ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​21​ឆ្នាំ​ក្លាយជា​ជំទាវ​ទី​1​សហរដ្ឋអាមេរិក បីបាច់​ដូច​មា​-​ក្មួយ​តាំងពី​តូច​ក្លាយជា​ស្នេហា

9 ឆ្នាំ មុន

ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​តាំងពី​បង្កើត​រដ្ឋ​ដំបូង​រហូត​ដល់​សព្វថ្ងៃ នារី​ឈ្មោះ​Frances Cleveland នៅ​តែ​ជាប់​ឈ្មោះ​ជា​ជំទាវ​ទី​១​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត ។ ស្វាមី​របស់​លោក​ជំទាវ​ក្មេង​នេះ​គឺ​លោក Groves Cleveland ប្រធានាធិបតី​ទី​២២ និង​ទី​២៤ សហរដ្ឋអាមេរិក ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ឆ្នាំ​១៨៨៥​ដល់​ឆ្នាំ​១៨៨៩ និង​អាណត្តិ​ឆ្នាំ​១៨៩៣ ដល់​១៨៩៧ ។

ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​តាំងពី​បង្កើត​រដ្ឋ​ដំបូង​រហូត​ដល់​សព្វថ្ងៃ នារី​ឈ្មោះ​Frances Cleveland នៅ​តែ​ជាប់​ឈ្មោះ​ជា​ជំទាវ​ទី​១​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត ។ ស្វាមី​របស់​លោក​ជំទាវ​ក្មេង​នេះ​គឺ​លោក Groves Cleveland ប្រធានាធិបតី​ទី​២២ និង​ទី​២៤ សហរដ្ឋអាមេរិក ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ឆ្នាំ​១៨៨៥​ដល់​ឆ្នាំ​១៨៨៩ និង​អាណត្តិ​ឆ្នាំ​១៨៩៣ ដល់​១៨៩៧ ។

Frances Clara Folsom កើត​ថ្ងៃ​ទី​២១ កក្កដា ១៨៦៤ នៅ​ប៊ុល​ហ្វា​ឡូ ញូ​វ​យ៉​ក ។ លោក Oscar Folsom ឪពុក​របស់​នាង​ប្រកប​មុខរបរ​មេធាវី ជា​ជនជាតិ​អង់គ្លេស ដំបូង​ៗ​ដែល​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ទៅ​រស់នៅ​ដែនដី​អា​មេ​រិ​ក​ខាងជើង​នា​សតវត្ស​ទី​១៧ ។ ដោយហេតុ​ប្អូនស្រី​របស់​នាង​បាន​បាត់បង់​ជីវិត​ពេល​ទើប​កើត​បាន​មួយ​ថ្ងៃ ហេតុនេះ Frances ត្រូវ​ស្នង​មរតក​គ្រួសារ​តែ​ម្នាក់ឯង​គត់ ។ ប្រការ​គួរ​ឱ្យ​អស់សំណើច​មួយ គឺ​កុមារី​អនាគត​ជំទាវ​រូប​នេះ​កាលពី​តូច​គេ​ហៅ​ឈ្មោះ​ជា​ប្រុស​ថា «FranKៗ»​ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​ឪពុកមា​របស់​នាង លុះ​ក្រោយមក​មួយ​រយៈ​ទើប​គ្រួសារ​ដាក់​ឈ្មោះ Frances ជា​ឈ្មោះ​ស្រី​វិញ ។

