ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​តែ​លោភលន់​គ្មាន​ព្រំដែន គឺជា​កុលាប​បន្លា​ពិស​ដ៏​គ្រោះថ្នាក់

9 ឆ្នាំ មុន

​ខ្ចីដៃ​សម្លា.ប់​មនុស្ស
ប៉ា​ទ្រី​សៀ អាល់​លែ​ន​សុ​ន កើត​ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា និង​មានគ្រួសារ​ថ្មី រៀង​ៗ​ខ្លួន ទុក​កូនស្រី​តូច​ឱ្យ​ជីដូន​ខាង​ម្តាយ និង​ម្តាយមីង​ចិញ្ចឹម​បីបាច់ ។ នាង​ជា​ក្មេង​ស្រី​ស្អាត​តាំងពី​តូច ។ ដោយសារ​ជីដូន និង​ម្តាយមីង​អាណិត​នាង​កំ​ព្រី​កំព្រា​ខំ​ចិញ្ចឹម​ដោយ​ទឹកចិត្ត​ស្រ​ទ្បា​ញ់​អស់ពី​ពោះ​ពី​ពង់ ទំយើ​គ្រប់យ៉ាង​ចង់បាន​អី​បាន​ហ្នឹង ជា​ហេតុ​នាំ​ឱ្យ​នាង​បានចិត្ត​ហ៊ាន​ធ្វើ អ្វី​ៗ​តាម​ចិត្ត​ខ្លួន ។

​ខ្ចីដៃ​សម្លាប់​មនុស្ស
ប៉ា​ទ្រី​សៀ អាល់​លែ​ន​សុ​ន កើត​ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា និង​មានគ្រួសារ​ថ្មី រៀង​ៗ​ខ្លួន ទុក​កូនស្រី​តូច​ឱ្យ​ជីដូន​ខាង​ម្តាយ និង​ម្តាយមីង​ចិញ្ចឹម​បីបាច់ ។ នាង​ជា​ក្មេង​ស្រី​ស្អាត​តាំងពី​តូច ។ ដោយសារ​ជីដូន និង​ម្តាយមីង​អាណិត​នាង​កំ​ព្រី​កំព្រា​ខំ​ចិញ្ចឹម​ដោយ​ទឹកចិត្ត​ស្រ​ទ្បា​ញ់​អស់ពី​ពោះ​ពី​ពង់ ទំយើ​គ្រប់យ៉ាង​ចង់បាន​អី​បាន​ហ្នឹង ជា​ហេតុ​នាំ​ឱ្យ​នាង​បានចិត្ត​ហ៊ាន​ធ្វើ អ្វី​ៗ​តាម​ចិត្ត​ខ្លួន ។

រៀន​ចប់​បឋម​សិក្សា​ក៏​ឈប់​រៀន ហើយ​មាន​ប្តី​ពេល​អាយុ​ទើបតែ​១៥ឆ្នាំ ។ ប្តី​នាង​ជា​នាយទាហាន​ថ្នាក់ទាប មានទ្រព្យ​សម្បត្តិ​ល្មមតែ​រស់​សមរម្យ​ប៉ុណ្ណោះ ។ ពួក​គេ​រស់នៅ​ជាមួយ​គ្នា​មានកូន​៣​នាក់ ។ បន្ទាប់​ពី​បានកូន​៣​នាក់ ប៉ា​ទ្រី​សៀ ចាប់ផ្តើម​កើត​គំនិត​ពុំ​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែល​កំពុង​មាន ព្រោះ​មើលទៅ​អ្នកខ្លះ​ឃើញ​ចាញ់​គេ​ឆ្ងាយពេក ។ ហេតុនេះ​នាង​បេ្ត​ជ្ញា​លែងលះ​គ្នា​ទាល់តែ​បាន ដោយ​ប្រគល់​កូន​ទាំង​៣​នាក់ ឱ្យ​ប្តី​ចិញ្ចឹម​ម្នាក់ឯង ឯ​ខ្លួនឯង​ស្វែងរក​ប្រុស​ថ្មី​ដែល​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ។

