ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​គ្រោះ​ថ្នាក់​​ ​សង្គម​ស៊ីវិល​១៦​ស្នើ​ដល់​សភាប្រញាប់​ពិភាក្សា​ និង​អនុ​ម័ត​ច្បាប់​ចរាចរណ៍​ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​សង្គម​សី​ុ​វិល​ចំនួន​១៦ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។ សេចក្ដីថ្លែងការណ៍​រួម​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋសភា​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ឱ្យ​បាន​ឆាប់​ដើម្បី​យក​មក​អនុវត្ត​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​កំពុង​ទទួល​រង​ការ​ស្លា.ប់ របួស ពិការ ជា​រៀងរាល់ថ្ងៃ ពិសេស​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​គឺជា​បុរស​ហើយ​បន្ទុកគ្រួសារ​ដ៏​ធ្ងន់ធ្ងរ​បាន​ធ្លាក់​លើ​ស្ត្រី ។

រាជធានី​ភ្នំពេញ ៖ អង្គការ​សង្គម​សី​ុ​វិល​ចំនួន​១៦ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។ សេចក្ដីថ្លែងការណ៍​រួម​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋសភា​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ឱ្យ​បាន​ឆាប់​ដើម្បី​យក​មក​អនុវត្ត​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​កំពុង​ទទួល​រង​ការ​ស្លាប់ របួស ពិការ ជា​រៀងរាល់ថ្ងៃ ពិសេស​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​គឺជា​បុរស​ហើយ​បន្ទុកគ្រួសារ​ដ៏​ធ្ងន់ធ្ងរ​បាន​ធ្លាក់​លើ​ស្ត្រី ។

សេចក្ដីថ្លែងការណ៍​រួម​មាន​ខ្លឹមសារ​ថា យើងខ្ញុំ​តំណាង​ឱ្យ​អង្គការ​សង្គម​សី​ុ​វិល និង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្ដី​ពី​«​សេចក្ដីព្រាងច្បាប់​ថ្មី ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​» នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​ពិភាក្សា​ស្វែង​យល់ ទទួលស្គាល់​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ដូច​ខាងក្រោម​៖

ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​តែ​ជា​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​បន្ត​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ។ យោង​តាម​របាយ​ការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ នា​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៤ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​២៩១​លើក (១៣%) ចំនួន​អ្នក​ស្លាប់​កើនឡើង​១០៥​នាក់​(១០%) និង​ចំនួន​អ្នក​របួស​កើនឡើង​៣៦០​នាក់​(៩%) បើ​ធៀប​នឹង​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៣ ។ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​នេះ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៩.៣៥៤​នាក់ និង​អ្នក​របួស​ចំនួន​៨៨.៣០២​នាក់ ដែល​បណ្ដាល​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ការ​ខាតបង់​ជា​ថវិកា​ប្រមាណ
១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ភាគច្រើន​នៃ​ជន​រង​គ្រោះ​ដែល​ស្លាប់ របួស និង​ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បុរស ហើយ​បាន​បន្សល់​នូវ​បន្ទុក​បញ្ហា​ដ៏​សែន​ធ្ងន់​ចំពោះ​ស្ត្រី​គ្រប់​រូប​ជា​ប្រពន្ធ កូន និង​ញាតិសន្ដាន ។

លើស​ពី​នេះ​ទៀត គ្រោះថ្នាក់​ចរាចរណ៍​បាន​កែប្រែ​វាសនា​សមាជិក​នៃ​គ្រួសារ​រាប់​ពាន់​នាក់​ឱ្យ​ក្លាយជា​ស្ត្រី​មេម៉ាយ កូនកំព្រា និង​រស់នៅ​ក្នុង​សភាព​លំបាក​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឧបសគ្គ​ដ៏​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពិសេស​ការ​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ ទោះបី​យ៉ាងណា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ដែល​អាច​ទប់ស្កាត់ និង​កាត់​បន្ថយ​បាន​តាម​រយៈ​យន្តការ​ចូលរួម​យ៉ាង​សកម្ម និង​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ពី​ផ្នែក​ដែល​ពាក់ព័ន្ធ​និង​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ។ យោង​តាម​របាយការណ៍​ស្ដី​ពី​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​(RCVIS) មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ចំនួន​គ្រោះថ្នាក់ អ្នក​ស្លាប់ និង​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ច្រើន​សន្ធឹកសន្ធាប់​នោះ​គឺ​៖​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​មិន​ពាក់មួក​សុវត្ថិភាព និង​កត្ដា​ផ្សេង​ៗ​ទៀត ។

សេចក្ដីថ្លែងការណ៍​រួម​ដដែល​បាន​បន្ត​ថា តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​ទាំង​អង្គការ​សង្គម​សី​ុ​វិល ដែល​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​សុវត្ថិភាព​ចរាចរណ៍ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បាន​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ដែល​មាននៅ​ក្នុង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន ។ ចំណុច​បន្ថែម​សំខាន់​ៗ​ទាំងនោះ​រួម​មាន ៖

