្រគល់​ឲ្យក្រុមហ៊ុនមួយ​វិនិយោគធ្វើជាផ្ទះល្វែង​លក់អស់ទៅហើយ​នោះថែមទៀត ។​ មជ្ឈដ្ឋាននានាក៍បានលើកឡើងទៀតថា​ ប្រសិនបើអាជ្ញាធរ​ប្រគល់ឲ្យ​ក្រុមហ៊ុន​​វិនិយោគជា​ផ្ទះ​ល្វែងមែននោះ​ គឺផ្ទុយទៅនឹងអនុសាសន៍​របស់សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែលទុកដីមុខផ្សារ​បានលុងនេះ​ សម្រាប់ធ្វើជាចំណត​យានយន្តភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ៕