ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ឡើង​កាន់​អំណាច​នៅ​ប្រទេស​បួរ​គី​ណា​ហ្វា​សូ​ក្រោយ​ការ​បះបោរ​ប្រឆាំង​ប្រធានាធិបតី

9 ឆ្នាំ មុន

កងទ័ព​បាន​ដណ្តើម​អំណាច​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា នៅ​ប្រទេស​បួរ​គី​ណា​ហ្វា​សូ ដោយ​ប្រកាស​ពី​ការ​រំលាយ​សភា និង​រដ្ឋាភិបាល ហើយ​ដាក់​បម្រាម​គោចរ បន្ទាប់​ពី​ទិវា​នៃ​ការ​បះបោរ​ប្រឆាំង​របប​ប្រធានាធិបតី​លោក Blaise Compaore ដែល​កាន់​អំណាច​ចាប់តាំងពី​២៧​ឆ្នាំ​មក​ហើយ ។

កងទ័ព​បាន​ដណ្តើម​អំណាច​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា នៅ​ប្រទេស​បួរ​គី​ណា​ហ្វា​សូ ដោយ​ប្រកាស​ពី​ការ​រំលាយ​សភា និង​រដ្ឋាភិបាល ហើយ​ដាក់​បម្រាម​គោចរ បន្ទាប់​ពី​ទិវា​នៃ​ការ​បះបោរ​ប្រឆាំង​របប​ប្រធានាធិបតី​លោក Blaise Compaore ដែល​កាន់​អំណាច​ចាប់តាំងពី​២៧​ឆ្នាំ​មក​ហើយ ។

សភា​ត្រូវ​ដុត ទូរទស្សន៍​រដ្ឋ​ត្រូវ​លុក​ចូល​កាន់កាប់ អំពើ​ហិង្សា​ក៏​កើត​មាននៅ​តាម​ខេត្ត​នានា​ដែរ ដោយ​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​លាលែង​ពី​តំណែង ។ ប្រទេស​បួរ​គី​ណា​ហ្វា​សូ កាលពី​ថ្ងៃ​ទី​៣០ តុលា មានការ​ដុត​បំផ្លាញ​ដោយសារ​ការ​បះបោរ ហើយ​វិបត្តិ​បែប​នេះ​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​អាហ្វ្រិក​នោះ ញ៉ាំង​ឱ្យ​មាន​អន្តរាគមន៍​របស់​កងទ័ព ។ លោក​ប្រធានាធិបតី Blaise Compaore បដិសេធ​ពុំ​ព្រម​លាលែង ទោះបី​មានការ​បះបោរ​បង្ហូរឈាម​ប្រឆាំង​រូប​លោក​ក្តី ។ ការ​ជាប់​គាំង​ខាង​នយោបាយ​នោះ​នាំ​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ប្រទេស នា​ថ្ងៃ​ខាង​មុខ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​នាយសេនាធិការ​កងទ័ព ឧត្តមសេនីយ៍ Nabere Honore Traore អាន​ដោយ​នាយទាហាន​ម្នាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អំណាច​ប្រតិបត្តិ​និង​អំណាចនីតិប្បញ្ញត្តិ នឹង​ត្រូវ​ធានា​ដោយ​អង្គការ​បណ្តោះអាសន្ន​មួយ​ជាមួយ​ទិស​ដៅ​វិល​ទៅ​រក​របៀបរបប​តាម​រដ្ឋធម្មនុញ្ញ​វិញ ក្នុង​រយៈពេល​១២​ខែ ។
បម្រាម​គោចរ​ត្រូវ​បាន​ដាក់​ទូ​ទាំង​ប្រទេស ចាប់ពី​ម៉ោង​១៩ ដល់​ម៉ោង​៦​ព្រឹក ដើម្បី​ថែរក្សា​សន្តិសុខ និង​ទ្រព្យសម្បត្តិ ។

ពួក​ប្រឆាំង​របស់​ប្រទេស​នេះ​និយាយ​ថា ភាព​ចលាចល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៣០​នាក់ និង​ជាង​១០០​នាក់​ត្រូវ​របួស​នៅ​រដ្ឋធានី​អ៊ូអា​ហ្គា​ឌូ​ហ្គូ តែ​មួយ​គត់ ។ កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា ស្នូរ​កាំភ្លើង​លាន់ឮ​នៅ​តាម​ច្រកចូល​វិមាន​ប្រធានាធិបតី​ដែល​គេ​ពុំ​អាច​ចូល​ទៅ​ជិត​បាន ព្រោះ​កង​ឆ្មាំ​ប្រ​ធានា​ធិ​ប​តិ​ហាមឃាត់ ។

