ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ ៖ បោះ​ប្រជាមតិ​ពី​ឯករាជ្យ​កា​តា​ឡូញ​ត្រូវ​ផ្អាក

9 ឆ្នាំ មុន

តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា សម្រេច​ផ្អាក​ការ​រៀបចំ​បោះ​ប្រជាមតិ​ពី​ឯករាជ្យ​ភាព​នៃ​តំបន់​កា​តា​ឡូញ​ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ ដោយ​ទុក​ពេល​ពិនិត្យ​ថា​តើ​ការ​បោះ​ប្រជាមតិ​នេះ​រំលោ.ភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់ ។ យោង​​តាម​អ្នកនាំពាក្យ​របស់​តុលាការ​ធម្មនុញ្ញ​ថា ចៅក្រម​១២​រូប​នៃ​ស្ថាប័ន​តុលាការ​នេះ បាន​អនុម័ត​ការ​សម្រេចចិត្ត​នេះ ក្រោយ​កិច្ចប្រជុំ​

តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា សម្រេច​ផ្អាក​ការ​រៀបចំ​បោះ​ប្រជាមតិ​ពី​ឯករាជ្យ​ភាព​នៃ​តំបន់​កា​តា​ឡូញ​ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ ដោយ​ទុក​ពេល​ពិនិត្យ​ថា​តើ​ការ​បោះ​ប្រជាមតិ​នេះ​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់ ។ យោង​​តាម​អ្នកនាំពាក្យ​របស់​តុលាការ​ធម្មនុញ្ញ​ថា ចៅក្រម​១២​រូប​នៃ​ស្ថាប័ន​តុលាការ​នេះ បាន​អនុម័ត​ការ​សម្រេចចិត្ត​នេះ ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រយៈពេល​១​ម៉ោង ដើម្បី​សិក្សា​លើ​ការ​ទាមទារ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ ។

នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​អេ​ស្ប៉ា​ញ លោក Mariano Rajoy ចាត់​ទុក​ការ​បោះ​ប្រជាមតិ​នេះ​ថា​ខុសច្បាប់ ។ តុលាការ​ធម្មនុញ្ញ​អាច​ត្រូវការ​ពេល​ជា​ច្រើន​ខែ រហូត​ដល់​ច្រើន​ឆ្នាំ មុន​ធ្វើការ​ប្រកាស​ពី​បញ្ហា​នេះ ការ​សម្រេច​ខាងលើ​នេះ​របស់​តុលាការ​នោះ នាំ​ឱ្យ​មានការ​ផ្អាក​ដោយ​ស្វ័យប្រវត្តិ​ការ​បោះ​ប្រជាមតិ​ដែល​បាន​គ្រោងទុក ។

ប្រធានាធិបតី​កា​តា​ឡូញ លោក Artur Mas ជា​អ្នក​ជាតិនិយម គាំទ្រ​ការ​បោះ​ប្រជាមតិ​អំពី​ឯករាជ្យ​ភាព បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មកនេះ​លើ​ក្រឹត្យ​មួយ​ដែល​គ្រោង​ធ្វើការ​បោះ​ប្រជាមតិ​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ។ចំណែក​លោកនាយក​រដ្ឋមន្ត្រី Mariano Rajoy បាន​បញ្ចេញ​ប្រតិកម្ម​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ថា​គ្មាន​ភាគី​ណាមួយ​នៃ​ប្រជាជន​អេ​ស្ប៉ា​ញ មាន​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​បែប​នោះ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំងមូល​ឡើយ ។

លោក Mariano Rajoy ថ្លែង​តាម​ទូរទស្សន៍ បន្ទាប់​ពី​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​របស់​រដ្ឋាភិបាល​លោក​ថា ខ្ញុំ​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ចំពោះ​ការ​សម្រេច​របស់​លោក Artur Mas ។ ខ្ញុំ​សោកស្តាយ​ព្រោះថា ការ​ធ្វើ​បែប​នោះ​វា​ផ្ទុយ​នឹង​ច្បាប់ និង​ហួស​ព្រំដែន​នៃ​លទ្ធិប្រជាធិបតេយ្យ បំបែក​កា​តា​ឡូញ​ធ្វើ​ឱ្យ​តំបន់​នោះ​ឃ្លាតឆ្ងាយ​ពី​អឺរ៉ុប និង​ផ្នែក​ឯទៀត​ៗ​របស់​អេ​ស្ប៉ា​ញ ព្រមទាំង​បំផ្លាញ ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​របស់​អេ​ស្ប៉ា​ញ ៕