ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន ប៊ុ​ន​ថេ​ន បង្ហាញ​អត្តសញ្ញាណ​ជាតិ​លើ​សង្វៀន​ថៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ Thai Fight កាលពី​យប់​ថ្ងៃ​២៥ តុលា នៅ​ប្រទេស​ថៃ កីឡាករ​កម្ពុជា សេន ប៊ុ​ន​ថេ​ន បាន​ពាំនាំ​មោទនភាព​ជូន​ជាតិ​គួរ​ឲ្យ​សរសើរ​បន្ថែម​ពីលើ​ជ័យជម្នះ​លើ​រេញ​អន្តរជាតិ​មួយ​នេះ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​លោក​បាន​ទទួល​សិទ្ធិ​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ខ្លួន​ខុស​ពី​ការ​តម្រូវ​របស់​កម្មវិធី ដែល​ធ្លាប់​បង្ក​ឲ្យ​មានការ​រិះគន់​កាលពី​ឡើង​ប្រកួត​លើក​មុន ។

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ Thai Fight កាលពី​យប់​ថ្ងៃ​២៥ តុលា នៅ​ប្រទេស​ថៃ កីឡាករ​កម្ពុជា សេន ប៊ុ​ន​ថេ​ន បាន​ពាំនាំ​មោទនភាព​ជូន​ជាតិ​គួរ​ឲ្យ​សរសើរ​បន្ថែម​ពីលើ​ជ័យជម្នះ​លើ​រេញ​អន្តរជាតិ​មួយ​នេះ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​លោក​បាន​ទទួល​សិទ្ធិ​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ខ្លួន​ខុស​ពី​ការ​តម្រូវ​របស់​កម្មវិធី ដែល​ធ្លាប់​បង្ក​ឲ្យ​មានការ​រិះគន់​កាលពី​ឡើង​ប្រកួត​លើក​មុន ។

សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​របស់​ថៃ​មួយ​នេះ មិន​មាន​កីឡាករ​របស់​ប្រទេស​ណាមួយ​គេច​ផុត​ពី​ការ​ពាក់​ឈ្នួត​លើ​ក្បាល​និង​ថ្វាយបង្គំ​ស្ដេច​ថៃ​ឡើយ​នៅ​មុន​ពេល​ពួក​គេ​ម្នាក់​ៗ​ឡើង​សង្វៀន​ប្រកួត ។ សេន ប៊ុ​ន​ថេ​ន ធ្លាប់​ត្រូវ​ថ្មោង​របស់​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា រឿង​ពាក់​ឈ្នួត​ដូច​ជា​ជនជាតិ​ថៃ​យ៉ាង​ចាស់ដៃ បន្ថែម​លើ​ការ​បរាជ័យ​ក្រោម​ដៃ​របស់​កីឡាករ​បារាំង​Antoine Pinto កាលពី​ថ្ងៃ​ទី​១៦ សីហា ។ វិល​មក​កាន់ការ​ប្រកួត​របស់​លោក នៅ​ក្នុង​ព្រឹត្តិការណ៍​Thai Fight លើក​នេះ​វិញ សេន ប៊ុ​ន​ថេ​ន មិន​ត្រឹមតែ​អាច​ឈ្នះ​កីឡាករ​ជប៉ុន Takeru Shimizu ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ទេ គឺ​បាន​ទាំង​ពាក់​ឈ្នួត​ក្រមា ឬ​កូនកន្សែង​ខុស​គេ​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​នៅ​លើ​រេញ​របស់​ថៃ​មួយ​នេះ​ទៀត​ផង ជំនួស​ឲ្យឈ្នួត​កង​រង្វង់​របស់​ថៃ ដែល​ធ្លាប់​តម្រូវ​ឲ្យ​លោក​ពាក់​លើ​ក្បាល​កាលពី​លើក​មុន ។ ការ​ផ្លាស់​ប្ដូរ​របស់​លោក​គឺជា​ការ​ប្រយ័ត្នប្រយែង​មួយ​ថ្មី បន្ទាប់​ពី​ភ្លាត់​ឲ្យ​មានការ​វាយ​សំពង​ដោយ​ក្រុម​អ្នកគាំទ្រ និង​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ព្រោះតែ​រឿង​ពាក់​ឈ្នួត​តាម​លំនាំ​របស់​កីឡាករ​ថៃ ដោយ​មិន​គិត​ពី​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​នោះ ។ ក្រុម​អ្នក​តាមដាន ហាក់​មិនសូវ​ភ្ញាក់ផ្អើល​រឿង​សេន ប៊ុ​ន​ថេ​ន ឈ្នះ​កីឡាករ​ជប៉ុន​លើ​រេញ​Thai Fight ប៉ុន្មាន​ឡើយ ប៉ុន្តែ​ម្នាក់​ៗ​បាន​សម្ដែង​ការ​ត្រេកត្រអាល​ចំពោះ​ទ​ង្វើ​របស់​លោក​អាច​ប្រើ​ក្រមា​ធ្វើ​ឈ្នួត​ក្បាល​ជំនួស​ឲ្យ​ឈ្នួត​របស់​ថៃ​នោះ​ច្រើន​ជាង ។ នេះ​ជា​ហេតុផល​បញ្ជាក់​ថា​ភាគី​ថៃ ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ទទួលស្គាល់​អត្តសញ្ញាណ​របស់​ខ្មែរ និង​បើក​សិទ្ធិ​ឲ្យ​កីឡាករ​កម្ពុជា បង្ហាញ​ពី​អ្វី​ដែល​ជា​ក្បាច់គុន​ខ្មែរ​ពិតប្រាកដ​នៅ​លើ​សង្វៀន​របស់​ខ្លួន ។