ថ្វីបើ​មានកូន​៣​នាក់​ក្តី តែ​ប៉ា​ទ្រី​សៀ​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង ស្រី​ៗ​ក្នុង​តំបន់ មិន​ពិបាក​ក្នុង​ការ​ទាក់​ប្រុស​ឱ្យ​សម​នឹង​ចិត្ត​ចង់បាន​របស់​ខ្លួន​ទ្បើ​យ ។ ហេតុនេះ​ក្រោយ​លែងលះ​ប្តី​មុន​បាន​២​ឆ្នាំ ប៉ា​ទ្រី​សៀ ក៏​ទាក់​បាន​ប្រុស​ដែល​ខ្លួន​ត្រូវការ ។ ក្នុង​ក្លឹ​ប​ប្រណាំង​សេះ ប៉ា​ទ្រី​សៀ បាន​ជួប ថម អាល់​លែ​ន​សុខ កូនប្រុស​អ្នកមាន​ស្តុក ។ ថម​មិន​ត្រឹមតែ​ជា​កូន​អ្នកមាន​ធំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ចំណូលចិត្ត​មើល​ការ​ប្រណាំងសេះ​ដូច​ប៉ា​ទ្រី​សៀ​ដែរ ព្រមទាំង​មាន​សេះ​ប្រណាំង​ផ្ទាល់ខ្លួន​មួយ​ក្បាល​យ៉ាង​ស្អាត​ទៀត ។ ជាមួយ​ភាព​ប៉ិន​ប្រសប់​ទាក់​ប្រុស ប៉ា​ទ្រី​សៀ មិន​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ថម​ឈ្លក់​វង្វេង និង​ហ៊ាន​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ខ្លួន​ទ្បើ​យ ។ បញ្ហា​នៅ​ត្រង់​ថា ថម​មាន​ប្រពន្ធ ហើយ​ឪពុក​ម្តាយ​ថម​ស្រ​ទ្បា​ញ់​កូនប្រសា​ស្រី​យ៉ាង​ខ្លាំង ប្រឆាំង​ដាច់ខាត​អត់ឱ្យ​ថម​លែងលះ​ប្រពន្ធ ។

ប៉ុន្តែ​ថ្វីបើ​មាន​អាយុ​តិច​ជាង​ប៉ា​ទ្រី​សៀ​ដល់​ទៅ​៥​ឆ្នាំ តែ​ដោយ​ត្រូវ​សម្រស់​និង​ល្បិច​ប៉ិន​ប្រសប់​របស់​ប៉ា​ទ្រី​សៀ ធ្វើ​ឱ្យ​វង្វេងវង្វាន់ ថម​អត់​ខ្ចី​ស្តាប់​ឪពុក​ម្តាយ​ទេ ជម្នះ​លែងប្រពន្ធ​ចោល​ទាល់តែ​បាន ហើយ​ទៅ​រក​ប៉ា​ទ្រី​សៀភ្លាម ។ ប្រការ​នេះ​ធ្វើ​ឱ្យ​ការ​ទាក់ទង​រវាង​ថម​និង​ឪពុក​ម្តាយ​តឹងតែង​ខ្លាំង រហូត​ត្រូវ​ឪពុក​ម្តាយ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​គ្រប់យ៉ាង ថែម​ទាំង​បណ្តេញ​ចេញពីផ្ទះ​ទៀត ។ ទោះ​ដូច្នេះ​ក្តី​ក៏​មិន​អាច​ធ្វើ​ឱ្យ​ថម​ផ្លាស់​ប្តូរ​អ្វី​បាន ព្រោះ​គេ​ងប់​នឹង​ប៉ា​ទ្រី​សៀ​ខ្លាំង​ពេក​ទៅ​ហើយ ។ ថម​ចាប់ផ្តើម​ប្រើ​ឈ្មោះ​គ្រួសារ​ទៅ​ខ្ចីប្រាក់​មិត្តភក្តិ និង​ដៃគូ​រកស៊ី​របស់​គ្រួសារ ខណៈ​គ្រួសារ​អត់​ដឹង​អ្វី​សូ​ម្បី​បន្តិច ។ គេ​ខ្ចីប្រាក់​រហូត​ដល់​អាច​ទិញ​បាន​កសិដ្ឋាន​មួយ​ទំហំ​២​ហិ​កតា នៅ​ហ្ស​ក​ហ្ស៊ី ហើយ​ចាត់ចែង​ពិធី​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ឧ​ទ្បា​រិ​ក​នៅ​កសិដ្ឋាន​នោះ ។

