ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បង្រៀន​បំប៉ន​បន្ថែមតៀមប្រលងមធ្យម​សិក្សា​ទុតិយ​ភូមិលើកទីពីរ ដោយ​មិន​យក​កម្រៃ

9 ឆ្នាំ មុន

មណ្ឌលគិរី​ ៖ ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មណ្ឌល​គិរី​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​បើក​វគ្គ​បង្រៀន​បំប៉ន​បន្ថែម​ទៅ​ដល់​សិស្ស​ ដែល​បាន​ប្រលង​ធ្លាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​កន្លង​មក​នេះ ​​ក្នុង​គោល​បំ​ណង​ដើម្បីព​ង្រីក​ការ​យល់​ដឹង​របស់​សិស្ស ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ប្រលង​លើក​ទី២

មណ្ឌលគិរី​ ៖ ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មណ្ឌល​គិរី​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​បើក​វគ្គ​បង្រៀន​បំប៉ន​បន្ថែម​ទៅ​ដល់​សិស្ស​ ដែល​បាន​ប្រលង​ធ្លាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​កន្លង​មក​នេះ ​​ក្នុង​គោល​បំ​ណង​ដើម្បីព​ង្រីក​ការ​យល់​ដឹង​របស់​សិស្ស ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ប្រលង​លើក​ទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៣-១៤ ​ខែតុលា ​ខាងមុខ​នេះ ​។

​លោក​ទឹម សង្វាត ​ប្រធាន​មន្ទីរ​អប់រំ​យុជន​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​លោក​បាន​ឲ្យ​គ្រូ​បង្រៀន​បំប៉ន​ទៅដល់​សិស្ស​ដែល​បាន​ប្រលង​ធ្លាក់​ដោយ​មិន​យក​កម្រៃ​ឡើយ ​ដែល​ក្នុង​នោះ​មាន​បី​មុខ​វិជ្ជា​គឺ ​គណិតវិទ្យា ​គីមីវិទ្យា ​និងជីវវិទ្យា ​។

​លោក​បាន​បន្ត​ថា ​ប៉ុន្តែ​ចំនួន​សិស្ស​ដែល​បាន​មក​រៀន​បំប៉ន​ទើប​តែមាន​ប្រមាណ​ជា​៦០នាក់​ប៉ុណ្ណោះ ​ក្នុង​ចំណោម ​សិស្សដែ​ល​បាន​ប្រលង​ធ្លាក់​១៤៦​នាក់​  ដូច្នោះ​លោក​សូម​អំពាវ​នាវ​ដល់​សិស្សា​នុសិស្ស​ដែល​បាន​ប្រលង​ធ្លាក់​កុំទាន់​អស់​សង្ឃឹម ​សូម​មក​រៀន​បំប៉ន​ឲ្យ​បាន​ច្រើន​ ដើម្បី​ត្រៀម​ប្រលង​លើក​ទី២ ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ ​។

លោក​ប្រធាន​មន្ទីរបាន​ឲ្យដឹង​ទៀត​ថា ចំពោះ​ការ​ប្រលង​លើក​ទី២នេះ ​បើ​តាម​គោលការណ៍​របស់​ក្រសួង​គឺត្រូវអនុវត្ត​វិន័យ​តឹងរឹង​ និង​មាន​ក្រុម​អ្នក​សង្កេតការណ៍​ដូច​ការ​ប្រលង​លើក​ទី១​ដែរ​ ដើម្បី​ចម្រាញ់​យក​គុណភាព​សិស្ស​ដែល​បាន​ប្រលង​ជាប់ ​។ លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​សិស្សានុ​សិស្ស​ដែល​ប្រលង​លើក​ទី២​ ក្នុង​ខេត្ត​មណ្ឌល​គិរីគឺ​ថ្នាក់វិទ្យាសាស្រ្ត ​ទាំងអស់ ​។

សូមរំលឹក​ផង​ដែរ​ថា ​នៅ​ខេត្តមណ្ឌលគិរី​មាន​មណ្ឌល​ប្រលង​មួយ​កន្លែង ​មាន​បេក្ខជន​ប្រលង​សរុប​ចំនួន​១៩១នាក់ ​ក្នុងនោះ​ស្រី​៧៧នាក់​ អវត្តមាន​មិន​បាន​មក​ប្រលង​២នាក់ ​។  ចំពោះ​សិស្សដែល​ប្រលង​ជាប់មាន​ចំនួន៤​៥នាក់​   ស្មើនឹង ​២៣,៨០% ​ក្នុងនោះ​ស្រី២៧នាក់ ​៕