១-​កំណត់​ល្បឿន​បើកបរ​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ ដើម្បី​ឱ្យ​សម្រប​ស្ថានភាព​អភិវឌ្ឍន៍​ផ្លូវថ្នល់ ។
២-​បង្កើន​ប្រាក់​ពិន័យ​និង​ទោសទណ្ឌ​ចំពោះ​អ្នកបើកបរ​យានយន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ល្មើស​ទៅ​នឹង​មាត្រា​ផ្សេង​ទៀត​ដែល​បាន​ចែង​ក្នុង​ច្បាប់​នេះ ។
៣-​តម្រូវ​ឱ្យ​អ្នក​រួម​ដំណើរ​និង​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង ពាក់មួក​សុវត្ថិភាព ។
៤-​តម្រូវ​ឱ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​តាម​រថយន្ត​ដែល​មាន​ចំណុះ​មិន​លើស​ពី​៩​នាក់ ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នៅ​ពេល​បើកបរ​ក្រៅ​ទីប្រជុំជន ។ ល​។
យោង​តាម​ចំណុច​បន្ថែម​សំខាន់​ៗ​ទាំង​អស់នេះ យើងខ្ញុំ​ជា​អង្គការ​សង្គម​សី​ុ​វិល​និង​ដៃគូ​ពាក់ព័ន្ធ​ជឿជាក់​ថា សេចក្ដីព្រាងច្បាប់​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ការ​អនុវត្ត​ច្បាប់ ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​មូលហេតុ​បង្ក​ចម្បង​ៗ​ខាងលើ ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចូលរួម​សង្គ្រោះ​ជីវិត​មនុស្ស​ពី​សេចក្ដីស្លាប់​បាន​៧.៣៥០​នាក់ និង​បង្ការ​ជន​រង​គ្រោះ​ដោយ​របួស​ក្បាល​បាន​១០.៥៧២​នាក់ ត្រឹម​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។
សេចក្ដីថ្លែងការណ៍​រួម​បាន​ស្នើ​សូម​ឱ្យ​សភាមេត្ដា​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​យក​មក​អនុវត្ត និង​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ចៀស​ផុត​ពី​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ យើងខ្ញុំ​សូម​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោម​៖

-​បង្កើន​ថវិកា​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ របួស និង​ពិការ​ភាព​ឱ្យ​បានជា​អតិបរមា ។
-​សូម​ឱ្យ​ក្រសួង ស្ថាប័ន​ទទួល​បន្ទុក​រៀបចំ​អនុក្រឹត្យ និង​បទដ្ឋាន​ច្បាប់​នានា​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​បន្ទាប់​ពី​ច្បាប់​ថ្មី​បាន​អនុម័ត ដើម្បី​យក​មក​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ។ -​សូម​ឱ្យ​មាន​ផែនការ និង​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ពិសេស​លើក​ត្ដា​ហានិភ័យ​សំខាន់​ៗ មួយ​ចំនួន​ដូច​ជា ៖ ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រៀង​ស្រវឹង និង​ការ​មិន​ពាក់មួក​សុវត្ថិភាព ឬ​ខ្សែក្រវាត់​សុ​ត្ថិ​ភាព ។
-​សូម​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​ពិនិត្យ និង​រៀបចំ​ផែនការ​សកម្មភាព​អាទិភាព​របស់​ខ្លួន ដោយ​យោង​តាម​ផែនការ​សកម្មភាព​ចរាចរណ៍​ថ្នាក់​ជាតិ ឆ្នាំ​២០១១-២០២០ ឱ្យ​បាន​ឆាប់រហ័ស និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ។

-​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍​តាម​បណ្ដាញសារព័ត៌មាន គ្រឹះស្ថាន​អប់រំ និង​សហគមន៍​ឱ្យ​បាន​ទូលំទូលាយ ។
-​កែសម្រួល​សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​ដំបូង​ដល់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។
-​ពង្រឹង​ការ​អប់រំ​នៅ​តាម​សាលាបង្រៀន​បើកបរ ការ​ប្រឡង​យក​ប័ណ្ណបើកបរ និង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ឱ្យ​បាន​តឹង​រុ​ឹ​ង ។
-​បង្កើត​ក្រុម​សវន​កម្ម​សុវត្ថិភាព​ផ្លូវថ្នល់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ផ្លូវថ្នល់​បន្ទាប់​ពី​ការ​កសាង​ផ្លូវ​រួចរាល់ និង​ធ្វើការ​សិក្សា​លើ​ទីតាំង​ដែល​មាន​គ្រោះថ្នាក់​ញឹកញាប់​ដើម្បី​ការ​ធ្វើការ​កែសម្រួល​ឡើង​វិញ ។

-​បង្កើន​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដែល​មានគុណ​ភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ផ្លូវ​ដែល​ងាយ​រង​គ្រោះ​គ្រប់​រូប ពិសេស​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​បំពុលបរិស្ថាន ដោយសារ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​យានយន្ត​ដ៏​ច្រើន​លើសលប់​ក្នុង​តំបន់​ទីប្រជុំជន ជា​ពិសេស​រាជធានី​ភ្នំពេញ ៕