ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ៤

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេ​៤ ត្រូវ​បាន​បិទ​ចរាចរណ៍​ទាំងស្រុង​អស់​មួយ​កំណាត់​ថ្ងៃ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ដោយសារ​តែ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ហ្គ្រែ​ន​ធ្វី​ង​(​ឃ្យូ​អឹ​ម​អាយ​) ចំនួន ៥.៥០០​នាក់ បាន​ធ្វើ​កូដកម្ម​បិទផ្លូវ​ទាមទារ​លក្ខខណ្ឌ​ការងារ ។ បើ​ទោះបីជា​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ណែនាំ​និង​សំណូមពរ​ឲ្យ​បើកផ្លូវ​ឡើង​វិញ​ក៏​កម្មករ​ទាំងនោះ​មិន​ព្រម​ដែរ ។

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេ​៤ ត្រូវ​បាន​បិទ​ចរាចរណ៍​ទាំងស្រុង​អស់​មួយ​កំណាត់​ថ្ងៃ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ដោយសារ​តែ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ហ្គ្រែ​ន​ធ្វី​ង​(​ឃ្យូ​អឹ​ម​អាយ​) ចំនួន ៥.៥០០​នាក់ បាន​ធ្វើ​កូដកម្ម​បិទផ្លូវ​ទាមទារ​លក្ខខណ្ឌ​ការងារ ។ បើ​ទោះបីជា​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ណែនាំ​និង​សំណូមពរ​ឲ្យ​បើកផ្លូវ​ឡើង​វិញ​ក៏​កម្មករ​ទាំងនោះ​មិន​ព្រម​ដែរ ។

ការ​បិទផ្លូវ​ជាតិ​លេខ​៤​ដែល​ជា​ផ្លូវ​ដ៏​មមាញឹក​បំផុត​មួយ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​២៤ តុលា ចាប់ពី​ម៉ោង​៧​និង​៣០​នាទី នៅ​ត្រង់​ចំណុច​កែង​ផ្លូវ​បេតុង​ចូល​រោងចក្រ​ខាងលើ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​នោះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​សំខាន់​គឺ ៖

១-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​បាយ​ថ្ងែ​ត្រង់​៥.០០០​រៀល ។
២-​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​លុយ​ថ្លៃ​បាយ ធ្វើការ​ថែម​ម៉ោង​ក្នុង​១​ម៉ោង​ចំនួន​២.០០០​រៀល ។
៣-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​បាយ​ធ្វើការ​ថែម ម៉ោង​នៅ​ថ្ងៃ​បុណ្យ​និង​ថ្ងៃអាទិត្យ​ក្នុង​១​ម៉ោង​២០០០​រៀល ។
៤-​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​លើកទឹកចិត្ត​ដល់​កម្មករ​ណា​ដែល​បំពេញការងារ​បាន​ពេញ​ចំនួន​២៦​ថ្ងែ​មិន​ដែល​ឈប់​សោះ​ចំនួន​១០​ដុល្លារ​ក្នុង​១​ខែ ។
៥-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​សោហ៊ុយ​ថ្លៃ​ស្នាក់​នៅ​ក្នុង​១​ខែ​១៥​ដុល្លារ ។