អ្វី​គ្រប់យ៉ាង​ហាក់ដូច​សមតា​ម​បំណងប្រាថ្នា​សម្រាប់​ប៉ា​ទ្រី​សៀ តែ​បែរជា​អាក្រក់​សម្រាប់​ថម ព្រោះ​ជំពាក់​បំណុល​គេ​ច្រើន ណាមួយ​មិត្តភក្តិ និង​ដៃគូ​រកស៊ី​របស់​គ្រួសារ​ដឹង​រឿង​ខ្លួន​ទាស់​គ្នា​ជាមួយ​ឪពុក​ម្តាយ​រហូត​ដល់​ត្រូវ​បណ្តេញ​ចេញពីផ្ទះ គេ​លែងឱ្យ​ខ្ចីប្រាក់​ទៀត នាំ​ដល់​ជីវភាព​ជួប​ការ​លំបាក​សម្រាប់​២​នាក់​ដែល​ដឹង​តែ​ដើរ​លេង​សប្បាយ ។ ស្របគ្នា​នោះ ចាប់ផ្តើម​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ហើរ​ចូល​ត្រចៀក​ឪពុក​ម្តាយ​ថម​ផង ហើរ​ចូល​ត្រចៀក​ថម​ផង ។ ឪពុក​ម្តាយ​ថម​ឮ​ពាក្យ​គម្រាម និង​ឮ​ព័ត៌មាន​ថា ថម​ចង់​សម្លាប់​ពួក​គាត់​ចោល ។ ចំណែក​ថម​ឮ​ព័ត៌មាន​ថា ឪពុក​ម្តាយ​ចង់​ជួល​មនុស្ស​ឱ្យ​បាញ់​សម្លាប់​ខ្លួន​ចោល​ដែរ ។ មិនតែប៉ុណ្ណោះ​ឪពុក​ម្តាយ​ថម​ប្តឹង​ប៉ូលិស​ថា បាត់​កាំភ្លើង​មួយ​ដើម សង្ស័យ​ថម​ជា​អ្នក​លួច ប៉ុន្តែ​ប៉ូលិស​ឆែកឆេរ​មើល​សព្វគ្រប់​អត់​ឃើញ​កាំភ្លើង​ដែល​បាត់​នោះ​នៅផ្ទះ​ថម​ទេ ។ ទន្ទឹម​គ្នា​នេះ សភាពការណ៍​ដែល​កំពុង​តែ​អាក្រក់ ស្រាប់តែ​មានរឿង​អាក្រក់​មួយទៀត​កើត​ទ្បើ​ង គឺ សុខ​ៗ​សេះ​ប្រណាំង​របស់​ថម​ពុំ​ដឹង​ជា​អ្នក​ណា​លួច​ចាញ់​ងាប់ស្តូក ធ្វើ​ឱ្យ​ថម​គិត​ថា​ឪពុក​ម្តាយ​ខ្លួន​ចង់​បំផ្លិចបំផ្លាញ​ខ្លួន​ឱ្យ​រលត់​រលាយ ។

ទំនាស់ និង​ការ​សង្ស័យ​គ្នា​ចេះ​តែ​បន្ត​តឹងតែង​ខ្លាំង​ទ្បើ​ង នាំ​ដល់​ឪពុក​ម្តាយ​ថម​បង្ហើរពាក្យ​ថា ពួក​គាត់​នឹង​ធ្វើ​បណ្តាំមរតក​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ឱ្យ​ប្រពន្ធ​មុន​របស់​ថម ចំណែក​ថម​ទោះ​ប៉ុន​ចុង​ក្រចក​ក៏​ពួក​គាត់​មិន​ឱ្យ​ដែរ ។ ឮ​ពាក្យ​នេះ​ប៉ា​ទ្រី​សៀ តូចចិត្ត​ណាស់ ព្រោះ​យល់​ថា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទាំងនោះ ត្រូវ​តែ​ធ្លាក់​មក​លើ​ដៃ​ខ្លួន ។ ថ្ងៃមួយ ថម​មក​ដល់​ផ្ទះ​ឃើញ​ប៉ា​ទ្រី​សៀ​មាន​ភាព​ភិតភ័យ​ស្លេកស្លាំង កំពុង​ពួន​ក្នុង​បន្ទប់ ។ លុះ​សួរ​ថា មានរឿង​អី ប៉ា​ទ្រី​សៀ​ឆ្លើយ​ថា​មុន​នេះ​បន្តិច លោក Waltes ដែល​ជា​ឪពុក​របស់​ថម​បាន​មក​ដល់​ផ្ទះ ពេល​មក​ដល់​ឃើញ​នាង​នៅ​ម្នាក់ឯង​ក៏​ស្នើ​សុំ​នាង​ទ្បើ​ង​គ្រែ​ជាមួយ​គ្នា ។ នាង​និយាយ​ទៀត​ថា ដល់​ដំណាក់​កាល​នេះ​ហើយ បើ​មិន​ដោះស្រាយ​ផ្តាច់ព្រ័ត្រ​ទេ សភាពការណ៍​កាន់តែ​អាក្រក់​មិន​ខាន ។ ថម​មិនដឹង​ល្បិច​របស់​ស្រី​លោភលន់ ឮ​និយាយ​ដូច្នេះ​ក៏​មាន​អារម្មណ៍​ត្រូវ​បំពារបំពាន​ធ្ងន់​បំផុត ត្រូវ​តែ​ដោះស្រាយ​ផ្តាច់ព្រ័ត្រ​នៅ​ពេល​នេះ ដូច​ការ​ចង់បាន​របស់​ប៉ា​ទ្រី​សៀ ។

