ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំបាប់​កម្ពុជា​ត្រឡប់​មក​វិញ​ជាមួយ​មេដាយ​4​គ្រឿង​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន​-​អូស្ត្រាលី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​ប្រតិភូ​កីឡា​ចំបាប់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ តុលា បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ ដោយ​បាន​ពាំនាំ​នូវ​មេដាយ​ចំនួន​៤​គ្រឿង​ជូន​ជាតិ​ពី​ការ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ាន​-​អូស្ត្រាលី (The SEA & Australian Wrestling Championship) នៅ​ប្រទេស​សិង្ហ​បុរី ។

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​ប្រតិភូ​កីឡា​ចំបាប់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ តុលា បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ ដោយ​បាន​ពាំនាំ​នូវ​មេដាយ​ចំនួន​៤​គ្រឿង​ជូន​ជាតិ​ពី​ការ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ាន​-​អូស្ត្រាលី (The SEA & Australian Wrestling Championship) នៅ​ប្រទេស​សិង្ហ​បុរី ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ពេល​នោះ ក្រុម​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក​បុ​៉​ន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​មន្ត្រី​កីឡា​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ លោក​ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ផង​នោះ បានឱ្យ​ដឹង​ថា កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំបាប់​៦​រូប និង​កីឡាការិនី​៦​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា The SEA & Australian Wrestling Championship  នៅ​ប្រទេស​សិង្ហ​បុរី ដែល​មាន​ប្រទេស​ចំនួន​៧​ចូលរួម គឺ​សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី​, កម្ពុជា​, ថៃ​, វៀតណាម​, ហ្វី​លី​ពី​ន និង​អូស្ត្រាលី ។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​៤​គ្រឿង ក្នុង​នោះ​មាស​១​គ្រឿង គឺ​កីឡាករ​ឌ​ន សៅ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៩៧​គីឡូក្រាម ។ មេដាយ​ប្រាក់​១​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាការិនី​ចូ​វ សុធា​រ៉ា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម លើ​វិញ្ញាសា​ចំបាប់​សេរី ។ រីឯ​មេដាយ​សំរឹទ្ធ​២​គ្រឿង​ទៀត​នោះ គឺ​១​គ្រឿង​ដណ្តើម​បាន​ដោយ​កីឡាករ​ឆាំ ពិ​ស៊ី​ន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​លើ​វិញ្ញាសា​ចំបាប់​ក្រិ​ច​កូ​រ៉ូ​មុ​ាំ​ង និង​១​គ្រឿង​ទៀត​ដណ្តើម​បាន​ដោយ​កីឡាករ​ចាប លឿន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៨៦​គីឡូក្រាម​លើ​វិញ្ញាសា​ចំបាប់​សេរី ។

ចំណែក​កីឡាករ​កាង​ដែន ពិសិដ្ឋ ប្រកួត​ចំបាប់​សេរី​ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម​, កីឡាករ​ជន ធូ ប្រកួត​ចំបាប់​ក្រិ​ច​កូ​រ៉ូ​ម៉ាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាម កីឡាករ​ងួ​ន មក​រា ប្រកួត​ចំបាប់​សេរី​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម កីឡាការិនី នី សំណាង ប្រកួត​ចំបាប់​សេរី​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម និង​កីឡាការិនី​ឌ​ន ស្រី​ម៉ៅ ប្រកួត​ចំបាប់​សេរី​ក្នុង​ប្រភេទ​ទម្ងន់​៥៣​គីឡូក្រាម ពុំ​ទទួល​បាន​មេដាយ​ឡើយ ។ ក្រោយ​ទទួល​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ខាងលើ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​នៅ​មី​យ៉ា​ន់​ម៉ា កីឡាករ​ឌ​ន សៅ បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ក្រោយ​ពី​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី យក​មក​ជូន​ជាតិ ។ ចំណែក​កីឡាការិនី ចូ​វ សុធា​រ៉ា ដែល​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​នៅ​មី​យ៉ា​ន់​ម៉ា​ដែរ​នោះ បាន​សម្តែង​ការ​សោកស្តាយ​ដោយសារ​នាង​ដណ្តើម​បាន​ត្រឹមតែ​មេដាយ​ប្រាក់ ដែល​មិនមែន​ជា​បំណងប្រាថ្នា​របស់​នាង ។

ទោះបីជា​យ៉ាងណា លទ្ធផល​ដែល​ទទួល​បាន​នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​កីឡា​ដ៏​មាន​សក្តានុពល​របស់​កម្ពុ​ជាមួយ​នេះ​អាច​ស្តារ​មុខមាត់​ឡើង​វិញ ក្រោយ​ពី​មិន​ទទួល​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ។ លទ្ធផល​ដ៏​ល្អ​នេះ​ធ្វើ​ឱ្យ​ក្រុម​កីឡាករ​-​កីឡាការិនី​កាន់តែ​មាន​ជំនឿ និង​មាន​កម្លាំងចិត្ត​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​ទៀត បើ​ទោះបីជា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី ក្រុមកីឡា​ចំបាប់​កម្ពុជា​មិន​បាន​ចូលរួម​ក្តី ៕