ក្រុម​កម្មករ​បាន​បន្ត​ថា រោងចក្រ​កាត់ដេរ​ហ្គ្រែ​ន​ធ្វី​ង (​ឃ្យូ​អឹ​ម​អាយ​) មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មករ​បម្រើ​ការងារ​ចំនួន​៥.៥០០​នាក់ ។ ការ​តវ៉ា​នេះ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២១ ខែតុលា មក​ម្លេ​៉ះ ប៉ុន្តែ​ដោយសារ​មិន​មាន​ដំណោះស្រាយ​តាម​ការ​ទាមទារ​ខាងលើ​នោះ ទើប​ពួក​គេ​នាំ​គ្នា​ធ្វើការ​តវ៉ា​រហូត​មក ។ មិនតែប៉ុណ្ណោះ​ពេល​នេះ​ការ​បិទផ្លូវ​ក៏​មិន​មាន​បំណង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នោះ​ទេ គឺ​ដើម្បី​ព​ន្លឿ​ន​ឲ្យ​មានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​តែ​ប៉ុណ្ណោះ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ក្រុម​កម្មករ​ទាំងនោះ​ធ្វើការ​តវ៉ា​តែ​នៅ​ខាង​មុខ​រោងចក្រ​ប៉ុណ្ណោះ ហើយ​ក៏​មានការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​មិន​ត្រូវ​គ្នា ទើប​ក្រុម​កម្មករ​ចេះ​តែ​បន្ត​ធ្វើការ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ​រហូត​នាំ​គ្នា​ឡើង​បិទផ្លូវ​ជាតិ​លេខ​៤​តែ​ម្ដង​។ ក្រុម​កម្មករ​ទាំងនោះ​បាន​នាំ​គ្នា​កាន់​បដា​ឈរ​ត្រៀបត្រា​នៅ​លើ​ផ្លូវ និង​ដាក់​មេក្រូ​ស្រែក​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅ​លើ​ផ្លូវជាតិ​លេខ​៤​នោះ​បណ្ដាល​ឱ្យ​កំណាត់​ផ្លូវជាតិ​នេះ​ត្រូវ​ស្ទះចរាចរណ៍​អស់​មួយ​កំណាត់​ថ្ងៃ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​ក្រុម​កម្មករ​នាំ​គ្នា​រំសាយ​បើកផ្លូវ​ឡើង​វិញ រង់ចាំ​ស្ដាប់​ការ​ដោះស្រាយ ហើយ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​នោះ​បាន​រលូន​ឡើង​វិញ​ដែរ ។ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ព្រមាន​ថា​នឹង​បន្ត​ធ្វើការ​បិទផ្លូវ​ជា​ថ្មី​ម្ដងទៀត ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ទៅ​តាម​ការ​ទាមទារ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​ដែល​ក្រុម​កម្មករ​ធ្វើការ​តវ៉ា​បិទផ្លូវ​នោះ យានយន្ត​គ្រប់​ប្រភេទ​មួយ​ចំនួន​ត្រូវ​ជាប់​គាំង និង​មួយ​ចំនួន​ទៀត​បាន​បង្វែរ​ទិស​ទៅ​តាម​ផ្លូវ​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ​ទោះបីជា​បែ​បណាការ​បិទផ្លូវ​នេះ​បាន​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ​រាប់​ពាន់​នាក់ ដូច្នេះ​សូម​សំណូមពរ​ដល់​កម្មករ​ទាំងអស់​ត្រូវ​តែ​អត់ធ្មត់​ធ្វើការ​តវ៉ា​ទៅ​តាម​ច្បាប់ កុំ​ធ្វើ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​បែប​នេះ ។

កម្មករ​រោងចក្រ​ស្បែកជើង​ហ៊ុយ ចៀន លើកគ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ​ជា​ថ្មី​ដើម្បី​ទាមទារ​ប្រាក់​អ​តី​ភាព​ការងារ

ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយទៀត កម្មករ​-​កម្ម​ការី​នី​រោងចក្រ​ស្បែកជើង​ហ៊ុយ ចៀន ដែល​មា​នទី​តាំងនៅ​ភូមិ​ជ្រោយ​អម្ពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា បាន​នាំ​គ្នា​ជិះ​រថយន្ត​មក​កាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ជា​ថ្មី​ទៀត​ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ បន្ទាប់​ពី​រោងចក្រ​នេះ​បាន​ប្តូរ​ឈ្មោះ​ពី​«​ហ៊ុយ ចៀន​» ទៅ​ជា «​ចៀន ឡឹ​» ។ ការ​លើកគ្នា​មក​តវ៉ា​នេះ​គឺ​ក្រុម​កម្មករ​បាន​ជិះ​រថយន្ត​មក​ដល់​មុខក្រសួង​នៅ​វេលា​ម៉ោង​៩​ព្រឹក ហើយ​លើក​បដា និង​រូប​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ខ្លះ​បាន​កាន់​ចាន ឆ្នាំង ស្លាបព្រា ឈរ​និង​អង្គុយ វាយ​លាន់​រំពង​ក្នុង​គោលបំណង​ស្វែងរក​កិច្ច​អន្តរាគមន៍​និង​បញ្ជាក់​ថា ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព ខណៈ​ពេល​ដែល​ការ​ធ្វើ​កូដកម្ម​នេះ​មាន​រយៈពេល​ជាង​២​ខែ​មក​ហើយ​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ។

