ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា អេ ភូថង ស្នើ​ឱ្យ​លើក​ទឹក​ចិត្ត​នារី​ប្រដាល់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ភរិយា​របស់​លោក អេ ភូ​ថង និង​លោក អេ ភូ​ថង ផ្ទាល់​បាន​ប្រកាស​ឲ្យ​កូនស្រី​របស់​ខ្លួន គឺ អេ យ៉ា​នុ​ត ឈប់​ប្រដាល់ ។ ប៉ុន្តែ​ផ្ទុយ​ពី​ជំហរ​នេះ អ្នកស្រី​បាន​ស្នើ​ឲ្យ​មានការ​លើក​ស្ទួយ​ដល់​នារី​ដែល​ចង់​ប្រដាល់ និង​ទទូច​ឲ្យ​យុវតី​ដែល​មាន​ចំណូលចិត្ត​ចូល​ហ្វឹកហាត់ ក្លាហាន​ហ៊ាន​បង្ហាញ​សមត្ថភាព​ទៅ​វិញ ។

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ភរិយា​របស់​លោក អេ ភូ​ថង និង​លោក អេ ភូ​ថង ផ្ទាល់​បាន​ប្រកាស​ឲ្យ​កូនស្រី​របស់​ខ្លួន គឺ អេ យ៉ា​នុ​ត ឈប់​ប្រដាល់ ។ ប៉ុន្តែ​ផ្ទុយ​ពី​ជំហរ​នេះ អ្នកស្រី​បាន​ស្នើ​ឲ្យ​មានការ​លើក​ស្ទួយ​ដល់​នារី​ដែល​ចង់​ប្រដាល់ និង​ទទូច​ឲ្យ​យុវតី​ដែល​មាន​ចំណូលចិត្ត​ចូល​ហ្វឹកហាត់ ក្លាហាន​ហ៊ាន​បង្ហាញ​សមត្ថភាព​ទៅ​វិញ ។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក​អេ ភូ​ថង និយាយ​ថា ស្ថានភាព​ប្រដាល់​របស់​នារី​នា​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​អ្នកស្រី​ក៏​ដូច​ជា​គណៈកម្មការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ព្រោះតែ​គ្មាន​កីឡាការិនី​ចូល​ថ្មី ហើយ​អ្នក​ចាស់​ចេះ​តែ​បន្ត​លាឈប់ ។ បើ​ទោះជា​ពេល​នេះ កីឡាការិនី សម សំណាង បាន​សម្រេចចិត្ត​វិល​វិញ ប៉ុន្តែ​ស្ថានភាព​ប្រដាល់​របស់​នាង ក៏​ប្រហែល​មិន​អាច​រីក​ចម្រើន​បាន​ដែរ ក្នុង​ពេល​ដែល​នាង ក៏​ពិបាក​ស្វែងរក​ដៃគូ​ឡើង​ប្រកួត ដើម្បី​ទទួល​កម្រៃ​អាច​ចិញ្ចឹមជីវិត​បាន​នោះ ។ ក្រោយ​ការ​លាឈប់​របស់​អ្នក​ប្រដាល់​ផ្នែក​នារី​ប្រមាណ​ជាង​១០​រូប​បន្តបន្ទាប់ អ្នកស្រី​ប្រាប់​ថា ការ​ប្រដាល់​របស់​នារី គឺ​ស្ទើរតែ​រក​កីឡាការិនី​ឡើង​រេញ​លែង​ឃើញ ។

លោក នាង ស៊ី​វត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​និយាយ​ថា លោក​នៅ​តែ​មាន​បំណង​លើក​ស្ទួយ​ការ​ប្រដាល់​របស់​នារី​ឲ្យ​រីក​ចម្រើន​ដូច​ការ​ប្រដាល់​របស់​បុរស ប៉ុន្តែ​មក​ពី​កីឡាការិនី​ខ្លួនឯង​មាន​ចំនួន​កាន់តែ​តិច ហើយ​មិន​អាច​ឲ្យ​លោក​ផ្គូផ្គង​កីឡាការិនី​ដដែល​ៗ ទើប​យូរ​ៗ​ម្ដង​បាន​អាច​រៀបចំ​ផ្គូផ្គង ។ យ៉ាងណា​ក៏​ដោយ លោក​នៅ​តែ​បាន​រំលេច​ឲ្យ​មានការ​ប្រកួត​ដណ្ដើម​ពានរ​វាង​នារី​និង​នារី ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​សេសសល់ ឲ្យ​មាន​កម្លាំងចិត្ត​ក្នុង​អាជីព​ម្ដងម្កាល បើ​ទោះ​មិន​អាច​ញឹកញាប់ ។ លោក​ទទួលស្គាល់​ថា ស្ថានភាព​លាឈប់​របស់​កីឡាការិនី​នឹង​ធ្វើ​ឲ្យ​ការ​ប្រដាល់​ផ្នែក​នារី​ចុះ​ខ្សោយ ប៉ុន្តែ​លោក​មិន​ជឿ​ថា អាជីព​នេះ​នឹង​ត្រូវ​ស្លាប់​នោះ​ទេ ដរាបណា​លោក​ក៏​នៅ​តែ​មាន​ផែនការ​លើក​ស្ទួយ ឯ​នារី​ដែល​នៅ​បន្ត ក៏​មាន​ឆន្ទៈ​ឡើង​រេញ ។ លោក​ធ្លាប់​ទទូច​ឲ្យ​គ្រូបង្វឹក បំប៉ន ថែទាំ​កីឡាការិនី​របស់​ខ្លួន និង​ប្រមូល​អ្នក​ថ្មី​បន្ថែម​ឲ្យ​បាន​ច្រើន​ប៉ុន្តែ​អាច​មក​ពី​បរិបទ​ក្នុង​សង្គម​កម្ពុជា មិន​ទាន់​ឲ្យ​តម្លៃ​លើ​នារី​ដែល​ចូល​ប្រដាល់ ទើប​កើតជា​បញ្ហា ។

