ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រែបម្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​កសិករ​ដាំ​ម្រេច​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្រេច​ជា​ដំណាំ​មួយ​ប្រភេទ​ទាមទារ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​លូតលាស់ ។ ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល​ដូច​ជា​ក្តៅ​ខ្លាំង ធ្លាក់​ភ្លៀង​ខ្លាំង ឬ​ខ្យល់​បោកបក់​ខ្លាំង ពិតជា​ធ្វើ​ឱ្យ​ដំណាំ​នេះ​ប្រឈម​នឹង​ការ​ជ្រុះ​ផ្កា​ច្រើន ឬ​ងាប់​ដើម​ក៏​ថា​បាន​។ ម្យ៉ាងទៀត ដំណាំ​ម្រេច​ត្រូវការ​ចំណាយ​ទុន​ច្រើន ដោយ​ក្នុង​ដី​១​ហិ​កតា​អាច​ចំណាយ​ទុន​ដល់​រាប់​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ម្រេច​ជា​ដំណាំ​មួយ​ប្រភេទ​ទាមទារ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​លូតលាស់ ។ ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល​ដូច​ជា​ក្តៅ​ខ្លាំង ធ្លាក់​ភ្លៀង​ខ្លាំង ឬ​ខ្យល់​បោកបក់​ខ្លាំង ពិតជា​ធ្វើ​ឱ្យ​ដំណាំ​នេះ​ប្រឈម​នឹង​ការ​ជ្រុះ​ផ្កា​ច្រើន ឬ​ងាប់​ដើម​ក៏​ថា​បាន​។ ម្យ៉ាងទៀត ដំណាំ​ម្រេច​ត្រូវការ​ចំណាយ​ទុន​ច្រើន ដោយ​ក្នុង​ដី​១​ហិ​កតា​អាច​ចំណាយ​ទុន​ដល់​រាប់​ម៉ឺន​ដុល្លារ ទម្រាំ​តែ​យើង​បាន​ទទួលផល​មក​វិញ រីឯ​ដី​សម្រាប់​ដាំ​ម្រេច ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ ។

លោក​យិ​ន សូ​ផា នាយក​ប្រតិបត្តិ​នៃ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច​ដារ មេមត់ បានឱ្យ​ដឹង​ថា ម្រេច​ផ្តល់​ផល​ច្រើន​នៅ​ពេល​អាកាសធាតុ​អំណោយផល ដូច​ជា​មិន​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ជាដើម ប៉ុន្តែ​ប្រសិនបើ​អាកាសធាតុ​មិន​អំណោយផល​ទេ​ធ្វើ​ឱ្យ​ដំណាំ​នេះ​ប្រឈម​នឹង​ការ​ងាប់​ដើម ឬ​ធ្លាក់​ចុះ​បរិមាណ​ទិន្នផល​នៅ​ពេល​ប្រមូល​ផល​មិន​ខាន ។ ជាក់ស្តែង​កាលពី​ខែសីហា និង​ខែកញ្ញា​កន្លង​ទៅ ម្រេច​នៅ​តំបន់​ឃុំ​ដារ​ទាំងមូល​បាន​ងាប់​ដើម​ប្រមាណ​ជា​៥០​ហិ​កតា​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ ធ្វើ​កសិករ​ដាំ​ម្រេច​ទាំងអស់​ព្រួយបារម្ភ​ជា​ខ្លាំង ជា​ពិសេស​ក្រុម​កសិករ​ដែល​ទើបតែ​ចាប់ផ្តើម​ដាំ​ម្រេច​ជា​លើក​ដំបូង ព្រោះ​ដើមទុន​របស់​ពួក​គាត់​ភាគច្រើន​ខ្ចី​ពី​ធនាគារ ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៣ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច​ដារ មេមត់ ប្រមូល​ផល​សរុប​បាន​ចំនួន​ជាង​៥​ពាន់​តោន​លើ​ផ្ទៃដី​ប្រមាណ​១.១២២​ហិ​កតា ។ នៅ​ឆ្នាំ​២០១៤​នេះ​កសិករ​បាន​ពង្រីក​ការ​ដាំ​ដុះ​ប្រមាណ​១៤០​ហិ​កតា​បន្ថែម​ទៀត​ដែល​នឹង​ប្រមូល​ផល​នៅ​ឆ្នាំ​២០១៥ ។ ក្នុង​នោះ​លោក​កំពុង​ព្រួយបារម្ភ​ពី​ទិន្នផល​ម្រេច ព្រោះតែ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ដើម​ម្រេច​ងាប់​ជា​បន្តបន្ទាប់ ។

លោក​ងួ​ន ឡាយ ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ម្រេច​កំពត​បានឱ្យ​ដឹង​ថា ដំណាំ​ម្រេច​នៅ​ខេត្តកំពត​ឆ្នាំ​នេះ​នៅ​តែ​រង​ការ​ខូចខាត​ដោយសា​តែ​ធាតុអាកាស​ក្តៅ​ពេក តួយ៉ាង​ដូច​កាលពី​ខែសីហា​កន្លង​ទៅ នៅ​ពេល​ម្រេច​ចេញ​ផ្ការ​ចំ​ពេល​ធាតុអាកាស​ក្តៅ​ធ្វើ​ឱ្យ​ម្រេច​ក្នុង​មួយ​ជន្លង់​ៗ​ដែល​មាន​ផ្កា​ប្រហែល​៦០% នោះ​ត្រូវ​ជ្រុះ​ផ្កា​អស់​ពាក់កណ្តាល ហើយ​នៅ​ចន្លោះ​ពី​ខែមករា​ដល់​ខែមីនា នៅ​ពេល​ម្រេច​ចាប់ផ្តើម​ដាក់​គ្រាប់​ត្រូវ​ជ្រុះ​ម្តងទៀត​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ទឹក​មិន​បាន​ដិត​ដល់ ។

លោក​បន្ត​ថា តាម​ការ​ប៉ាន់ស្មាន​ម្រេច​ខូចខាត​ដោយសារ​អាកាសធាតុ​នៅ​ពេល​កន្លង​មក​មាន​ដី​ប្រហែល​៤​ហិ​កតា ហើយ​សម្រាប់​ការ​ប្រមូល​ផល​នៅ​ឆ្នាំ​២០១៥ លោក​មិន​អាច​វាយតម្លៃ​បាន​ទេ ព្រោះ​កន្លង​មក​សហគមន៍​ធ្លាប់​បាន​ធានា​កុងត្រា​ផ្គត់ផ្គង់​ម្រេច​ចំនួន​២៦​តោន​ជូន​អតិថិជន តែ​ដល់​ពេល​ប្រមូល​ផល យើង​ទទួល​បាន​ទិន្នផល​ក្នុង​រង្វង់​តែ​១៣​តោន​ប៉ុណ្ណោះ គឺ​ខុស​ពី​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង។
លោក​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ ផ្ទៃដី​ដែល​កំពុង​ដាំ​ដុះ​ម្រេច​មាន​ចំនួន​ជាង​១៤០​ហិ​កតា ក្នុង​នោះ​៦២​ហិ​កតា​ជា​សមាជិក​របស់​សហគមន៍ ចំណែក​ម្រេច​ដែល​អាច​ប្រមូល​ផល​បាន​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៥ យើង​មាន​ប្រមាណ​២៣​ហិ​កតា​បុ​៉​ណ្ណោះ ៕