មែន​! ស្អែក​ទ្បើ​ង​អ្នកផង​ផ្អើល​គិល​ឃើញ​ប្តី​ប្រពន្ធ​លោក Waltes ត្រូវ​បាញ់​ស្លាប់​ក្នុងផ្ទះ ។ រាង​កាយ​២​នាក់​ប្តី​ប្រពន្ធ​មាន​ស្នាម​គ្រាប់​បាញ់​ត្រូវ​ច្រើន​កន្លែង​ដូច​គ្នា ។ ដោយ​ដឹង​ច្បាស់​ថម និង​ឪពុក​ម្តាយ​ខ្លួន​ចងគំនុំ​គ្នា​យូរហើយ ប៉ូលិស​ក៏​ទៅ​ចាប់​ថម​តែ​ម្តង មិនបាច់​ស្រាវជ្រាវ​រក​ជន​ដៃដល់​ពិតប្រាកដ​ណា​ទៀត​ទេ ។ ដំបូង​ថម​ប្រកែក​ញ៉ា​ញ​ថា ខ្លួន​អត់​បាន​ប្រព្រឹត្ត លុះ​ក្រោយមក​ដឹង​ថា មិន​អាច​រួចខ្លួន​ក៏​សារភាព​ថា ស្នាដៃ​ខ្លួន​មែន តែ​ខ្លួន​គ្រាន់តែ​បាញ់​ការពារ​ខ្លួន​ប៉ុណ្ណោះ ដឹង​អី​ត្រូវ​ពួក​គាត់​ស្លាប់​យ៉ាងនេះ ។ គេ​និយាយ​ថា ឪពុក​របស់​គេ​បាញ់​រះ​មក​លើ​រូបគេ​មុន ពេល​គេ​ចូល​ផ្ទះ​ក្នុង​បំណង​សួរនាំ​ឱ្យ​ដឹង​រឿងហេតុ​ច្បាស់ ។ ពេល​នោះ គេ​បាញ់​ព្រមាន​ទៅ​វិញ​ដើម្បី​បញ្ឈប់​សកម្មភាព​ឪពុក ហើយ​ក៏​មិន​នឹក​ស្មានថា ម្តាយ​នៅ​ឈរ​ក្បែរ​នោះ​ដែរ ធ្វើ​ឱ្យ​គ្រាប់​បាញ់​ព្រមាន​នោះ ត្រូវ​ពួក​គាត់​ទាំង​២​នាក់​ក្នុង​ពេល​តែ​មួយ ។ ប៉ុន្តែ​តុលាការ​យល់​ថា យក​កាំភ្លើង​ជាប់​ខ្លួន​ពេល​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ដែល​មាន​ទំនាស់​គ្នា គឺ​មាន​ចេតនា​ចាញ់​សម្លាប់​មនុស្ស​ច្រើន​ជាង ដើម្បី​បាញ់​ការពារ​ខ្លួន ។ ហេតុនេះ ថម​ត្រូវ​តុលាការ​វិនិច្ឆ័យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ពេលវេលា​ដែល​ថម​ត្រូវ​ចាប់ខ្លួន គឺ​ពេល​ដែល​ថម​និង​ប៉ា​ទ្រី​សៀ ទើបតែ​រស់នៅ​ល្អូកល្អិន​ជាមួយ​គ្នា​បាន​២​ខែ ។ ឥ​ទ្បូ​វ​ថែម​ជាប់គុក​ធ្វើ​ឱ្យ​ប៉ា​ទ្រី​សៀ​ឈឺចាប់​រក​អ្វី​បៀ​ប​ផ្ទឹម​ពុំ​បាន ។ ថ្ងៃមួយ​ខណៈ​ទៅ​សួរសុខទុក្ខ​ប្តី​ក្នុង​ពន្ធនាគារ ប៉ា​ទ្រី​សៀ​ប្រគល់​សំបុត្រ​មួយ​ឱ្យ​ថម ។ សេចក្តីសំបុត្រ​និយាយ​ថា «​យើង​ទាំង​២​នាក់​មិន​អាច​រស់នៅ​ដោយ​អត់​គ្នា​បាន​ទេ ដូច្នេះ​យើង​ទាំង​២​នាក់​គួរតែ​ធ្វើ​អត្តឃាត​ដើម្បី​កុំឱ្យ​បែក​គ្នាទៀត​» ។ ថម​ពិចារណា​យ៉ាងច្រើន ហើយ​កាន់តែ​កើត​ចិត្ត​ស្រ​ទ្បា​ញ់​ប៉ា​ទ្រី​សៀ​ខ្លាំង​ជាង​មុន តែ​គ្មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​សម្លាប់​ខ្លួន ។ ប៉ា​ទ្រី​សៀ​ក៏​ដូច​គ្នា ព្រោះ​នាង​កំពុង​គិត​ឃើញ​ល្បិច​មួយ​ក្នុង​ការ​លេប​យក​ទ្រព្យសម្បត្តិ​របស់​ត្រកូល​អាល់​លែ​ន​សុ​ន​ឱ្យ​ទាល់តែ​បាន ។

