ប្រភពយោធាស៊ីរីមួយរាយការណ៍កាលពីថ្ងៃទី២២ តុលា ថា កងទ័ពអាកាសស៊ីរី បានកម្ទេចយន្តហោះប្រដេញ២គ្រឿងនៅប្រើកើតដែលបណ្តាសមាជិកក្រុមរដ្ឋអ៊ិស្លាមដណ្តើមយកបាននៅឯមូលដ្ឋានអាកាសចរណ៍មួយ ស្ថិតនៅជិតក្រុងអាឡែប ភាគពាយ័ព្យប្រទេស ។
យោងតាមប្រភពនោះថា យន្តហោះប្រយុទ្ធទាំង២គ្រឿងនោះជាយន្តហោះចាស់ដែលពួករដ្ឋអ៊ិស្លាមដណ្តើមយកបាននៅមូលដ្ឋានអាកាសចរណ៍ Al-Jarrah ជិតក្រុងអាឡែប ។ សរុបពួករដ្ឋអ៊ិស្លាម ដណ្តើមយកបានយន្តហោះប្រដេញចាស់ៗ៣គ្រឿងនៅឯមូលដ្ឋានអាកាសចរណ៍នេះ ។ ពួករដ្ឋអ៊ិស្លាមសាកល្បងប្រើប្រាស់យន្តហោះទាំងនោះ ក៏ប៉ុន្តែកងទ័ពអាកាសស៊ីរីបានធ្វើការវាយប្រហារភ្លាមៗ ហើយកម្ទេចយន្តហោះ២គ្រឿង នៅព្រលានយន្តហោះនៃមូលដ្ឋាន Al-Jarrah ចំណែកយន្តហោះទី៣ ត្រូវពួករដ្ឋអ៊ិស្លាមលាក់ទុក ។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH ស្និទ្ធពួកប្រឆាំងស៊ីរី មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលមានបណ្តាញពួកអ្នកសង្កេតការណ៍នៅលើទីលានផ្ទាល់គូសបញ្ជាក់កាលពីថ្ងៃទី១៧ តុលា កន្លងមកនេះថា ពួករដ្ឋអ៊ិស្លាមមានយន្តហោះប្រយុទ្ធ៣គ្រឿង ធុន Mig-21 និងធុន Mig-23 ដែលអាចហោះហើរបាន ហើយត្រៀមប្រើប្រាស់នៅភាគខាងជើងស៊ីរី ។OSDH ក៏អះអាងផងដែរថា បណ្តាអតីតនាយទាហាននៃកងទ័ពរបស់អតីតប្រធានាធិបតីអុីរ៉ាក់ លោក សាដាម ហ៊ូសេន ដែលចូលបម្រើក្នុងជួររបស់អង្គការរដ្ឋអ៊ិស្លាម បច្ចុប្បន្នកំពុងបណ្តុះបណ្តាលបណ្តាយុទ្ធជនក្រុមរដ្ឋអ៊ិស្លាម នៅតាមមូលដ្ឋានយោធាស៊ីរីទាំងឡាយនៅខេត្តរ៉ាកា និងអាឡែប ភាគខាងជើង ប្រទេសស្ថិតក្រោមការត្រួតត្រារបស់ក្រុមនោះ ។ ពួកយុទ្ធជនរដ្ឋអ៊ិស្លាម ទទួលការបណ្តុះបណ្តាលបើកយន្តហោះប្រដេញនៅមូលដ្ឋាន Al-Jarrah ដែលពួកជីហាដយកធ្វើជាជំរំហ្វឹកហ្វឺន ៕
ចែករំលែកព័តមាននេះ