ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធាន​ទឹក​ព្រមាន​ចាប់​ខ្លួន​អ្នក​ជីក​កំណប់ ដែល​ធ្វើឱ្យ​​ប៉ះពាល់​​ទំនប់​សំណង់​អាង​កំពី​ងពួយ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តាម​រយៈ​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បានឱ្យ​ដឹង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្រមាន​ចាប់ខ្លួន​ជន​ណា​ដែល​ព្យាយាម​ជីក​កកាយ​ស្វែងរក​កំណប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​សំណង់​អាង​កំពីងពួយ បើ​ទោះជា​ជន​នោះ​ជា​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត ឬ​មក​ពី​ក្រៅ​ខេត្ត​ក្ដី ព្រោះ​តំបន់​សំណង់​អាង​កំពីងពួយ ស្ថិត​ក្រោម​ការ​អភិរក្ស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ខេត្តបាត់ដំបង ៖ តាម​រយៈ​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បានឱ្យ​ដឹង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្រមាន​ចាប់ខ្លួន​ជន​ណា​ដែល​ព្យាយាម​ជីក​កកាយ​ស្វែងរក​កំណប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​សំណង់​អាង​កំពីងពួយ បើ​ទោះជា​ជន​នោះ​ជា​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត ឬ​មក​ពី​ក្រៅ​ខេត្ត​ក្ដី ព្រោះ​តំបន់​សំណង់​អាង​កំពីងពួយ ស្ថិត​ក្រោម​ការ​អភិរក្ស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

លោក ឃុន សេង អនុប្រធាន​ការិយាល័យ​អភិរក្ស​ធនធានទឹក នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ថា ទីតាំង​ដែល​ជន​មួយ​ក្រុម​ប៉ង​ជីក​កកាយ​រក​កំណប់​នៅ​ក្បែរ​សំណង់​អាង​កំពីងពួយ​នោះ ត្រូវ​គេ​បិទ​ក្ដារ​ជិត​វិញ​ហើយ បន្ទាប់​ពី​បែកធ្លាយ​ផ្អើល​ពេញ​ខេត្ត ។ លោក​ថា របាយការណ៍​ស្ដី​អំពី​ជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកមាន​អំណាច​ក្នុង​ខេត្ត ចង់​ជីក​កកាយ​រក​កំណប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​សំណង់​អាង​កំពីងពួយ​នេះ លោក​បាន​រៀបចំ​បញ្ជូន​ទៅ​ក្រសួង​រួចរាល់​ហើយ ហើយ​ខាង​ក្រសួង​ក៏​មាន​វិធានការ​តាម​ផ្លូវច្បាប់​ផង​ដែរ​ចំពោះ​ជន​ប្រព្រឹត្ត ។

លោក ឃុន សេង បាន​បញ្ជាក់​ថា ក្រសួង​បាន​ព្រមាន​ចាប់ខ្លួន​បុគ្គល​ឬ​ក្រុម​ណា​ដែល​ហ៊ាន​ជីក​កកាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​សំណង់​កំពីងពួយ បើ​ទោះជា​ជីក​រក​កំណប់ ឬ​មិន​រក​កំណប់​ក្ដី ព្រោះ​តំបន់​សំណង់​អាង​កំពីងពួយ​ទាំងមូល ដែល​ជា​តំបន់​ទេស​ចរណ៍​ដ៏​ល្បី​ផង​នោះ គឺ​ស្ថិត​ក្រោម​ការ​អភិរក្ស​និង​ការ​ទទួលខុសត្រូវ​របស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ក្រុម​អ្នក​ស្វែងរក​កំណប់​ក្បែរ​សំណង់​អាង​កំពីងពួយ​នេះ បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ ។

សូម​បញ្ជាក់​ថា ជន​មួយ​ក្រុម​ដែល​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ដឹកនាំ​ដោយ​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលរង​ខេត្ត បាន​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ក្នុង​ការ​ធ្វើ​សកម្មភាព​ជីក​កកាយ​រក​កំណប់​នៅ​ខាងក្រោម​តូប​លក់​ម្ហូប​អាហារ​មួយ​កន្លែង​ចម្ងាយ​៥០​ម៉ែត្រ ពី​សំណង់​ទី​១ នៃ​ទំនប់​អាង​កំពីងពួយ ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ នៅ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ ក្រុម​ជន​ទុច្ចរិត​នេះ បាន​ប៉ុនប៉ង​ជីក​រក​កំណប់​នោះ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ឱ្យ​បាន​សម្រេច នៅ​យប់​ថ្ងៃ​ទី​២២​តុលា តែ​ចៃដន្យ​គម្រោងការ​ដ៏​ខ្មៅ​ងងឹត​នេះ​ត្រូវ​បាន​បែកធ្លាយ ដល់​មន្ទីរ​ធនធានទឹក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​ធនធានទឹក ចុះ​តាម​ឃ្លាំមើល និង​ព្រមាន​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ទៀត​ផង ខណៈ​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ និង​កម្លាំង​របស់​គាត់​មួយ​ចំនួន ត្រូវ​គេ​ដឹង​ថា​បាន​ជួបជុំ​ពិភាក្សា​គ្នា​នៅ​ក្នុង​សាលាឃុំ​តា​គ្រាម រីឯ​កម្លាំង​ស៊ីឈ្នួល​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​បង្កប់​ជា​ស្រេច​នៅ​តាម​ផ្ទះ​អ្នកស្រុក ក្បែរ​ទីតាំង​ជីក​កំណប់​នោះ ដើម្បី​រង់ចាំ​បញ្ជា​ពី​មេ​កើយ​ឱ្យធ្វើ​សកម្មភាព ។

តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​អាង​កំពីងពួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ថា មួយ​ថ្ងៃមុន​ពេល​ក្រុម​ជន​ទុច្ចរិត​រៀប​គម្រោង​ជីក​រក​កំណប់​ក្នុង​ទ្រង់ទ្រាយ​ធំ នា​រាត្រី​ថ្ងៃ​ទី​២២ តុលា គឺ​មាន​មនុស្ស​មក​ហាមប្រាម​មិន​ឱ្យ​ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅ​ក្បែរ​កន្លែង​ជីក​កំណប់​នោះ មានការ​ភ្ញាក់ផ្អើល​ឬ​ដើរ​ចេញពីផ្ទះ​ទេ គឺ​ត្រូវ​ស្ថិត​ក្នុង​ភាព​ស្ងាត់ស្ងៀម ទោះជា​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ឬ​មាន​មនុស្ស​ទៅ​ជីក​កកាយ​ដី​នៅ​ក្បែរ​សំណង់​ទី​១ នៃ​អាង​កំពីងពួយ​នេះ​ក្ដី ។ ប្រភព​ដដែល​បញ្ជាក់​ថា តាម​ពិត​គម្រោង​ទុច្ចរិត​នោះ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន ចុះ​ទៅ​ស្ទាបស្ទង់​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ មុន​ពេល​ធ្វើ​សកម្មភាព តែ​សំណាងល្អ​ដែល​សមត្ថកិច្ច​ខេត្ត ចុះ​រារាំង​និង​ទប់ស្កាត់​ទាន់​ពេលវេលា ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ពី​ការ​កត់់សម្គាល់​របស់​លោក​ដែរ​ថា នៅ​យប់​ថ្ងៃ​ទី​២២ តុលា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​សំណង់​ទី​១ ពិតជា​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​គ្មាន​មនុស្ស​ដើរ​ចេញពីផ្ទះ​មែន បើ​ទោះជា​កម្លាំង​របស់​លោក​ដើរ​ចុះឡើង​ព្រោងព្រាត​ពេញ​លើ​សំណង់​អាង​កំពីងពួយ​ក្ដី ។ លោក​ថា នៅ​យប់​ថ្ងៃ​ទី​២៣ តុលា លោកស្នងការ​ខេត្ត​ក៏​បាន​បញ្ជា​ឱ្យ​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដេក​យាម​ទីតាំង​ជីក​កំណប់​នោះ​បន្ត​ទៀត ស្រាប់តែ​គេ​ពិនិត្យ​ឃើញ​នៅ​តាម​ផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ​បាន​បើក​បំភ្លឺ​ភ្លើង និង​មាន​មនុស្ស​រស់នៅ​ព្រោងព្រាត​ខុស​ពី​យប់​ដំបូង ដែល​ក្នុងផ្ទះ​ងងឹត ហើយ​ស្ងាត់ជ្រងំ​ដូច​គ្មាន​មនុស្ស​រស់នៅ ។ លោក​សង្ស័យ​ថា ប្រហែលជា​មាន​មនុស្ស​រៀបចំ​មុន​មែនហើយ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា លោកស្នងការ​ខេត្ត​បាន​ចេញ​បញ្ជា​រួច​ហើយ ដោយ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​ចាំ​ឃ្លាំមើល​សកម្មភាព​ក្រុម​អ្នក​ស្វែងរក​កំណប់​នេះ​បន្ត​ទៀត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ លោក ឃុន សេង អនុប្រធាន​ការិយាល័យ​អភិរក្ស​ធនធានទឹក នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ដែល​គ្រប់គ្រង​តំបន់​អាង​កំពីងពួយ​ក៏​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ខាង​មន្ទីរ​ធនធានទឹក​ខេត្ត​ក៏​បាន​រៀប​វិធានការ​ក្នុង​ការ​តាម​ឃ្លាំមើល​សកម្មភាព​ក្រុម​ជន​ទុច្ចរិត​មួយ​ក្រុម​នេះ​ជា​ប្រចាំ​ផង​ដែរ ។ លោក​ថា ក្រសួង​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​តែ​ម្ដង ចំពោះ​ជន​ណា​ដែល​ថ្លើមធំ​ហ៊ាន​លួច​ជីក​កកាយ​ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនប់​ឬ​សំណង់​អាង​កំពីងពួយ ។

ទោះជា​យ៉ាងណា បើ​តាម​ប្រភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្វែងរក​កំណប់​កំពុង​ព្យាយាម​បិទ​បាំង​រឿងអាស្រូវ​របស់​ខ្លួន និង​រក​វិធីសាស្ត្រ​ឆ្លើយ​ដោះ​បន្ទុក ដោយ​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សាលាឃុំ​តា​គ្រាម ទេ ។ ប៉ុន្តែ​ចម្លើយ​ប្រដេញ​ដាក់​គ្នា​នេះ ហាក់ដូច​មិន​ស៊ីសង្វាក់​គ្នា​ទេ ព្រោះ​មាន​ជន​ខ្លះ​ឆ្លើយ​ជាន់កែង​ខ្លួនឯង​ទៀត​ផង ។ ដូច្នេះ​បើ​ចង់​ស្រាវជ្រាវ​ឱ្យ​ដឹង​ការ​ពិត ប្រហែល​ត្រូវ​សួរនាំ​លោក​មេឃុំ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហើយ ទើប​ដឹង​ការ​ពិត ៕