ខេត្តក្រចេះ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ជនសង្ស័យ០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋនឹងអំពើឃាតកម្មបាញ់សម្លាប់អ្នកកាសែតសមាគមខ្មែរអ្នកប្រជាធិបតេយ្យកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២តុលានៅស្រុកស្នួលនោះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីចោទប្រកាន់និងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យទំាង០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់គឺប៉ុន្មានម៉ោងក្រោយអំពើឃាតកម្មនោះរួមមាន៖
០១- ឃឹម ភក្តី ជា PM រាជធានីភ្នំពេញ និងជាម្ចាស់កំាភ្លើង
០២- ពិន ហៀង ជាប៉ូលិសប៉ុស្តិ៍ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាម្ចាស់រថយន្ត Luxus 470 ដែលជិះធ្វើសកម្មភាព
០៣- ឡា ណារ៉ុង ហៅរស់ អតីតយោធាខេត្តមណ្ឌលគិរី ជាជនដៃដល់
គួរបញ្ជាក់ថា អ្នកកាសែតម្នាក់ឈ្មោះ តំាង ទ្រី អាយុ៤៩ឆ្នាំ ដែលគេស្គាល់ថាជាអ្នកកាសែតសមាគមខ្មែរអ្នកប្រជាធិបតេយ្យ បានត្រូវខ្មាន់កំាភ្លើងបាញ់ចំចិញ្ចើមស្តំាធ្លាយក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្បែររថយន្តរបស់ខ្លួនកាលពីចន្លោះម៉ោង១ទៅ២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ តុលា ២០១៤ នៅចំណុចព្រៃ ក្នុងភូមិទួលពន្លៃ ឃុំខ្សឹម ស្រុកស្នួល ។
តាមការសន្និដ្ឋានជំហានដំបូង ករណីឃាតកម្មបាញ់សម្លាប់អ្នកកាសែតខាងលើនេះ អាចពាក់ព័ន្ឋនឹងជំនួញឈើប្រណីត ។
ចែករំលែកព័តមាននេះ