អនាគត​ស្វាមី​របស់​Frances គឺ​Grover Cleveland  កាល​មិន​ទាន់​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រកប​របរ​មេធាវី​ដូច​លោក​Osar Folsom  ឪពុក​របស់​នាង​ដែរ ហើយ​អ្នក​ទាំង​ពីរ​ថែម​ទាំង​ជា​មិត្ត​សិ្ន​ទ្ធ​ស្នាល​នឹង​គ្នា​ទៀត ។ ហេតុនេះ​ទើប​Grover Cleveland បាន​រួមចំណែក​បីបម​ថែរក្សា​អនាគត​ភរិយា​ខ្លួន​តាំងពី​ពេល​នាង​ទើប​កើត​ក្រហម​រងាល ប្រៀប​បាន​ឪពុកមា​ចិត្តល្អ​ម្នាក់​ជួយ​បីបាច់​ក្មួយ​ស្រី​សម្លាញ់​។ ជា​ចៃដន្យ​ឆ្នាំ​១៨៧៥ ស្រាប់តែ​លោក​Osar Folsom  ជួប​គ្រោះថ្នាក់​ចរាចរ​អស់​ជីវិត​ដោយ​អត់​បាន​បន្សល់​ទុក​បណ្ដាំ​មរតក​អ្វី​សោះ លោក​Grover Cleveland ក៏​សុំ​ទទួល​ភារកិច្ច​បីបាច់​Frances ដោយ​ខ្លួនឯង​ទាំងស្រុង ខណៈ​កុមារី​រូប​នេះ​ក្លាយជា​ក្មេង​ស្រី​កំព្រា​ឪពុក​ក្នុង​អាយុ​១១​ឆ្នាំ​។ ក្រោយមក​ម្ដាយ​របស់​Frances យកប្ដី​ទៀត តុលាការ​ជំនាន់​នោះ​សម្រេច​ឱ្យ​Grover Cleveldan គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​ប្រគល់​ឱ្យ Frances ពេល​នាង​ធំ​ពេញវ័យ ។

ភ្លើង​ជិត​ចំបើង រវាង​ឪពុកមា​ចិញ្ចឹម​និង​ក្មួយ​ស្រី​កំពុង​បែក​សាច់​ស្រស់​ស្អាត​ចាប់ផ្ដើម​មាន​ក្លិន​ស្នេហា​បក់​ជ្រៀត​ជ្រែកចូល​បន្តិច​ម្ដង​ដោយ​មិនដឹង​ខ្លួន ថ្វីបើ​អ្នក​ទាំង​ពីរ​នេះ​មាន​អាយុ​ខុស​គ្នា​ជិត​៣០​ឆ្នាំ​ក៏​ដោយ ។ ក្នុង​រយៈពេល​Frances ចូល​រៀន​នៅ​សាលា​Wells Collge អនាគត​ប្រធានាធិបតី​រូប​នេះ​ទ្រាំ​លែង​បាន​ក៏​បញ្ចេញ​ទឹកចិត្ត​ស្នេហា​តាម​រយៈ​ពន្លឺ​ភ្នែក​ចំពោះ​ក្មួយ​ក្រមុំ​ដែល​ធ្លាប់​បីបាច់​ថើប គ្រូក​ៗ ធ្លាប់​ចិញ្ចឹម​បីបាច់​តាំងពី​តូច​ដល់​ធំ ។ ខែសីហា ១៨៨៥ (​ពេលវេលា​ដែល​Grover Cleveland បាន​ធ្វើ​ម្ចាស់​សេត​វិមាន​) Franees កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទ្វីបអឺរ៉ុប​ជាមួយ​ម្ដាយ ស្រាប់តែ​នាង​ទទួល​សំបុត្រ​សុំ​រៀប​ការ​ពី​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​Grover Cleveland  ។ ត្រឡប់​មក​ដល់​អា​មេ​រិ​ក​វិញ​Franees  យល់ព្រម​ធ្វើ​ភរិយា​ប្រធានាធិបតី​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថ្វីបើ​ប្រុស​ម្នាក់​នេះ​ធ្លាប់​ហៅ​«​លោកមា​ៗ» ពេញមាត់​តាំងពី​ទើប​ចេះនិយាយ​ស្ដី​រហូត​ដល់​អាយុ​២១​ឆ្នាំ​ក្ដី ។ អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​ទៅ​ពេញ​៥​ថ្ងៃ នៅ​បន្ទប់​ខៀវ​របស់​សេត​វិមាន ។ នេះ​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​តែ​មួយ​គត់​ដែល​រៀបចំ​នៅ​សេត​វិមាន ។ កាល​មុន​ប្រធានាធិបតី​ទី​១០​របស់​សហរដ្ឋអាមេរិក​លោក​John Tyler ក៏​រៀប​អាពាហ៍ពិពាហ៍​ពេល​កំពុង​កាន់​អំណាច​អុ​ី​ចឹ​ង​ដែរ ព្រោះ​លោក​ជា​បុរស​ពោះម៉ាយ តែ​ពិធី​រៀប​អាពាហ៍ពិពាហ៍​លើក​ទី​ពីរ​នេះ​រៀបចំ​នៅ​ក្រុង​ញូ​វ​យ៉​ក ។ ភរិយា​ក្រោយ​របស់​លោក​អាយុ​តិច​ជាង​លោក​៣០​ឆ្នាំ ។

ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ប្រធានាធិបតី Grover Cleveland ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២ មិថុនា ១៨៨៦ ។ ពេល​នោះ​កូនក្រមុំ​ទើបតែ​អាយុ​២១​ឆ្នាំ ឯ​កូន​កំ​ឡោះ​អាយុ​៤៩​ឆ្នាំ តែ​ទើប​ការ​ប្រពន្ធ​ជា​លើក​ដំបូង​(​ពី​មុន​គាត់​តែង​នៅ​លីវ​រហូត​ដោយ​ហាក់ដូចជា​អត់​ចាប់ចិត្ត​ស្រឡាញ់នារី​ណា​សូ​ម្បី​ម្នាក់​សោះ លុះដល់​ចេះ​ចាប់ចិត្ត​ស្រឡាញ់​ស្រី​ក៏​ស្រឡាញ់​ចំ​នារី​ដែល​ធ្លាប់​ហៅ​ខ្លួន​ថា លោកមា​ៗ​តាំងពី​តូច​ក្រូចឆ្មារ​តែ​ម្ដង​) ។

ភ្ញៀវ​ដែល​បាន​ទទួល​ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​រួម​មាន សាច់ញាតិ​ជិត​បំផុត មិត្ត​ស្និទ្ធស្នាល​បំផុត និង​គណៈរដ្ឋមន្ត្រី​ព្រមទាំង​ភរិយា ។ គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​បាន​ចូល​ជិត​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​ឡើយ​។ លោក​ប្រធានាធិបតី Grover Cleveland ដែល​មាន​ចរិត​មិន​ចង់ឱ្យ​អ្នក​ណា​លូកដៃ​ក្នុង​ការងារ​របស់​ខ្លួន​ដែល​ខ្លួន​យល់​ថា​ជា​ការងារ​សំខាន់ បាន​ក្រសោប​ស្ទើរ​គ្រប់​កិច្ចការ​ធ្វើ​ខ្លួនឯង តាំងពី​សរសេរ​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ដោយ​កំណត់​ត្រឹមតែ​៤០​នាក់ រហូត​ដល់​ចេញ​មុខ​ចង្អុលបង្ហាញ​ឱ្យ​គេ​តុបតែង​បន្ទប់​ខៀវ ។ បញ្ជា​ឱ្យ​គេ​ចាត់ចែង​ពិធី​រៀប​អាពាហ៍ពិពាហ៍​យ៉ាងម៉េច​ខ្លះ សូ​ម្បី​តែ​សម្លៀក​បំពាក់​កូនក្រមុំ គ្រឿងអលង្ការ​របស់​កូនក្រមុំ​ក៏​គាត់​ជា​អ្នក​រៀបចំ​ដែរ​។ លោក​រៀបចំ​វង់ភ្លេង បញ្ជា​វង់ភ្លេង រហូត​ដល់​បញ្ជា​អាចារ្យ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​អា​ពា​ហ៍​ទៀត​… ។ អាពាហ៍ពិពាហ៍​រវាង​កូនកំលោះ​អាយុ​៤៩​ឆ្នាំ និង​កូនក្រមុំ​អាយុ​២១​ឆ្នាំ​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ជា​ថ្ងៃ​ចុង​ក្រោយ​តាម​ផែនការ​កំណត់ ។ បន្ទាប់​មក​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​របស់​គូ​ស្វាមីភរិយា​ជា​ថ្នាក់ដឹកនាំ​នេះ​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៥​ថ្ងៃ​ទៀត​នៅ​តំបន់​ព្រៃ​ភ្នំ​ភាគ​ខាងលិច​រដ្ឋ​ម៉ា​រី​លែ​ន ។