ចិត្ត​លោភលន់​គ្មាន​ព្រំដែន
ក្រោយ​ពេល​ថម​ជាប់​ពន្ធនាគារ​បាន​មួយ​រយៈ ប៉ា​ទ្រី​សៀ​ទទួលយក​ជីតា និង​ជីដូន​របស់​ថម​មក​នៅផ្ទះ​ជាមួយ ដើម្បី​មើលថែ​ពួក​គាត់ ។ ស្រី​ពិសពុល​ម្នាក់​នេះ ពូកែ​ណាស់​ខាង​និយាយ​ឱ្យ​គេ​ជឿ​លើ​ខ្លួន ហេតុនេះ​លោកតា Papaw និង​លោកយាយ Nona យល់ព្រម​នៅ​ជាមួយ​នាង​ឱ្យ​នាង​បម្រើ​បីបាច់ ព្រោះ​គិត​ថា​ថ្វីបើ​ចៅប្រុស​ជាប់​ពន្ធនាគារ តែ​ប៉ា​ទ្រី​សៀ​នៅ​តែ​ជា​ចៅ​ប្រសា​ស្រី​ចិត្តបាន​គួរ​ឱ្យ​សរសើរ​ណាស់ ។

ប៉ា​ទ្រី​សៀ​សម្តែង​ល្ខោន​មើលថែ ចាស់​ៗ​ទាំង​២​នាក់​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ធ្វើ​ឱ្យ​លោកតា​និង​លោកយាយ​មាន​អារម្មណ៍​កក់ក្តៅ​ទ្បើ​ង​វិញ បន្ទាប់​ពី​បាត់បង់​កូនប្រុស​និង​កូនប្រសា​ស្រី ហើយ​ចៅប្រុស​តែ​មួយ​គត់​ក៏​ត្រូវ​ជាប់គុក​ទៀត ។ ប៉ា​ទ្រី​សៀ​ឧស្សាហ៍​និយាយ​ជាមួយ​ពួក​គាត់​ថា ថ្វីបើ​ថម​ជាប់​ពន្ធនាគារ តែ​ថម​ជា​ចៅ​តែ​ម្នាក់​គត់​របស់​ពួក​គាត់ ដូច្នេះ​មាន​តែ​ថម​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទទួល​មរតក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ត្រកូល​អាល់​លែ​ន​សុ​ន ។ សម្តី​នេះ​ធ្វើ​ឱ្យ​លោកតា​និង​លោកយាយ​ពេញចិត្ត​យ៉ាង​ខ្លាំង ថែម​ទាំង​សរសើរ​ប៉ា​ទ្រី​សៀ​និយាយ​ត្រឹមត្រូវ​ទៀត​ផង ។ ហេតុនេះ ថ្ងៃមួយ​ពួក​គាត់​ហៅ​មេធាវី​របស់​ពួក​គាត់​ទៅ​កែ​បណ្តាំមរតក ដោយ​កែ​ឈ្មោះ​កូនប្រុស​និង​កូនប្រសា​ស្រី ដែល​ស្លាប់​ទៅ​ហើយ​នោះ មក​ជា​ឈ្មោះ​ថម និង​ប៉ា​ទ្រី​សៀ​វិញ ។

