ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន រ​ដ្ឋា ទទួល​បារាំង លើ​សង្វៀន​អន្តរជាតិ​អាស៊ី​អាគ្នេយ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដំណើរការ​ការ​ប្រដាល់​រាល់​ព្រឹក​ថ្ងៃអាទិត្យ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​ដែល​នាំ​យក​កីឡាករ​ជនជាតិ​ផ្សេង​ខុស​ពី​ថៃ​មក​ប្រកួត​នោះ​ទេ ដោយសារ​តែ​ការ​ប្រដាល់​នេះ សង្កត់ធ្ងន់​លើ​ជំនួប​រវាង​កីឡាករ​ថៃ និង​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២ វិច្ឆិកា នេះ កីឡាករ​បារាំង​នឹង​បង្ហាញ​វត្តមាន​ដំបូង​គេ ដោយ ម៉​ន រ​ដ្ឋា របស់​កម្ពុជា ជា​អ្នក​ស្វាគមន៍ ។

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដំណើរការ​ការ​ប្រដាល់​រាល់​ព្រឹក​ថ្ងៃអាទិត្យ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​ដែល​នាំ​យក​កីឡាករ​ជនជាតិ​ផ្សេង​ខុស​ពី​ថៃ​មក​ប្រកួត​នោះ​ទេ ដោយសារ​តែ​ការ​ប្រដាល់​នេះ សង្កត់ធ្ងន់​លើ​ជំនួប​រវាង​កីឡាករ​ថៃ និង​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២ វិច្ឆិកា នេះ កីឡាករ​បារាំង​នឹង​បង្ហាញ​វត្តមាន​ដំបូង​គេ ដោយ ម៉​ន រ​ដ្ឋា របស់​កម្ពុជា ជា​អ្នក​ស្វាគមន៍ ។

ថ្វី​ដ្បិតតែ ម៉​ន រ​ដ្ឋា នៅ​ក្មេង និង​ស្ទើរ​បទ​ពិសោធន៍​បន្តិច​មែន ប៉ុន្តែ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ព្រែក​ឯង​កីឡា​រូប​នេះ ត្រូវ​មហាជន​ទុកចិត្ត និង​ទទួលស្គាល់​ថ្វីដៃ​មិនធម្មតា​នោះ​ឡើយ នៅ​លើ​សង្វៀន​ទាំង​ជាតិ និង​អន្តរជាតិ​កន្លង​មក ។ លោក​ធ្លាប់​ប្រកួត​ជាមួយ​បរទេស​តែ​ម្ដង​គត់ ដោយ​ចាញ់​ក្រោម​កណ្ដាប់ដៃ​ថៃ នា​ពេល​កន្លង​មក​។ ទោះជា​មាន​លទ្ធផល​បែប​នេះ ក៏ ម៉​ន រ​ដ្ឋា មានការ​ទុកចិត្ត​រួច​ជា​ស្រេច​ក្នុង​ការ​រារាំង​កីឡាករ​បារាំង​ឈ្មោះ​Daniel ដែល​ទើប​បង្ហាញខ្លួន​លើក​ដំបូង​នៅ​លើ​សង្វៀន  Ganzburge Top Fighters របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ព្រឹកស្អែក ។ ម្យ៉ាង​ជើង​ខ្លាំង​បារាំង ដែល​មក​ប្រកួត​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មើលទៅ​ដូច​ជា​ចាស់​សម្បើម​ណាស់ មិន​ខុស​ពី​ឲ្យ​ឪពុក​ប្រកួត​នឹង​កូន ។

