រាជធានីភ្នំពេញ ៖ កូនឈើចំនួន៥០០ដើមត្រូវបានក្រុមហ៊ុនរថយន្ត Ford នាំយកទៅដាំនៅរមណីយដ្ឋានអំពែភ្នំក្នុងទិវាថែរក្សាបរិស្ថានជាសាកលរបស់ក្រុមហ៊ុនខ្លួន ដែលពិធីដាំកូនឈើនោះត្រូវបានគេរៀបចំធ្វើឡើងនៅរមណីយដ្ឋានអំពែភ្នំកាលពីថ្ងៃទី៥ កញ្ញា ក្រោមអធិបតីភាពលោករស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។ កូនឈើទាំងនោះមានដូចជាឈើបេង១០០ដើម ម៉ៃសាក់១០០ដើម គីនីន១៥០ដើម លឿងរាជ១០០ដើម និងអង្កាញ់៥០ដើម ។ លោករស់ រ៉េន បានថ្លែងថា ការដាំកូនឈើថ្ងៃនេះ មានអ្នកចូលរួមមកពីច្រើនមជ្ឈដ្ឋានដូចជា ក្រសួងទេសចរណ៍ អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីជួយជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យស្ថិតនៅជាលក្ខណៈធម្មជាតិ បរិស្ថានពណ៌បៃតង កាត់បន្ថយការឡើងកំដៅផែនដីនៅលើពិភពលោក ។
លោកតេង សេងវឹង ប្រធានគ្រប់គ្រងក្រុមហ៊ុនរថយន្ត Ford បានថ្លែងឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី២ហើយដែលកម្មវិធី «ទិវាថែរក្សាបរិស្ថានជាសាកលរបស់ក្រុមហ៊ុនរថយន្ត Ford ឬ Global Week of Caring» ត្រូវបានប្រារព្ធឡើងក្នុងប្រទេសកម្ពុជា ។ វាពិតជាពេលវេលាមួយដ៏ពិសេសក្នុងការរួមកំលាំងគ្នាធ្វើឱ្យពិភពលោកក្លាយជាទីកន្លែងមួយដែលកាន់តែមានភាពស្រស់ស្អាតជាមួយបរិស្ថានពណ៌បៃតង ។ បុគ្គលិកនៃក្រុមហ៊ុន RMA Cambodia និងសិស្ស-និស្សិតជាង៣០០នាក់ នឹងរួមគ្នាបង្កើតគំរោងបៃតង ដែលជាឱកាសដ៏ប្រពៃក្នុងការគាំពារបរិស្ថាន និងនាំមកនូវគុណប្រយោជន៍ច្រើនអនេក ទប់ទល់ផលប៉ះពាល់នៃបំរែបំរួលធាតុអាកាសរយៈពេលយូរអង្វែង ។ សកម្មភាពទាំងនេះ គឺជាជោគជ័យរបស់យើងជាសាកល ហើយយើងនឹងត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរបស់ភពផែនដី ។ ឆ្នាំទី៥ នៃទិវាថែរក្សាបរិស្ថានជាសាកលរបស់ក្រុមហ៊ុនរថយន្ត Ford ចាប់ដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី១១ កញ្ញា ហើយនេះជាឆ្នាំទី២ សំរាប់កម្ពុជាដែលបានប្រារព្ធនូវកម្មវិធីនេះឡើង ។ ឆ្នាំនេះប្រធានបទសំខាន់នៃកម្មវិធីគឺការធ្វើឱ្យពិភពលោកមានពណ៌បៃតង ដែលជាក់ស្តែងការដាំដើមឈើនាឱកាសនេះជាសក្ខីភាពស្រាប់ ។ ដើមឈើ៥០០ដើម ដែលនឹងត្រូវធ្វើការដាំនៅក្នុងបរិវេណរមណីយដ្ឋានអំពែភ្នំក្នុងខេត្តកំពង់ស្ពឺនាឱកាសនោះ ជាផ្នែកមួយនៃគំរោងឆ្ពោះទៅពណ៌បៃតងដែលជាបំណងរបស់មនុស្សជាតិទូទៅ ក៏ដូចជាក្រុមហ៊ុនរថយន្ត Ford ។ ជាថ្មីម្តងទៀត វាបានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុនរថយន្ត Ford ក៏ដូចជាក្រុមហ៊ុន RMA Cambodia ដើម្បីធ្វើឱ្យសំរេចបាននូវការអភិវឌ្ឍន៍នូវបរិស្ថានល្អ ជួយរួមចំណែកធ្វើឱ្យពិភពលោកក្លាយជាកន្លែងមួយកាន់តែល្អប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានគ្រប់គ្រងក្រុមហ៊ុនរថយន្ត Ford បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ អាជ្ញាធរដែនដីខេត្តកំពង់ស្ពឺ ម្ចាស់រមណីយដ្ឋានអំពែភ្នំ ដែលបានផ្តល់ទីតាំងសំរាប់ការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ។ លោកក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋបាលព្រៃឈើដែលបានផ្តល់នូវកូនឈើ៥០០ដើម សំរាប់ការដាំក្នុងកម្មវិធីដាំដើមឈើនៅរមណីយដ្ឋានអំពែភ្នំថ្ងៃនេះ ។ លោកបានលើកទឹកចិត្តដល់បុគ្គលិកអ្នកស័្មគ្រចិត្តមកពីគ្រប់ បណ្តាផ្នែកនានាក្នុងការបង្កើតនូវគំរោងណាមួយ ដែលផ្សារភ្ជាប់ការអភិរក្ស និងការការពារធនធានទឹក ។ តាមរយៈសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត Ford ទូទាំងសាកលលោក នឹងជួយធ្វើឱ្យធនធានទឹកស្អាតកាន់តែប្រសើរ ។ ប្រសិនបើសហគមន៍របស់លោកអ្នកមានគំរោងដទៃៗទៀត ដែលអាចផ្តល់ប្រយោជន៍ដ៏ច្រើនលើសលប់ដល់ប្រជាជនក្នុងសហគមន៍របស់លោកអ្នកសូមរៀបចំគំរោងនោះដើម្បីបំរើប្រយោជន៍ ដល់ពួកគេដោយរក្សាបាននូវនិរន្តរភាពនៃបរិស្ថាន ។ លោកតេង សេងវឹង បានបញ្ជាក់ថា កម្មវិធីរបស់យើងកំពុងរីកចំរើនយ៉ាងល្អប្រសើរ ប៉ុន្តែយើងនៅតែមានសកម្មភាពផ្សេងៗជាច្រើនទៀតដែលត្រូវធ្វើ ។ ឆ្លៀតឱកាសនោះលោកសូមអញ្ជើញអស់លោកអ្នកឱ្យចុះឈ្មោះសំរាប់ការចូលរួមកម្មវិធីទិវាថែរក្សាបរិស្ថានជាសាកលរបស់ក្រុមហ៊ុនរថយន្ត Ford នៅបណ្តាឆ្នាំក្រោយៗទៀត ។ ជាការពិតវាគឺជាភាពដ៏អស្ចារ្យមួយដែលយើងអាចធ្វើការរួមគ្នាក្នុងរយៈពេល១ដ៏ខ្លីក្នុងគោលបំណងរួមតែមួយ ៕



ចែករំលែកព័តមាននេះ