អ្នកស្រី Jean Boggs ដែល​ជា​កូនស្រី​របស់​លោកតា Papaw និង​លោកយាយ Nona នឹក​អន់ចិត្ត​ដែល​ឪពុក​ម្តាយ​ខ្លួន​ជឿ​តាម​ការ​លួងលោម​របស់​ប៉ា​ទ្រី​សៀ យល់​ព្រមទៅ​រស់នៅ​ជាមួយ​នាង ព្រោះ​អ្នកស្រី​គិត​ឃើញ​ថា ប៉ា​ទ្រី​សៀ​មានចិត្ត​កាច​សាហាវ​ណាស់ មិនមែន​ជា​ស្រី​ល្អ​ទេ ប្រហែលជា​កំពុង​ចិញ្ចឹម​ផែនការ​អាក្រក់​អ្វី​ម្យ៉ាង​ហើយ តែ​ពួក​គាត់​អត់​ជឿ​កូនស្រី​ខ្លួនឯង ជម្នះ​ទៅ​នៅ​ជាមួយ​ប៉ា​ទ្រី​សៀ​ទាល់តែបាន ។ តាំងពី​ឪពុក​ម្តាយ​ទៅ​រស់នៅ​ជាមួយ​ប៉ា​ទ្រី​សៀ អ្នកស្រី​បុក​ពោះ​រាល់ថ្ងៃ ជាមួយ​អារម្មណ៍​ហាក់ដូច​ឃើញ​គ្រោះថ្នាក់​កំពុង​ក្រវែល​តាម​ក្រោយ​ឪពុក​ម្តាយ ។

មែន​! ខណៈ​អ្នកស្រី​ចេះ​តែ​ព្រួយបារម្ភ​ដូច្នេះ ស្រាប់តែ​ថ្ងៃមួយ​បាន​ទទួល​ទូរស័ព្ទ​របស់​លោកតា Papaw ជា​ឪពុក​ប្រាប់​ពី​សុខភាព​លោកយាយ Nona ដែល សុខ​ៗ​មានការ​ប្រែប្រួល​ខ្លាំង​ដើរ​លែង​រួច ហើយ​មាន​ទំនង​វិ​វ​ឌ្ឍ​ទៅ​រក​ភាពអាក្រក់​ទ្បើ​ង​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​បារម្ភ ។ លោកតា Papaw ថែម​ទាំង​និយាយ​ទៀត​ថា តាំងពី​ថ្ងៃ​មក​នៅ​ជាមួយ​ប៉ា​ទ្រី​សៀ ថ្វីបើ​បាន​នាង​បីបាច់​ថែរក្សា​យ៉ាង​ល្អ​បំផុត តែ​សុខភាព​គាត់​អត់​ល្អ ។ សង្ស័យ​មានរឿង​អាក្រក់​កើត​ទ្បើ​ង​ចំពោះ​ឪពុក​ម្តាយ​ខ្លួន អ្នកស្រី Jean Boggs ប្រញាប់ប្រញាល់​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ ភ្លាម​នោះ​ទាំង​លោកតា Papaw ទាំង​លោកយាយ Nona ត្រូវ​បាន​ដឹក​យក​ទៅ​ពិនិត្យ​សុខភាព ហើយ​លទ្ធផល​ចេញ​មក​បង្ហាញ​ច្បាស់​ថា ចាស់​ៗ​ទាំង​២​រូប​នេះ មាន​ជាតិពុល asen ក្នុង​ខ្លួន​ខ្ពស់ ។