ត្រឡប់​មក​ទីក្រុង​វ៉ា​សី​ុ​ន​តោន​ក្រោយ​ពី​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ Frances Cleveland ទទួល​ការ​ប្រគល់​ភារកិច្ច​ជំទាវ​ទី​១​ពី​ប្អូនស្រី​បង្កើត​របស់​ប្រធានាធិបតី (​ព្រោះ​លោក Grover Cleveland ពេល​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ជា​បុរស​នៅ​លីវ​ទើប​ប្អូនស្រី​បង្កើត​របស់​គាត់​ជួយ​រ៉ាប់រង​«​កិច្ចការ​មេផ្ទះ​» នៅ​សេត​វិមាន​)​។

Frances Cleveland ជា​មនុស្ស​រាក់ទាក់​រួសរាយ​មិន​ប្រកាន់ខ្លួន ហេតុនេះ​នាង​ឱ្យ​ស្វាមី​ទទួល​បាន​មនោសញ្ចេតនា​កាន់តែ​ខ្លាំង​ពី​សង្គម​។ នាង​ចេញ​មុខ​ជួយ​កម្មវិធី​សង្គម​ជា​ច្រើន​ពាក់ព័ន្ធ​ដល់​ស្ត្រី ដូច​យ៉ាង​ជួយ​សង់ផ្ទះ​ឱ្យ​ស្ត្រី​ស្បែក​ខ្មៅ​រស់នៅ​ឯកោ​នៅ​ទីក្រុង​វ៉ា​សី​ុ​ន​តោន ឬ​បង្កើត​ចលនា​ក្ដី​សង្ឃឹម​សម្រាប់​ស្ត្រី​ជាដើម ។ រៀង​រាល់​ស​ប្ដា​ហ៍ ជំទាវ​ទី​មួយ​រូប​នេះ​ដាក់​កម្មវិធី​ជួយ​ប្រជាពលរដ្ឋ​ពីរ​ដង ជា​ពិសេស​នៅ​ក្នុង​សេត​វិមាន​ដើម្បី​ឈ្វេងយល់​ពី​គោលបំណង និង​សំណូមពរ​របស់​ពួក​គេ ។ ប្រជាពលរដ្ឋ​កាន់តែ​រាប់អាន និង​មក​រក​លោក​ជំទាវ​ទី​មួយ ច្រើន​ឡើង​ៗ​ធ្វើ​ឱ្យ​ប្រ​ធានា​ធ​បតី​Grover Cleveland ព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្ដិសុខ​របស់​ភរិយា ។ ឆ្នាំ​១៨៨៧ Frances Cleveland អមដំណើរ​ស្វាមី​ទៅ​បំពេញ​ទស្សនកិច្ច និង​សួរសុខទុក្ខ​ប្រជារាស្ត្រ​នៅ​តាម​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង​និង​ភាគខាងលិច​ប្រទេស ។ សកម្មភាព​នេះ​បាន​ប្រជាពលរដ្ឋ​ស្រឡាញ់​លោក​ជំទាវ​ខ្លាំង​មួយ​កម្រិត​ទៀត ។ នារី​អា​មេ​រិ​ក​ជំនាន់​នោះ​សម្គាល់ការ​ស្លៀកពាក់​របស់​Frances Cleveland ជា​ម៉ូ​ដ​សម័យ​ទំនើប​ក៏​នាំ​គ្នា​ស្លៀកពាក់​តាម​នាង​ស្ទើរ​គ្រប់​គ្នា ហើយ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​សម​ណាស់ ។

ទោះបី​មាន​មនោសញ្ចេតនា​ពី​មហាជន​ចំពោះ​លោក​ជំទាវ​ទី​មួយ​ច្រើន​យ៉ាងនេះ​ក្ដី​ក៏​ទីបំផុត​លោក​ជំទាវ​នៅ​តែ​មិន​អាច​ជួយ​ស្វាមី​ឱ្យ​ជាប់​ឆ្នោត​ម្ដងទៀត​បាន ព្រោះ​គូប្រជែង​រក​ឃើញ​ចំណុចខ្សោយ​ក្នុង​ប្រវត្តិរូប​ផ្ទាល់ខ្លួន​របស់​ស្វាមី​នាង​ធ្វើ​ឱ្យ​ឥទ្ធិពល​គាត់​ធ្លាក់​ចុះ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត ។ ក្រោយ​ចាញ់ឆ្នោត​Frances និង​ស្វាមី​ផ្លាស់​ទៅ​នៅ​ញូ​វ​យ៉​ក​ជាមួយ​ការ​សន្យា​ត្រឡប់​មក​ធ្វើ​ម្ចាស់​សេត​វិមាន​ជា​ថ្មី​បន្ទាប់​ពី​ចប់​អាណត្តិ​៤​ឆ្នាំ​នេះ ហើយ​ការណ៍​ពិត​ក៏​បាន​ដូច​ការ​សន្យា​មែន ។ ឆ្នាំ​១៨៨៧ Grover Clevedand បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​លើក​ទី​ពីរ Frances Cleveland ក៏​ក្លាយជា​ជំទាវ​ទី​១​ម្ដងទៀត ។

ទោះបី​មានការ​ខ្សឹបខ្សៀវ​ច្រើ​ប​ពី​ស្ថានភាព​ប្ដី​ចាស់​ប្រពន្ធ​ក្មេង តែ​Frances អត់​ខ្វល់​អ្វី​ទាំងអស់ នៅ​តែ​ស្រឡាញ់​ស្វាមី ថ្នាក់ថ្នម​ស្វាមី​ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​រស់នៅ​ជាមួយ​គ្នា​មាន​សុភមង្គល​រហូត ។ អ្នក​ទាំង​ពីរ​មានកូន​ជាមួយ​គ្នា​៥​នាក់ ស្រី​៣​នាក់ ប្រុស​២​នាក់ ។ ក្រៅ​តែ​ពី​កូនស្រី​ច្បង​ឈ្មោះ​Ruth ស្លាប់​ក្នុង​ឆ្នាំ​១៩០៤ ដោយ​ជំងឺមហារីក កូន​៤​នាក់​ទៀត​ទទួល​បាន​ហ្សែ​ន​ពី​ម្ដាយ​ច្រើន​រស់នៅ​សុខ​សប្បាយ​រហូត​ដល់​ចាស់ ។

ខែមិថុនា ១៩០៨ អតីត​ប្រធានាធិបតី Grover Cleveland អនិច្ចកម្ម​ដោយសារ​ជំងឺមហារីក​។ ក្រោយ​ពេល​ស្វាមី​លាចាក​លោក Frances Cleveland ផ្លាស់​ទៅ​នៅ​Princeton រដ្ឋ​ញូ​វ​ចឺ​សី​ុ​នៅ​ពេល​កូនប្រុស​ពៅ​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​។ ខែកុម្ភៈ ឆ្នាំ​១៩១៣ Frances ក្នុង​វ័យ​៤៩​ឆ្នាំ បាន​រៀប​ការ​ម្ដងទៀត​ជាមួយ​សាស្ត្រាចារ្យ​បុរាណវិទ្យា​នៅ​មហាវិទ្យាល័យ​Princeton  ។ ពេល​សង្គ្រាម​លើក​ទី​១​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​១៩១៤ Frances និង កូន​ៗ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ស្វ៊ី​ស ។ ពេល​នោះ​ដោយសារ​អឺរ៉ុប​ច្របូក​ច្របល់​ខ្លាំង Frances ចំណាយពេល​ជិត​២​ខែ​ទម្រាំ​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​បាន ។ ថ្ងៃ​ទី​២៩ តុលា​១៩៤៧ Frances លាចាក​លោក​ក្នុង​វ័យ​៨៣​ឆ្នាំ នៅ​Baletimore ។ សព​របស់​Frances ត្រូវ​បាន​បញ្ចុះ​នៅ​ទី​ស្មសាន​ពិសេស​ក្បែរ​ផ្នូរ​ស្វាមី​មុន​គឺ​អតីត​ប្រធានាធិបតី Gorver Cleveland ៕

តាម​ឯកសារ​បរទេស