ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ សុវណ្ណ ប៉ះ​នូវ ស៊ី​ថា នរណា​ឈ្នះ ?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​កីឡាករ​ជើង​ចាស់​ដែល​មានបទពិសោធន៍​ច្រើន​មិន​ចាញ់​គ្នា ពេល​នេះ​ជើង​ខ្លាំង ផា​ន់ សុវណ្ណ និង​នូវ ស៊ី​ថា បាន​ប៉ះ​គ្នា​ហើយ​នៅ​លើ​រេញ​ទូរទស្សន៍​បាយ័ន​រោង​សៀ​ក នា​ថ្ងៃអាទិត្យ ទី​២ វិច្ឆិកា​នេះ​។ ថ្វី​ដ្បិតតែ​នេះ​មិនមែន​ជា​ការ​ប្រកួត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង ប៉ុន្តែ​ក៏​មាន​មនុស្ស​មិន​តិច​នាក់​ប៉ុន្មាន​ដែរ ដែល​ចង់​ដឹង​ថា​រវាង​អ្នក​ទាំង​ពីរ​តើ​អ្នក​ណា​ឈ្នះ ។

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​កីឡាករ​ជើង​ចាស់​ដែល​មានបទពិសោធន៍​ច្រើន​មិន​ចាញ់​គ្នា ពេល​នេះ​ជើង​ខ្លាំង ផា​ន់ សុវណ្ណ និង​នូវ ស៊ី​ថា បាន​ប៉ះ​គ្នា​ហើយ​នៅ​លើ​រេញ​ទូរទស្សន៍​បាយ័ន​រោង​សៀ​ក នា​ថ្ងៃអាទិត្យ ទី​២ វិច្ឆិកា​នេះ​។ ថ្វី​ដ្បិតតែ​នេះ​មិនមែន​ជា​ការ​ប្រកួត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង ប៉ុន្តែ​ក៏​មាន​មនុស្ស​មិន​តិច​នាក់​ប៉ុន្មាន​ដែរ ដែល​ចង់​ដឹង​ថា​រវាង​អ្នក​ទាំង​ពីរ​តើ​អ្នក​ណា​ឈ្នះ ។

ការ​ពិត​កីឡាករ​ផា​ន់ សុវណ្ណ ជា​ជើង​ខ្លាំង​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​យូរ​មក​ហើយ គឺ​មុន​កីឡាករ​នូវ ស៊ី​ថា​ឆ្ងាយ​ណាស់ ។ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ទាំង​ពីរ​មាន​ចំណុច​ស្រុត​ចុះ និង​រំកិល​ឡើង​បន្តិច​ម្នាក់ ទើប​ធ្វើ​ឱ្យ​ទីផ្សារ និង​ការ​ចាប់អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​ក្នុង​រង្វង់​មហាជន​ប្រែជា​មាន​ទម្ងន់​ប្រហាក់ប្រហែល​គ្នា ។ ធៀប​នឹង​អំឡុង​ពេល​មុន ផា​ន់ សុវណ្ណ មិនមែន​ជា​ដៃគូ​របស់ នូវ ស៊ី​ថា​នោះ​ទេ ដោយសារ​តែ​លោក​គឺជា​ជើង​ខ្លាំង និង​ល្បី​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​កីឡាប្រដាល់​។ ជើង​ខ្លាំង​ប្រចាំ​ក្លិប​មិត្ត​ប៉ូលិស​រូប​នេះ ត្រូវ​មហាជន​ទទួលស្គាល់​ថ្វីដៃ​ថា​មិនធម្មតា​នោះ​ទេ បើ​ទោះជា​ពេល​ចុង​ក្រោយ លោក​រាង​ធ្លាក់ដៃ​បណ្ដាល​ឱ្យ​កេរ្តិ៍ឈ្មោះ​កីឡាករ​ស្រករ​ក្រោយ​ឈាន​មក​ទន្ទឹម​នោះ​ក៏​ដោយ ។