ខណៈ​ប៉ា​ទ្រី​សៀ​ខិតខំ​ជួល​មេធាវី​ពូកែ​មក​ជួយ​ដោះ​បន្ទុក​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​បំពុល​សម្លាប់​មនុស្ស ស្រាប់តែ​កូនស្រី​របស់​នាង​ជាមួយ​ប្តី​មុន ដែល​នាង​ទើបតែ​យក​មក​នៅ​ជាមួយ​បាន​មួយ​រយៈ​ចុង​ក្រោយ​នេះ ចេញ​មុខ​ធ្វើ​សាក្សី​និយាយ​ប្រាប់​តុលាការ​ថា ខ្លួន​បាន​លួច​មើលឃើញ​ម្តាយ​បង់​ថ្នាំពុល​តិចតួច​ជា​រៀងរាល់ថ្ងៃ​ក្នុង​ម្ហូប ដែល​ធ្វើ​ជូន​លោកតា លោកយាយ​ហូប ។ នាង​និយាយ​ទៀត​ថា នាង​តូចចិត្ត​ណាស់​ដែល​មាន​ម្តាយ​ជា​មនុស្ស​ចិត្តសាហាវ​ដូច​បិសាច​អុ​ី​ចឹ​ង ។ ហេតុនេះ ប៉ា​ទ្រី​សៀ​អស់​ផ្លូវ​គេចកែ​ក៏​ត្រូវ​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី ក៏​ប៉ា​ទ្រី​សៀ​ប្រើ​គ្រប់​មធ្យោបាយ​ជួយ​ឱ្យ​ខ្លួនឯង​បាន​ចេញពី​ពន្ធនាគារ​វិញ មុន​កំណត់​ទាល់តែ​បាន ហើយ​ចាប់ផ្តើម​កសាង​ជីវិត​ជា​ថ្មី ។ នាង​មិន​សុខចិត្ត​ទេ ដែល​ឥ​ទ្បូ​វសល់​តែ​បាតដៃ​ទទេ ខណៈ​ក្នុង​ចិត្ត​ចង់​សោយសុខ​លើ​គំនរ​មាសប្រាក់​មហាសាល ។ ចុង​ក្រោយ​នាង​សំ​ទ្បឹ​ង​ឃើញ​ប្តី​ប្រពន្ធ​ចាស់​មួយគូ​មានទ្រព្យ​សម្បត្តិ​ច្រើន​គួរសម ក៏​បញ្ចុះបញ្ចូល​ឱ្យ​ពួក​គាត់​ជួល​នាង​ជួយ​បីបាច់​ថែរក្សា​ក្នុង​វ័យ​ជរា ។

ទោះបី​រក​ការងារ​បាន​ធ្វើ​យ៉ាងនេះ​ក្តី ក៏​ប៉ា​ទ្រី​សៀ​នៅ​តែ​លោភលន់​ខំ​ច្បាម​យក​រក​ទ្រព្យសម្បត្តិ​តាម​គ្រប់​មធ្យោបាយ មិនយូរ​ប៉ុន្មាន​លួច​បំពុល​ប្តី​ប្រពន្ធ​ចាស់​នោះ ដោយ​ថ្នាំពុល asen ទៀត ហើយ​ក៏​ត្រូវ​ជាប់គុក​ទៀត​ជា​លើក​ទី​២ ។ ក្រោយមក​ក្នុង​វ័យ​៧០​ឆ្នាំ ជា​វ័យ​ដែល​អ្នកផង​រស់​ស្ងៀម​សប្បាយ​ជាមួយ​កូនចៅ និង​ខំ​ថែទាំ​សុខភាព​ឱ្យ​ល្អ ប៉ា​ទ្រី​សៀ​បែរជា​ត្រូវ​ចាប់ខ្លួន​ជា​លើក​ទី​៣ ពី​បទ​លក់ដូរ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ខុសច្បាប់​រាប់​ពាន់​គ្រាប់ ។ ជីវិត​របស់​ស្ត្រី​លោភលន់​គ្មាន​ព្រំដែន​បញ្ចប់​ទៅ​វិញ​ដូច្នេះ​ឯង​។ នេះ​ជា​កំណត់​ត្រា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ជីវិត​ស្រី​ស្អាត​ម្នាក់ ៕ 

តាម​ឯកសារ​បរទេស