សេន ប៊ុ​ន​ថេ​ន ត្រូវ​បាន​បង្ហោះ​ពី​ជោគជ័យ​លើ​កីឡាករ​Takeru Shimizu របស់​ជប៉ុន​តាំងពី​ការ​ប្រកាស​តាម​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​កម្ពុជា និង​ប៉ុស្ដិ៍​លេខ​៣​ថៃ ថា​ឈ្នះ​ពិន្ទុ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ភ្លាម​ៗ​ម្លេ​៉ះ ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​គឺ​នៅ​ពេល​ដែល​លោក​អាច​បង្ហាញ​ទង់ជាតិ និង​អត្តសញ្ញាណ​ជាតិ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​នៅ​លើ​រេញ​ពិភពលោក​មួយ​នេះ ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នេះ​មានការ​ចូលរួម​ដោយ​កីឡាករ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ មក​ពី​អាហ្វ្រិក​ខាងត្បូង បារាំង  កម្ពុជា និង​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ចំនួន​៨​គូ​ស្នើ​នឹង​១៦​នាក់ ។ ការ​ប្រកួត​ប្រចាំ​ខែតុលា​នេះ មាន​គូ​បរទេស​សុទ្ធតែ​សំខាន់​ៗ និង​ប្រយុទ្ធ​គ្នា​ល្អមើល​ទាំងអស់​បើ​ទោះជា​ការ​ប្រកួត​របស់ សេន ប៊ុ​ន​ថេ​ន និង​កីឡាករ​ជប៉ុន បាន​ទាញអារម្មណ៍​ទស្សនិកជន​ខ្មែរ ឲ្យ​ផ្ដោត​ការ​តាមដាន​ច្រើន​ជាង​គូ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទាំងនោះ ។ ក្រុម​អ្នក​ធ្លាប់តែ​រិះគន់ បង្ហាញ​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង ចំពោះ សេន ប៊ុ​ន​ថេ​ន ដោយ​បាន​ទាំង​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា លោក​ស័ក្ដិ​សមជា​ជើង​ខ្លាំង​ពិត​ៗ ក្នុង​ការ​បង្ហាញ​ពី​ក្បាច់គុន​ខ្មែរ នៅ​លើ​រេញ​អន្តរជាតិ​Thai Fight ទៀត​ផង ។ ជ័យជម្នះ​របស់​លោក​ថ្វី​ដ្បិតតែ​មានការ​ចំអក​ថា​ឈ្នះ​លើ​កីឡាករ​ជើង​ថ្មី​ដែល​មិន​ទាន់​មានបទពិសោធន៍​ច្រើន​ដូច​ខ្លួន ក៏​បាន​ជួយ​ឲ្យ​កីឡាករ​រូប​នេះ​ពោរ​ពេញ​ដោយ​មោទនភាព​លើ​ឆាក​អន្តរជាតិ និង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មាន​បរទេស​ស្គាល់​ពី​ក្បាច់គុន​ដូនតា​ជាង​មុន​ផង​ដែរ​។

ជោគជ័យ​របស់​សេន ប៊ុ​ន​ថេ​ន គឺជា​ជោគជ័យ​មួយ​ថ្មី​របស់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ស៊ន សៀវ​ម៉ី ទើប​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​ច្បាស់​ជាង​មុន តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​Asian Game និង​កញ្ញា​នូ ទឹម​ស្រី​នាថ ទើប​ដណ្ដើម​បាន​ចំណាត់ថ្នាក់​ប្រជាប្រិយភាព​ក្នុង​ការ​ប្រឡង​កញ្ញាឯក​ពិភពលោក​Miss Grand International មុន​នេះ ៕