ការ​ដណ្តើម​អំណាច​របស់​កងទ័ព​សម្រាប់​ពេល​នេះ ពុំ​ត្រូវ​បាន​ពួក​បាតុករ​គាំទ្រ​ទាំងស្រុង​ឡើយ ។ បាតុករ​ជា​ច្រើន​រយ​នាក់​អំពាវនាវ​ឱ្យធ្វើ​ចលនា​តវ៉ា​បន្ត​ទៀត​ក្នុង​រដ្ឋធានី ដើម្បី​ចៀសវាង​រដ្ឋប្រហារ ។ បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​ពួក​ប្រឆាំង​សម្រាប់​ពេល​នេះ AFP នៅ​ពុំ​អាច​ទាក់ទង​បាន​នៅឡើយ ។ នា​ថ្ងៃ​ទី​៣០ តុលា របប​លោក Blaise Compaore ចង់​រម្ងាប់​ការ​តវ៉ា​ដោយ​ប្រការ​ពី​ការ​លុប​ចោលការ​បោះ​ឆ្នោត​លើ​គម្រោង​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​នោះ ដែល​ការ​បោះ​ឆ្នោត​នេះ​ហើយ ជាដើម​ចម​នៃ​ការ​បះបោរ ។

ប្រឈម​មុខ​នឹង​សភាពការណ៍​នេះ សហភាព​អាហ្វ្រិក​សម្តែង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាក់ទិន​ឱ្យ​មានការ​អត់ធ្មត់​ខ្លាំង​បំផុត ។ ចំណែក​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​មានការ​ចរចា​ដោយ​ឆាប់រហ័ស ហើយ​បញ្ចប់​អំពើ​ហិង្សា ។

ប្រទេស​បារាំង​ជា​អតីត​អាណានិគម​លើ​ប្រទេស​នេះ ស្នើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​វិញ រួច​សហរដ្ឋអាមេរិក​សម្តែង​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ។ អង្គការសហប្រជាជាតិ ក៏​ដូច​ជា​សហភាព​អាហ្វ្រិក​សម្រេច​បញ្ជូន​បេសកជន​មួយ​រូប​ទៅ​កាន់​ប្រទេស​នេះ ។

នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឧត្តមសេនីយ៍​ចូល​និវត្តន៍ លោក Kouame Lougue ដែល​ពួក​បាតុករ​ជា​ច្រើន​សិប​ពាន់​នាក់​ស្នើ​ឱ្យ​លោក​ឡើង​កាន់​អំណាច បាន​ជួប​ជាមួយ​នាយសេនាធិការ​កងទ័ព ព្រមទាំង​ជាមួយ​បណ្តា​នាយទាហានជាន់ខ្ពស់​របស់​ប្រទេស ។

ជា​មនុស្ស​ដែល​កងទ័ព​និង​ប្រជាជន​ស្រឡាញ់​ច្រើន លោក Kouame Lougue អតីត​នាយសេនាធិការ និង​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស រហូត​ដល់​ពេល​ត្រូវ​ដក​តំណែង កាលពី​ឆ្នាំ​២០០៣ និយាយ​ថា កងទ័ព​ផ្សារ​ភ្ជាប់​ជាមួយ​ប្រជាជន ហើយ​លោក​គ្រាន់តែ​ស្នើ​ឱ្យ​ប្រធានាធិបតី​លាលែង​ចេញពី​តំណែង​ប៉ុណ្ណោះ ។

នៅ​តាម​ច្រកចូល​វិមាន​ប្រធានាធិបតី ភាព​តានតឹង​នៅ​តែ​ខ្លាំងក្លា ។ បាតុករ​ជា​ច្រើន​រយ​នាក់ ប្រឈម​មុខ​នឹង​កង​ទាហាន​ឆ្មាំ​ប្រធានាធិបតី ហើយ​ទាហាន​មួយ​ចំនួន​បាន​បាញ់​ព្រមាន ។

ឡើង​កាន់​អំណាច​២៧​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៨៧ លោក​ប្រធានាធិបតី Compaore ត្រូវ​ចប់​អាណត្តិ​ចុង​ក្រោយ​របស់​លោក​នា​ឆ្នាំ​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​កាន់​អំណាច​ដោយ​ជាប់​ឆ្នោត​អាណត្តិ​ទី​១ មាន​រយៈពេល​១៣​ឆ្នាំ (១៩៩២-២០០៥) និង​អាណត្តិ​ទី​២ មាន​រយៈពេល​១០​ឆ្នាំ (២០០៥-២០១៥) ។ លោក​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​២​លើក​រួច​មក​ហើយ គឺ​កាលពី​ឆ្នាំ​១៩៩៧ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០០ ដើម្បី​រក្សា​អំណាច ហើយ​លោក​ការពារ​គម្រោង​របស់​លោក ដើម្បី​ឱ្យ​អាច​កាន់​អំណាច​អាណត្តិ​ទី​៣​មួយទៀត ។

ពួក​ប្រឆាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​បំណង​ចង់​ផ្តួលរំលំ​របប​ប្រធានាធិបតី​រូប​នេះ ដែល​គេ​ចាត់​ទុក​ថា​ជា​របប​មាន​ស្ថិរភាព​បំផុត​មួយ​នៃ​តំបន់ ។ កាលពី​ថ្ងៃ​ទី​២៨ តុលា មនុស្ស​ជា​ច្រើន​ពាន់​នាក់ ហើយ​បើ​តាម​ពួក​ប្រឆាំង​ថា​មាន​ដល់​១​លាន​នាក់ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​អ៊ូអា​ឌូ​ហ្គូ ដើម្បី​បរិហារ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ៕