កីឡាករ​នូវ ស៊ី​ថា ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ក្នុង​ចំណោម​កីឡាករ​ល្បី​ៗ​ប្រចាំ​ក្លិប​តេជៈ​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនៈគិរី​។ ប្រឡូក​ការ​ប្រដាល់​ក្រោយ​ផា​ន់ សុវណ្ណ បន្តិច​មែន ប៉ុន្តែ​ទីផ្សារ និង​កេរ្តិ៍ឈ្មោះ​របស់​លោក បាន​ឡើង​ក្រឺត​ៗ​មិន​គួរ​ឱ្យ​ជឿ ។ ថ្វី​ដ្បិតតែ​ក្នុង​រយៈពេល​ថ្មី​ៗ លោក​បាន​បណ្ដោយ​ឱ្យ​ភាព​ខ្លាំងក្លា​ធ្លាក់​ចុះ​ជាង​អំឡុង​ឆ្នាំ​២០១៣​មែន ក៏​កម្រិត​នៃ​ភាព​ខ្លាំងក្លា និង​ចំណុច​ល្អ​របស់​លោក​នៅ​តែ​ខ្លាំង ។ លោក​បាន​ក្លាយជា​ដៃគូ​យ៉ាង​សក្តិ​សម​សម្រាប់​ពេល​នេះ ជាមួយ​កីឡាករ​ផា​ន់ សុវណ្ណ ។ ក្រុម​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់ មានការ​ប៉ាន់​ស្មានថា នូវ ស៊ី​ថា ល្អ​ជាង​ផា​ន់ សុវណ្ណ បើ​ទោះជា​ផា​ន់ សុវណ្ណ ធ្លាប់​គ្រប់គ្រង​តំណែង​ជា​ជើង​ខ្លាំង​មិនធម្មតា​កាលពី​អតីតកាល​។ ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​កក្រើក​យ៉ាង​ហោច ក៏​មួយ​ជ្រុង​តូច​នៅ​ក្នុង​ពិភព​ប្រដាល់​ដែរ ។ ម្នាក់​ៗ​យល់​ស្របគ្នា​ថា អ្នក​ទាំង​ពីរ​ពិតជា​ប្រឹង​វាយ​គ្នា​អស់ពី​សមត្ថភាព ដោយសារ ផា​ន់ សុវណ្ណ ដែល​ចុះ​ខ្សោយ​បន្តិច​ក៏​ត្រូវការ​សាង​គ្រឹះ​កេរ្តិ៍ឈ្មោះ​ត្រឡប់​មក​វិញ ខណៈ​ដែល នូវ ស៊ី​ថា ឯណោះ​វិញ ក៏​ត្រូវការ​បង្កើន​ទីផ្សារ និង​ភាព​ខ្លាំង​របស់​ខ្លួន​បង្អួត​សិស្ស​ច្បង​ដែរ ។

ផា​ន់ សុវណ្ណ អះអាង​ថា ក្នុង​កាលៈទេសៈ​ការ​ប្រដាល់​កំពុង​មានការ​រីក​ចម្រើន លោក​នឹង​ស្ទុះស្ទា​បង្ហាញខ្លួន​ឱ្យ​បាន​ញឹកញាប់​ត្រឡប់​មក​ប្រមូល​ថវិកា និង​វាត​យក​កេរ្តិ៍​ឈ្មោះ​​ឱ្យ​ខ្លាំង​ដូច​ដើម​។ ជាមួយនឹង​ការ​តាំងចិត្ត​នេះ មានការ​យល់​ស្រប​ជា​ច្រើន​ថា លោក​ពិតជា​ខំ​យកឈ្នះ នូវ ស៊ី​ថា ជាក់​ជា​មិន​ខាន ។ មិន​ខុស​គ្នា​ទេ នូវ ស៊ី​ថា ឯណោះ​​វិញ ក៏​តាំងចិត្ត​ដូច​គ្នា​នោះ​ដែរ ដោយ​មិន​សុខចិត្ត​ចាញ់ ផា​ន់ សុវណ្ណ ដោយ​ងាយ បើ​ទោះជា ផា​ន់ សុវណ្ណ ត្រូវ​គេ​មើលឃើញ​ថា​មាន​ផ្លែ​ដៃ​ល្អ​ជាង ។ នៅ​លើ​​សង្វៀន​ដដែល​នោះ​ដែរ ក៏​មានការ​ប៉ះ​គ្នា​រវាង​កីឡាករ​ជើង​ខ្លាំង​មួយគូ​ទៀត​ផង​ដែរ គឺ​កីឡាករ​កែវ វិ​រៈ មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ សល់ ប៊ុ​ន​ហូ​វ មក​ពី​ក្លិប​កុសល​កីឡា ។ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​មិន​ណ​យ​នោះ​ដែរ នៅ​ក្នុង​ពិភព​អ្នក​តាមដាន​ការ​ប្រកួត​កីឡាប្រដាល់ ៕