ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មុខ​សភា​អា​មេ​រិ​ក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ស្នើ​ជំនួយ​កាន់តែ​ច្រើន

9 ឆ្នាំ មុន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​សុ​ី​ន​តោន ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ថា កងទ័ព​របស់​លោក ត្រូវការ​បណ្តា​ឧបករណ៍​យោធា និង​មិនមែន​យោធា កាន់តែ​ច្រើន ហើយ​ស្នើ​ឱ្យ​ទទួល​បាន​លក្ខន្តិកៈ​ពិសេស​មួយ។
នៅ​មុខ​សភា​ទាំង​២​របស់​អា​មេ​រិ​ក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មាន​ប្រសាសន៍​ថា ខ្ញុំ​ទទូច​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ផ្តល់​ដល់​អ៊ុយ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​សុ​ី​ន​តោន ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ថា កងទ័ព​របស់​លោក ត្រូវការ​បណ្តា​ឧបករណ៍​យោធា និង​មិនមែន​យោធា កាន់តែ​ច្រើន ហើយ​ស្នើ​ឱ្យ​ទទួល​បាន​លក្ខន្តិកៈ​ពិសេស​មួយ។
នៅ​មុខ​សភា​ទាំង​២​របស់​អា​មេ​រិ​ក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មាន​ប្រសាសន៍​ថា ខ្ញុំ​ទទូច​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ផ្តល់​ដល់​អ៊ុយ​ក្រែ​ន នូវ​លក្ខន្តិកៈ​ពិសេស​មួយ​ខាង​សន្តិសុខ និង​ខាង​កិច្ច​ការពារ ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​ប្រហាក់ប្រហែល​គ្នា​ជាមួយ​បណ្តា​សម្ព័ន្ធ​មិត្ត​ពុំ​មែន​ជា​សមាជិក​អូតង់ ។

ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន ដែល​កាលពីដើម​ខែកញ្ញា នេះ​ទទួលយក​បទ​ឈប់​បាញ់​គ្នា​មួយ ជាមួយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី នៅ​ភាគ​ខាងកើត​ប្រទេស​នោះ ក៏​សម្តែង​ក្តី​សង្ឃឹម​ផង​ដែរ​ថា សហរដ្ឋអាមេរិក​នឹង​មិន​រារែក​ឡើយ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​រុ​ស្ស៊ី ។ លោក​ថា គេ​មិន​អាច​យកឈ្នះ​សង្គ្រាម​បាន​ឡើយ បើ​មាន​អ្នក​នៅ​ពី​ខាងក្រោយ​ជួយ​ដល់​ពួក​សត្រូវ ។

លោក ប៉ូ​រ៉ូ ឆេ​ន​កូ ថ្លែង​ថា កងទ័ព​អ៊ុយ​ក្រែ​ន ត្រូវការ​ជំនួយ​ទ្រទ្រង់​ខាង​នយោបាយ​ថែម​ទៀត ពី​ពិភពលោក ហើយ​ត្រូវការ​ឧបករណ៍​យោធា និង​ពុំ​មែន​យោធា​បន្ថែម ។ លោក​សង្ឃឹមថា ក្រុង​វ៉ា​សុ​ី​ន​តោន នឹង​ផ្តល់​ជំនួយ​៥៣​លាន​ដុល្លារ​បន្ថែម​ទៀត ។ អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​អា​មេ​រិ​ក​និយាយ​ថា បណ្តា​ប្រព័ន្ធ​រ៉ា​ដា​ចាប់​ការ​បាញ់​គ្រាប់កាំភ្លើង​ធំ នឹង​ត្រូវ​ផ្តល់​ឱ្យ​ក្រុង​គៀវ​ជា​លើក​ដំបូង ។ ប្រព័ន្ធ​នោះ​អាច​ចាប់​បានជា​ពិសេស​នូវ​ប្រភព​នៃ​ការ​បាញ់កាំភ្លើង​ធំ​ចេញ ។ ក្រុង​វ៉ា​សុ​ី​ន​តោន ក៏​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​បណ្តា​រថយន្ត​ដឹក​ទ័ព នាវា​តូច​ៗ ព្រមទាំង​បណ្តា​ឧបករណ៍​ត្រួតពិនិត្យ​រាវរក​គ្រឿងផ្ទុះ និង​គ្រាប់​មីន ។ ផ្ទុយ​ទៅ​វិញ អា​មេ​រិ​ក​ពុំ​គ្រោង​ផ្តល់​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ឡើយ ។

ពេល​ជួប​ពិភាក្សា​នៅ​សេត​វិមាន​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការទូត​មួយ នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន ។ ចំណែក​លោក ប៉ូ​រ៉ូ ឆេ​ន​កូ សង្ឃឹមថា បទ​ឈប់​បាញ់​គ្នា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ កញ្ញា នៅ​អ៊ុយ​ក្រែ​ន អាច​នាំ​ទៅ​ដល់​សន្តិភាព​ស្ថិតស្ថេរ​មួយ ហើយ​លោក​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ជំនួយ​ដែល​ក្រុង​វ៉ា​សុ​ី​ន​តោន​ផ្តល់​ឱ្យ​ប្រទេស​លោក ៕