តាម​តំណាង​កម្មករ​បានឱ្យ​ដឹង​ថា កម្មករ​-កម្ម​ការី​នី​រោងចក្រ​ហ៊ុយ ចៀន មាន​ចំនួន​ជាង​១.២០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ​បាន​ប្តូរ​ឈ្មោះ​រោងចក្រ​ពី​«​ហ៊ុយ ចៀន »​ទៅ​ជា​«​ចៀន ឡឹ​» ។ ការ​ប្តូរ​ឈ្មោះ​រោង​ចក្រ​នេះ​ត្រូវ​បាន​ក្រុម​កម្មករ​ចោទប្រកាន់​ថា នេះ​ជា​ល្បិច​របស់​ថៅកែ​រោងចក្រ​ដែល​មាន​បំណងបញ្ចប់​កិច្ចសន្យា ទើប​ក្រុម​កម្មករ​ទាំងអស់​បាន​ផ្ទុះ​ការ​តវ៉ា​ឡើង​ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ ។

តាម​តំណាង​កម្មករ​បន្ត​ទៀត​ថា នៅ​ក្នុង​ការ​តវ៉ា​នេះ​ក្រុម​កម្មករ​បាន​តវ៉ា​នៅ​មុខ​រោងចក្រ​និង​លើកគ្នា​ជា​បន្តបន្ទាប់​មក​កាន់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋសភា ស្ថានទូត​ចិន និង​សមាគម​រោងចក្រ​កាត់ដេរ​ជា​ច្រើន​លើក​ហើយ​ត្រូវ​បាន​អង្គភាព​ពាក់ព័ន្ធ​ក៏​ដូច​លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង សន្យា​ថា នឹង​ជួយ​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​គិត​ប្រាក់​អតីតភាព​តាម​ច្បាប់​ការងារ​ខណៈ​ពេល​រោងចក្រ​នេះ​បាន​ប្តូរ​ឈ្មោះ​តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ ។ ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​ទើប​ពួក​គេ​លើកគ្នា​មក​ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ថ្មី​ម្តងទៀត ។ នៅ​ព្រឹក​នោះ ក្រុមការងារ​គណៈកម្ម​ការ​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅ​គ្រប់​មុខ​សញ្ញា ក៏​បាន​ហៅ​តំណាង​កម្មករ​-​កម្ម​ការី​នី​ចំនួន​១០​នាក់ ទៅ​ជួប​ប្រជុំ​ក្រោម​អធិបតីភាព​លោក​ប្រាក់ ចាន់​ធឿ​ន អគ្គលេខា​ធិការ​នៃ​គណៈកម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា ។ នៅ​ក្នុង​ជំនួប​នោះ​អង្គប្រជុំ​បាន​សម្រេច​ដូច​ខាងក្រោម​៖

១-​ក្រុមការងារ​នឹង​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដែល​មានការ​ចូលរួម​ពី​គ្រប់​ភាគី​និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​សំណើរ​បស់បងប្អូន​កម្មករនិយោជិត​ទៅ​តាម​ច្បាប់​ការងារ​។
២-​អង្គប្រជុំ​ស្នើ​ឱ្យ​បងប្អូន​កម្មករ និ​យោជិត​អត់ធ្មត់ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​សង្គម ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ។

ទោះបីជា​យ៉ាងណា ក្រុម​កម្មករ​-​កម្ម​ការី​នី​ហាក់ដូចជា​គ្មាន​ជំនឿ ព្រោះ​កន្លង​មក​ថៅកែ​រោងចក្រ​ហាក់ដូច​គ្មាន​ចេតនា​ក្នុង​ការ​ដោះស្រាយ ។ ក្រុម​កម្មករ​បាន​បន្ត​ប្រមូលផ្តុំ​គ្នា​រហូត​ដល់​ម៉ោង​ប្រមាណ​១​រសៀល​ទើប​បំបែក​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅ​ឋាន​​​វិញ។

កម្មករ​ស្បែកជើង​ជូ​ហួយ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​១២​ចំណុច
ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ថៅកែ​មិន​ព្រម​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​១២​ចំណុច​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ក្រុម​កម្មករ កម្មការិនី​រោងចក្រ​ស្បែកជើង​ជូ​ហួយ ដែល​មា​នទី​តាំងនៅ​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​ជា​ច្រើន​រយ​នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម និង​បុក​បា​រ៉ា​ស់​ទម្លាយ​ចំនួន​២​កន្លែង ថែម​ទាំង​បាន​ប្រើ​ដុំ​ថ្ម​គប់​ចូល​ទៅ​ក្នុង​បរិវេណ​រោងចក្រ បុ​៉​ន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​បាតុភាព​ទេ ។

លោក​វរសេនីយ៍ត្រី យ៉ែ​ម សុផល  អធិការរង​នគរបាល​ស្រុក​ជើងព្រៃ បានឱ្យ​ដឹង​ថា រយៈពេល​ជាង​១​ខែ​មក​ហើយ​ដែល​ក្រុម​កម្មករ កម្មការិនី​រោងចក្រ​ស្បែង​ជើង​ជួ​ហួយ នាំ​គ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​រោងចក្រ​ដែល​មាន​ចំនួន​រហូត​ដល់​ជាង​១០​ចំណុច ហើយ​ពេល​កន្លង​មក​ក៏​ធ្លាប់​បិទផ្លូវ​ជាតិ​មិន​ឱ្យ​រថយន្ត​បើក​ឆ្លងកាត់ និង​ដាក់​ធុងបាស់​រាំ​លេង​មិន​នាំ​គ្នា​ចូល​ធ្វើការ​ដែរ ។

លោក​អធិការរង​បន្ត​ថា ជាមួយ​នេះ ក្រុម​កម្មករ កម្មការិនី​ក៏​ធ្លាប់​នាំ​គ្នា​មក​តវ៉ា​ដល់​មន្ទីរ​ការងារ​ខេត្ត​ឱ្យ​ជួយ​អន្តរាគមន៍​ទៀត​ផង បុ​៉​ន្តែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ចេញ​តាម​ការ​ទាមទារ​ដដែល ។ ចំពោះ​សកម្មភាព​តវ៉ា​ធ្វើ​កូដកម្ម​មាន​ជា​ច្រើន​លើក ហើយ​ធ្លាប់​បាន​ផ្ទុះ​ហិង្សា​បណ្តាល​ឱ្យ​ជនជាតិ​ចិន​ចំនួន​២​នាក់​រង​របួស​ថែម​ទៀត ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ក្រុម​កម្មករ កម្មការិនី​ជា​ច្រើន​រយ​នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ និង​បាន​បុក​ទម្លាយ​បា​រ៉ា​ស់​ទី​១ និង​ទី​២ ចូល​ដល់​ក្នុង​បរិវេណ​រោងចក្រ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​រោងចក្រ បុ​៉​ន្តែ​មិន​បាន​លទ្ធផល ។ ការ​តវ៉ា​នេះ​ដឹកនាំ​ដោយ​តំណាង​កម្មករ​ចំនួន​១៥​នាក់​ដែល​ត្រូវ​សាលាដំបូង​ខេត្ត​កោះហៅ​សួរនាំ តែ​ក្រុម​នោះ​មិន​បាន​ទៅ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា រូប​លោក​បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ចំនួន​១០០​នាក់​សហការ​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ទៅ​ការពារ​រោងចក្រ​ជូ​ហួយ ។ លុះ​នៅ​ម៉ោងជាង​១១​ព្រឹក ក្រុម​កម្មករ កម្មការិនី ក៏​បាន​ទាមទារ​ឱ្យ​តំណាង​១៥​នាក់​នោះ​ដែល​ជា​សមាជិក​សហជីព​ស៊ី​ខៅ​ឌូ ដែល​ត្រូវ​បណ្តេញចេញ ឱ្យ​បាន​ចូល​ធ្វើការ​វិញ ព្រមទាំង​បាន​អុកឡុក​កម្មករ​ផ្សេង​ដែល​ចូល​ធ្វើការ​ផង​ដែរ ព្រោះ​ពេល​នោះ​មាន​អ្នកខ្លះ​ធ្វើ​បាតុកម្ម អ្នកខ្លះ​អត់​ចូលរួម​ធ្វើ​ទេ គិតតែ​ពី​បំពេញការងារ​របស់​ខ្លួន ៕