ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ប៉ៃលិន​ គ្មាន​អនាម័យ ​និង​តម្លៃ​ខ្ពស់‏ ​

9 ឆ្នាំ មុន

​ខេត្តប៉ៃលិន​ ៖ ​គេ​ស​​ង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ រស់​នៅក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​បាន​រអ៊ូរទាំ​ និង​ រិះគន់​ទៅ​លើ​ថៅកែ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​​ ដែលមាន​ឈ្មោះ លីវ ជុងចំណាន​ ភេទប្រុស ​អាយុ​ជាង​៥០ឆ្នាំ​ ថា​យក​ថ្លៃខ្ពស់​ហួស​ពី​សមត្ថភាព

​ខេត្តប៉ៃលិន​ ៖ ​គេ​ស​​ង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ រស់​នៅក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​បាន​រអ៊ូរទាំ​ និង​ រិះគន់​ទៅ​លើ​ថៅកែ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​​ ដែលមាន​ឈ្មោះ លីវ ជុងចំណាន​ ភេទប្រុស ​អាយុ​ជាង​៥០ឆ្នាំ​ ថា​យក​ថ្លៃខ្ពស់​ហួស​ពី​សមត្ថភាព​ ដែល​ពួក​គាត់​អាច​ទទួល​យក​បាន​ គឺក្នុង​១ម៉ែត្រ​គូប​ គេ​យក​ថ្លៃ​រហូត​ដល់​៣០០០រៀល​ (ទឹកអូរ)​ ថ្លៃ​ជាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​(ស្អាត)​ នៅក្នុង​ខេត្ត​ ។

ទឹក​ប្រើ​ប្រាស់​នេះ ​មិន​មាន​ជាល​ក្ខណៈ​ស្តង់ដា​នោះទេ ​គឺបូម​ចេញ​ពី​ក្នុងអូរ​ ដាក់ល​ក់​ចែកចាយ​ឱ្យ​ពួក​គាត់​ប្រើប្រាស់​ ជួនកាល​ទឹកនេះ​ល្អក់កករ ​ប្រើ​ប្រាស់​ស្ទើរ​តែមិ​ន​កើត​ តែ​ដោយ​ពួក​គាត់​គ្មាន​ជម្រើស ​ក៏​បន្ត​ប្រើ​ប្រាស់​ទឹកនេះ​ទាំង​ត្រដាប​ត្រដួស ​ជាពិសេស​ភ័យព្រួយ ​អំពីបញ្ហា​សុខភាព​យ៉ាងខ្លាំង​ ព្រោះ​ម្ចាស់​ទឹក​អត់​បាន​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ ។

ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ភូមិ​សង្កាត់​ខាងលើ​ បាន​រៀបរាប់​ឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ​ម្ចាស់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប៉ាងរលឹម​នេះ ​ចាប់​ផ្តើម​ដំណើរ​ការ​ អស់​រយៈ​ពេល​ប្រហែល​៣ទៅ​៤ឆ្នាំ​កន្លង​មក​ហើយ ​ដោយ​ប៉ុន្មាន​ខែមុន​ដំបូង​គេ​យក​ថ្លៃ​សេវា​ប្រើប្រាស់​ទឹក​តែក្នុង​១ម៉ែត្រគូប ​ចំនួន​២៥០០​រៀល​ប៉ុណ្ណោះ ​លុះក្រោយ​មក​ ស្រាប់​តែ​ម្ចាស់​ទឹក​នេះ​ប្រាប់​ថា ​ខាត​ច្រើន​ពេក​សុំ​តម្លើង​ថ្លៃ​ក្នុង​១ម៉ែត្រគូប​ ចំនួន៣០០០​រៀល​វិញ ​ហើយ​មាន​តម្លៃថេរ​តាំង​ពីពេល​នោះមក​ម្លេះ​ ។ ប្រភព​បាន​បន្ត​ទៀត ​បើ​អ្នក​ប្រើប្រាស់​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវាទឹក​នោះ រហូត​ដល់​ហួស​ថ្ងៃកំ​ណត់ ​ខាង​ម្ចាស់​ផ្គត់ផ្គង់​ គេ​នឹង​ផ្តាច់​ឈប់ឱ្យ​ប្រើប្រាស់​ បណ្តោះ​អាសន្ន​ភ្លាម ​ហើយ​នៅពេល​ភ្ជាប់​បណ្តាញ​វិញ ​គេត្រូវ​ផាក​ពិន័យ​ចំនួន​២០០០០រៀល​ ហើយ​ថែម​ទាំង​និយាយ​គម្រោះ​គម្រើយ ​ថា​ បើ​គ្មាន​លទ្ធភាព​ប្រើប្រាស់ទឹ​ក​នេះទេ​ ចូរផ្តាច់​ទៅចុះ ​ហើយ​ទៅរក​ទឹក​ឯណា​ប្រើប្រាស់​បាន​ក៏ទៅចុះ​ ។

ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​ទៀតថា​ ​ពួក​គាត់​ពិត​ជា​មាន​ការឈឺចុក​ចាប់​ខ្លាំង​ណាស់ ​ហើយ​នេះ​ដោយ​សារ​តែ​ម្ចាស់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប៉ាងរលឹម ​គេ​បាន​រត់​ការ​ផ្តាច់​មុខ​ម្នាក់​ឯង ​ដោយ​ប្រហែល​ជាត្រូវរូវគ្នា ជា​មួយ​នឹង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ នៅក្នុង​ខេត្តទេដឹង​ ទើប​បាន​ជាគេ​បណ្តោយ​ឱ្យ​ម្ចាស់ ផ្គត់ផ្គង់ទឹក​ប្រើប្រាស់​ដែល​បូម​ចេញ​ពីក្នុងអូរបែនេះ ​បង្កភាព​ព្យុះភ្លៀង​ស្រេច​តែចិត្ត​នឹក​ឃើញ​ ។

 ប្រជា​ពលរដ្ឋមាន​សំណូមពរ​ដល់ថ្នា​ក់​ដឹកនាំ​ក្នុង​ខេត្ត​ប៉ៃលិន​ ​ឱ្យ​ជួយចុះ​ទៅពិនិត្យ​ទីតាំង ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប៉ាងរលឹម មួយកន្លែង​នេះផង​ និង​ជួយ​ជំរុញ​ដល់​ម្ចាស់​ផ្គត់ផ្គង់​ទឹកប្រើប្រាស់​នេះ ឱ្យ​រៀបចំទឹក​ ឱ្យទៅជា​ប្រព័ន្ធ​ទឹកស្អាត​ តាមលក្ខណៈ​ស្តង់ដា និង ជំរុញឱ្យបញ្ចុះតម្លៃសេវាប្រើប្រាស់ឱ្យបានសមរម្យ ដូចនៅក្នុងទីក្រុងប៉ៃលិនផងដែរ ។

            ប្រភពព័ត៌មានពីម្ចាស់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប៉ាងរលឹម ឈ្មោះ លីវ ជុងចំណាន បានប្រាប់អ្ន កសារព័ត៌មានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកប្រើប្រាស់របស់គាត់ មានច្បាប់ត្រឹមត្រូវ ដោយចេញមកពីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តប៉ៃលិន បើទោះទឹកគាត់បូមចេញពីស្រះឬអូរក៏ពិតមែន តែគាត់ធ្វើកន្លែងស្តប់ទឹក (ស៊ីតែន) មុននឹងបង្ហូរទៅតាមផ្ទះប្រជាពលរដ្ឋនីមួយៗនៅក្នុងភូមិ គឺទឹកនេះមិនមានការល្អក់កករដូចសម្តីប្រជាពពលរដ្ឋបានចោទប្រកាន់នោះទេ ។ ចំណែកតម្លៃវិញគាត់យកថ្លៃសេវាប្រើប្រាស់ចំនួន៣០០០រៀលក្នុង១ម៉ែត្រគូប មិនចំណេញប៉ុន្មាននោះទេ ព្រោះនៅតំបន់នេះជាកន្លែងផ្ទះជួល ខ្លះគេជួលបាន១ខែ ទៅ២ខែ គេមិនបានបង់ប្រាក់ ថ្លៃទឹកឱ្យគាត់ រួចចេញទៅបាត់ ខ្លះទៀតមិនបង់ឱ្យគាត់រហូតដល់គាត់ផ្តាច់បណ្តាញទឹកតែ​ម្តង ។

            ចំណែក លោក អ៊ុក តូច ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តប៉ៃលិន បានប្រាប់ឱ្យ ដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៩ កញ្ញា នេះថា ម្ចាស់ទឹកប្រើប្រាស់ គេកំពុងតែរត់ច្បាប់ ដោយកន្លងមកគេមានច្បាប់បណ្តោះអាសន្ន ចេញពីមន្ទីររបស់លោក ។ លោកទទួលស្គាល់ថា កន្លងមកលោកមិនធ្លាប់ទៅត្រួតពិនិត្យលើគុណភាពទឹក ដែលម្ចាស់ទីតាំងខាងលើនេះផ្គត់ផ្គង់ជូនប្រជាពល រដ្ឋនោះទេ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងម្ចាស់ផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ កំពុងតែរត់ច្បាប់ទៅដល់ក្រសួងហើយ នៅពេលភ្ជុំបិណ្ឌរួចនឹងដឹងជាយ៉ាងណាជាក់ជាមិនខានឡើយ ៕