អ្នកស្រី​សាំង សុ​ម៉ា​លី បញ្ជាក់​ថា នៅ​ក្នុង​ក្លិប​អេ​ភូ​ថង​កីឡា ស្ទើរតែ​អស់​កីឡាការិនី​ទៅ​ហើយ បន្ទាប់​ពី​កីឡាការិនី វី អុ​ិ​ច និង អេ យ៉ា​នុ​ត ជា​កូនស្រី​លាឈប់ ខណៈ​កីឡាការិនី សម ថា​រ័​ត្ន ដែល​ទើប​កសាង​កេរ្តិ៍ឈ្មោះ ក៏​ចង់​សម្រាក​។ អ្នកស្រី​ទទូច​ឲ្យ​មាន​សិស្ស​ស្រី​មក​ហ្វឹកហាត់​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​ទាក់ទាញ​ពួក​នាង​បាន​ច្រើន​ដដែល ទើប​អ្នកស្រី​នៅ​តែ​យល់​ថា បើ​គ្មាន​ការ​ចូលរួម​ពី​នារី​ក្មេង​ៗ​ជំនាន់​ក្រោយ គឺ​ពិតជា​ធ្វើ​ឲ្យ​អាជីព​ប្រដាល់​របស់​នារី​បាត់ឈ្មោះ ។
ទោះបី​យ៉ាងណា អ្នកស្រី​នៅ​តែ​មាន​សង្ឃឹមថា អាជីព​នេះ​នឹង​រស់​រវើក​ឡើង​វិញ បន្ទាប់​ពី​ផ្នត់គំនិត​របស់​មហាជន​ខ្មែរ កាត់​បន្ថយ​ការ​រើសអើង​ចំពោះ​នារី​វ័យក្មេង ដែល​ចូល​ប្រឡូក​ការ​ប្រដាល់​ខុស​ប្លែក​ពី​មុន​ផង​ដែរ ។

អ្នកស្រី​និយាយ​ថា ការ​ប្រដាល់​របស់​នារី​វា​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ព្រោះ​នារី​ប្រដាល់​មិន​មាន​កម្លាំង​ដៃ ឬ​កម្លាំង​ជើង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ សំខាន់​ឲ្យ​តែ​ចេះ​ស្នៀត​ការពារ និង​ទប់ទល់​ដៃគូ​ពី​ការ​វាយលុក​ចំ​កន្លែង​គ្រោះថ្នាក់​ក្នុង​ពេល​ប្រកួត​បាន​ហើយ ។ អ្នកស្រី​ស្នើ​ឲ្យ​នារី​ដែល​ស្រឡាញ់​ការ​ប្រដាល់ បង្ហាញ​ជំហរ​ចូល​ហ្វឹកហាត់ ហើយ​ឡើង​រេញ​កុំ​ខ្លាច​ដើម្បី​លើក​ស្ទួយ​ក្នុង​អាជីព​នេះ ។ អ្នកស្រី​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល អេ យ៉ា​នុ​ត កូនស្រី​ត្រូវ​បាន​ស្វាមី​សម្រេច​ឲ្យ​ឈប់​។ អ្នកស្រី​ប្រាប់​ថា មិន​ចង់​ឲ្យ អេ យ៉ា​នុ​ត​ឈប់​ប្រដាល់​ទេ ព្រោះ​មើលឃើញ​ថា នោះ​ជា​អាជីព​មិន​ពិបាក​រក​លុយ ហើយ​ក៏​មិនមែន​វ៉ៃ​គ្នា​ដល់​ថ្នាក់​បែក​មុខ បែក​មាត់​ដូច​កម្លាំង​ដៃ​បុរស ប៉ុន្តែ​មក​ពី​មិន​ចង់​ប្រឆាំង​សម្ពាធ​ពី​ចាស់ទុំ ក៏​ដូច​ជា​ការ​រិះគន់​ថា ខ្លួន​មានកូន​ស្រី​តែ​ម្នាក់ ហើយ​ចិញ្ចឹម​កូនស្រី​មិន​បាន​ល្អ ទើប​ព្រម​ឲ្យ​ឈប់ ។ អ្នកស្រី​សម្ដែង​ការ​ព្រួយបារម្ភ ប្រសិនបើ​ផ្នត់គំនិត​របស់​សង្គម​គ្រួសារ​ខ្មែរ នៅ​តែ​រាំងស្ទះ​ភាព​ក្លាហាន​របស់​នារី​នៅ​ក្នុង​វិស័យ​ប្រដាល់ ៕