ក្រុម​អ្នក​ឃ្លាំមើល​យល់​ថា ម៉​ន រ​ដ្ឋា ទោះជា​ចាញ់​កម្ពស់ និង​ប្រវែង​ដៃជើង ក៏​អាច​នឹង​ឈ្នះ​តែម​ត្រង់​កម្លាំង​នោះ​ផង​ដែរ ។ ទោះបី​យ៉ាងណា គេ​មិន​អាច​កំណត់​បញ្ហា​នេះ​ថា អាច​ទៅ​រួច​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​បរទេស​ភាគច្រើន​បាន​ទទួល​ការ​បំប៉ន​គ្រប់គ្រាន់​ល្អ​ប្រសើរ​ជាង​ស្ថានភាព​កីឡាករ​ប្រដាល់​របស់​កម្ពុជា​បែប​នេះ ។ កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥២​គីឡូក្រាម ហើយ​ជា​ការ​ប៉ះ​គ្នា​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់​ដែរ ក្នុង​រង្វង់​អ្នក​តាមដាន​កីឡាប្រដាល់ ដើម្បី​ចង់​ដឹង​ថា ម៉​ន រ​ដ្ឋា ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា​ឈ្នះ ឬ​កីឡាករ​បារាំង ដែល​ជា​ជនជាតិ​ក្រៅពី​ថៃ​លើក​ដំបូង​មក​ប្រកួត​លើក​ដំបូង​នេះ​ឈ្នះ ។

លោក ញៀន សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រាប់​ថា  ការ​ប្រកួត​អន្តរជាតិ​មិន​សំដៅ​តែ​លើ​ជនជាតិ​ថៃ​នោះ​ទេ ប៉ុន្តែ​វត្តមាន​កីឡាករ​គឺ​អាស្រ័យ​លើ​ការ​រៀបចំ​របស់​គណៈកម្មការ​ប្រដាល់​ថៃ​ដែល​ជា​អ្នក​ទម្លាក់​មក​តែ​ម្ដង ។ យ៉ាងណា​ក៏​ដោយ លោក​តម្រូវ​ឲ្យ​នាំ​មក​តែ​កីឡាករ​ដែល​មានការ​ប្រកួត​ល្អ និង​ខ្លាំងក្លា​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មក​ប្រកួត​ត្រូវ​បាន​អ្នក​ទស្សនា​រិះគន់​ថា យក​អ្នកទេសចរ​បរទេស​មក​ប្រកួត​ហើយ​ថា​ជា​អ្នក​ប្រដាល់ ។ លោក​រមែង​សុំ​មើល​សមាសភាព​របស់​បរទេស​មុន​ទទួលយក​ទាំងអស់​ទើប​លោក​រំពឹង​ថា កីឡាករ Daniel ដ្បិតថា​មើលទៅ​រាង​ចាស់​បន្តិច ប៉ុន្តែ​អាច​ធ្វើ​ឲ្យ ម៉​ន រ​ដ្ឋា ដែល​ពេញកម្លាំង​បះសក់​បាន ។ លោក​មិន​ច្បាស់​ពី​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​បារាំង​រូប​នេះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ភាគី​ថៃ​អះអាង​ថា Daniel គឺជា​សិស្ស​គុន​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ថ្វីដៃ​មិនធម្មតា ។

ចំពោះ​ការ​ប្រកួត​អន្តរជាតិ​២​គូ​ទៀត រួម​មាន កីឡាករ ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ជាមួយ​កីឡាករ​ជនជាតិ​ថៃ Singh dam ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម និង​កីឡាករ ខុន រាជ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Soriya ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ពុទ្ធ ហ៊ុ​ច ធ្លាប់​ប៉ះ​ថៃ​៣​លើក​ហើយ ដោយ​២​លើក​ឈ្នះ និង​ស្មើ​១​លើក ។ លោក​ធ្លាប់​ផ្ដួល Noppakao ដែល​ឈ្នះ ពេជ្រ អា​រុណ មក​ពី​ក្លិប​បង្ក្រាប​គ្រឿងញៀន​ក្នុង​ទឹក​ទី​២ និង​ឈ្នះ លៀង ស៊ី​ពេជ្រ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​៤ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ហួស​ពី​ការ​ស្មាន ។ ចំណែក Singh dam ក៏​មិនធម្មតា​នោះ​ដែរ ដោយសារ​តែ​ធ្លាប់​វាយ​ឈ្នះ ពុទ្ធ ឆាយ​រិ​ទ្ធី សិស្ស​រួម​គ្រូ​ជាមួយ ពុទ្ធ ហ៊ុ​ច នា​ពេល​ថ្មី​ៗ ។

ដោយឡែក ខុន រាជ ជា​កីឡាករ​ចាស់វស្សា មិនដឹង​ថា​អាច​ឈ្នះ Soriya ឬ​យ៉ាងណា​នោះ​ទេ សម្រាប់​ការ​ប្រកួត​នៅ​ព្រឹកស្អែក​នេះ ?