ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​រថយន្ត​ឱ្យ​មិត្តភក្តិ​ទៅរកស៊ី បែរ​ជាយកទៅបញ្ចាំ​ ប្តឹងប៉េអឹមឱ្យ​ជួយយក​ត្រឡប់មកវិញ​ ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​​យក​រថយន្ត​កាម​​រី​ស៊េរី​ឆ្នាំ​៩៣ ចង្កូត​ស្តាំ​​របស់​ខ្លួន​​មួយ​គ្រឿង​ទៅ​ជួល​​ឱ្យ​​មិត្តភក្តិ​ជិត​ដិត​ម្នាក់ ដើម្បី​ឱ្យ​រក​ស៊ី​ដឹក​ផ្លែ​ឈើ​​ពី​ថៃ​មក​​ស្រុក​ខ្មែរ ត្រង់​​ច្រកព្រំដែន​​ខេត្ត​ប៉ៃ​លិន លុះ​ជួល​​មិន​ទាន់​បាន​​១​ខែ​​ផង ស្រាប់តែ​មិត្តភក្តិ​នោះ​យក​រថយន្ត​​របស់​​ខ្លួន​ទៅ​បញ្ចាំ​​ឱ្យ​បុរស​ម្នាក់​​ទៀត ដោយ​យក​​ប្រាក់​ចំនួន​​៥​ម៉ឺន​បាត (​ប្រាក់​ថៃ​) ទៅ​ចាយវាយ​​លេងល្បែង​កាស៊ីណូ និងស្រី​ញី​​​អស់រលីង រួច​រត់​

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​​យក​រថយន្ត​កាម​​រី​ស៊េរី​ឆ្នាំ​៩៣ ចង្កូត​ស្តាំ​​របស់​ខ្លួន​​មួយ​គ្រឿង​ទៅ​ជួល​​ឱ្យ​​មិត្តភក្តិ​ជិត​ដិត​ម្នាក់ ដើម្បី​ឱ្យ​រក​ស៊ី​ដឹក​ផ្លែ​ឈើ​​ពី​ថៃ​មក​​ស្រុក​ខ្មែរ ត្រង់​​ច្រកព្រំដែន​​ខេត្ត​ប៉ៃ​លិន លុះ​ជួល​​មិន​ទាន់​បាន​​១​ខែ​​ផង ស្រាប់តែ​មិត្តភក្តិ​នោះ​យក​រថយន្ត​​របស់​​ខ្លួន​ទៅ​បញ្ចាំ​​ឱ្យ​បុរស​ម្នាក់​​ទៀត ដោយ​យក​​ប្រាក់​ចំនួន​​៥​ម៉ឺន​បាត (​ប្រាក់​ថៃ​) ទៅ​ចាយវាយ​​លេងល្បែង​កាស៊ីណូ និងស្រី​ញី​​​អស់រលីង រួច​រត់​គេច​​ខ្លួន​បាត់​ស្រមោល លុះ​ក្រោយមក​ មាន​គេ​ប្រទះឃើញ​រថយន្ត​ចត​​ទុក​ចោល​នៅ​កន្លែង​​បញ្ចាំ ក៏​ប្រាប់​ម្ចាស់​ឱ្យ​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉េ​អឹ​ម ដើម្បី​ចុះ​ទៅ​យក​ត្រឡប់​​មក​ផ្ទះ​​វិញ ។

ការ​​ចុះ​ទៅ​យក​​រថយន្ត​នេះ​​​កើតឡើងកាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​កញ្ញា ​២០១៤ ស្ថិត​នៅ​ភូមិ​ដី​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ ។

ប្រភព​បាន​ឱ្យ​ដឹងថា ម្ចាស់រ​ថយ​ន្ត​ឈ្មោះ​ជុំ សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធឈ្មោះឈឿ​ន ស្រី​ណុ​ច អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សួន​​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​មាន​​រថយន្ត​ម៉ាក​កាម​រី​​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​៩៣ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ បាត់​ដំបង 2A-2956  ។ ចំណែកអ្នក​​ជួល​រថយន្តឈ្មោះស៊ី​ណា ភេទ​ប្រុស អាយុ​ប្រហែល​​៤០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ រីឯ​អ្នក​ទទួល​​​បញ្ចាំឈ្មោះហែម ច​ន្ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​ម្ចាស់​រថយន្តបាន​រៀបរាប់​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​​ជួល​រថយន្ត​កាម​រី​នោះ​ឱ្យទៅ​មិត្តភក្តិ​ស្គាល់គ្នា​ជិតដិត​ម្នាក់ ឈ្មោះស៊ី​ណា ក្នុង​តម្លៃ​១​ខែចំនួន​៩០​ម៉ឺន​រៀល ដោយ​ជួល​តាំងពី​ថ្ងៃ​ទី​០៥ កញ្ញា ​​២០១៤ ។ ហើយ​មាន​ធ្វើ​កិច្ចសន្យា និងមាន​សាក្សី​ផ្តិត​មេដៃ​ដឹង​ឮ​ត្រឹមត្រូវ ។

ប្រភព​បន្ត​ទៀត​ថា មុន​ដំបូងជនសង្ស័យ​នោះបាន​បង់ប្រាក់​នៅដើមខែចំនួន​ពាក់កណ្តាលដោយ​សន្យា​ថា នៅ​ចុងខែ​បង់​ជូន​ម្ចាស់​រថយន្ត​បន្ត​ទៀត​គ្រប់​ចំនួន ។  លុះ​ក្រោយមក​ជិត​ដល់​ចុងខែ ម្ចាស់​រថយន្ត​បាន​ទាក់​ទងទៅ​អ្នក​ជួល​តាម​ទូរស័ព្ទគេ​ឆ្លើយ​ប្រាប់​ថា កំពុង​ដឹក​អី​វ៉ា​ន់​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ ។ ​ម្ចាស់​រថយន្ត​ក៏​មិន​ចាប់​អាម្ម​ណ៍​នោះ​ដែរ ព្រោះ​អត់​ធ្លាប់​ឃើញ​រថយន្ត​របស់​ខ្លួន​ត្រូវ​គេ​បើក​បរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទេ តាំងពី​មិត្តភក្តិ​ជួល​រួច​មក ។​ ស្រាប់តែ​មាន​មិត្តភក្តិ​ម្នាក់​ទៀត ឃើញ​រថយន្ត​របស់​គេ​ចត​ទុក​ចោល​នៅ​ក្រោម​ដើមក្រខុបហាលភ្លៀង ហាលខ្យល់ ដោយ​យក​ទៅ​បញ្ចាំ​ឱ្យ​បុរស​ម្នាក់​ទៀតឈ្មោះហែម ច​ន្ថា ហើយ​ក៏​លួច​សួរនាំ​ម្ចាស់​រថយន្ត​ថា ​រូបគេ​ពិតជា​យក​រថយន្ត​ទៅ​បញ្ចាំ​មែនឬ​អត់ ។

ពេល​នោះ​ម្ចាស់​ភ្ញាក់ខ្លួន​ព្រើត ដោយ​មិន​ជឿ​គេ​និ​យាយ ហើយ​ប្រាប់​ថា ជួល​ឱ្យ​មិត្តភក្តិ​ជិត​១​ខែ​មក​ហើយ លុះ​ឮ​ដូច្នេះ ក៏​ខ្ចី​រថយន្ត​ប្អូន​ទៅ​សង្កេតមើល ទើប​ឃើញ​ដូច​អ្វី​ដែល​គេ​ប្រាប់​មែន លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្តឱ្យ​ចុះ​ទៅ​សួរនាំ និងយក​រថយន្ត​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព