ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​បញ្ចប់​ដោយ​ជោគជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ UNESCO អង្គការ WADA SEARADO និង​អង្គការ JADA នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា កន្លង​មក​នោះ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ តុលា ។

រាជធានី​ភ្នំពេញ ៖ សិក្ខាសាលា​ស្តី​ពី​ការ​យល់​ដឹង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ UNESCO អង្គការ WADA SEARADO និង​អង្គការ JADA នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា កន្លង​មក​នោះ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ តុលា ។

សិក្ខាសាលា​រយៈពេល​៣​ថ្ងៃនេះ​មាន​សិក្ខាកាម​៣៧២​នាក់​ចូលរួម និង​មាន​លោក Gobi Nathan Nair នាយក​ប្រតិបត្តិ​អង្គការ WADA SEARADA, លោក Yaya Yamamoto ប្រធាន​ជាន់ខ្ពស់​អង្គការ JADA លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស្តើង ជា មន្ត្រី​វេជ្ជសាស្ត្រ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​, លោកស្រី​វេជ្ជបណ្ឌិត ហួត ចាន់​ធានី អនុប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ និង​លោក​អិុ​ត ឡេ​ង ប្រធាន​ការិយាល័យ​ទីភ្នាក់ងារ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ជា​គ្រូ​ឧទ្ទេសនាម​ធ្វើ​បទ​បង្ហាញ ។

បទ​បង្ហាញ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការ​បង្កើត​ទីភ្នាក់ងារ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​, ទស្សនៈ​ទូទៅ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ចំពោះ​ការ​ប្រឆាំង​ដូ​ប៉ា​, គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​, ការ​ផ្តល់​ព័ត៌មាន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ច្បាប់​ប្រឆាំង​ដូ​ប៉ា​, ការ​លើកលែង​ប្រើប្រាស់​ចំពោះ​ការ​ព្យាបាល​, ការ​ពិនិត្យ​សារធាតុ​ដូ​ប៉ា​, ការ​ណែនាំ​អំពី​ការ​អប់រំ និង​ការ​ផ្តល់​ព័ត៌មាន WADA Webpage and NADO Webpage និង​កម្មវិធី​បែងចែក​ព័ត៌មាន និង​ការ​អប់រំ​របស់​ជ​ប៉ុ​ន ។

លោក​ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឡើង​រាយការណ៍​ពី​លទ្ធផល​សិក្សា​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​ថា សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ ពិតជា​បាន​ចូលរួម​យ៉ាង​ផុសផុល និង​យកចិត្តទុកដាក់​ទទួល​បាន​នូវ​ចំណេះដឹង​ល្អ​ពី​គ្រូ​ឧទ្ទេសនាម ជា​ពិសេស​អ្នក​ដែល​មាន​បទ​ពិសោធ​បាន​ធ្វើការ​ចែករំលែក​នូវ​ចំណេះដឹង និង​បទ​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ឱ្យ​សិក្ខាកាម​ដែល​ចូលរួម​បាន​គិត​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា និង​គ្រឿងញៀន​ដែល​មាន​គ្រោះថ្នាក់​ដល់​សុខភាព ។

ការ​ប្រឆាំង​សារធាតុ​ដូ​ប៉ា និង​គ្រឿងញៀន​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អាជ្ញាធរ​ជាតិ និង​អន្តរជាតិ​នៅ​គ្រប់​កម្រិត ពី​សំណាក់​ឪពុក​ម្តាយ អ្នក​អប់រំ គ្រូពេទ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ គ្រូបង្វឹក អ្នកគ្រប់គ្រង​អត្ត​ព​លិ​ក និង​ខ្លួន​ពួក​គេ​ផ្ទាល់​ដើម្បី​ធានា​បាន​ថា ពួក​គេ​ទាំងអស់​នឹង​គោរព​តាម​គោលការណ៍​ដែល​មាន​ស្រាប់ និង​ធម្មនុញ្ញ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ប្រឆាំង​សារធាតុ​ដូ​ប៉ា និង​គ្រឿងញៀន ។

លោក​ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា​នេះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ការ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ក្នុង​វិស័យ​កីឡា ត្រូវ​បាន​អង្គការ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា​ដែល​គ្រប់គ្រង​ការ​ប្រកួត​កំណត់​ថា គឺជា​ការ​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​ចាត់​ទុក​ថា គ្មាន​ក្រមសីលធម៌ ព្រោះ​ជា​ទ​ង្វើ​ដែល​អាច​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង និង​ការ​សម្តែង​របស់​ដៃគូ​ទទួល​បាន​នូវ​ភាព​អយុត្តិធម៌ ជា​ពិសេស​បង្កើត​ហានិភ័យ​ផ្នែក​សុខភាព និង​ការ​អនុវត្ត​ការ​លើកកម្ពស់​សមភាព​នៃ​ឱកាស​សម្រាប់​អត្ត​ព​លិ​ក ហើយ​ក៏​ជា​ទ​ង្វើ​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​ការ​ប្រឆាំង​ទៅ​នឹង​វិញ្ញាណ​នៃ​កីឡា​ផង​ដែរ​។ លោក​បន្ត​ថា ក្រោយ​ពី​បាន​បញ្ចប់​វគ្គ​សិក្សា​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា មន្ត្រី​ជំនាញ កីឡាករ​-​កីឡាការិនី​របស់​យើង​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​អំពី​វិទ្យាសាស្ត្រ​កីឡា គោលការណ៍ Fair Play ការ​ប្រើប្រាស់​សមត្ថភាព ទេព​កោសល្យ និង​បច្ចេកទេស​យ៉ាង​ពិតប្រាកដ ពោល​គឺ​គ្មាន​ការ​ប្រើប្រាស់​សារធាតុ​បំប៉ន (​ដូ​ប៉ា​) ឬ​សេព​គ្រឿងញៀន​ដើម្បី​ទទួល​បាន​នូវ​ប្រៀប​ឈ្នះ​លើ​គូប្រកួត​នោះ​ឡើយ ។ ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​នៃ​ការ​ប្រកួត​ជា​ពិសេស គឺ​បាត់បង់​នូវ​កិត្តិយស​សង្គម​ជាតិ​ទាំងមូល ៕