ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​អតីត​មន្ត្រី​ប៉ូលិស​លួច​យក​អស់​គ្រឿងអលង្ការ​ ម្ចាស់​មក​ទាន់​ចាប់​ចង​ដៃ​ជើង​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុន​២​នាក់ ដែល​គេ​អះអាង​ថា​មាន​កាំភ្លើងខ្លី​មួយ​ដើម​ផង បាន​កាត់​សោ​ផ្ទះ​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ម្នាក់ ហើយ​ចូល​លួច​ទ្រព្យសម្បត្តិ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ហើយ​បាន​ចាប់​ស្ត្រី​ម្ចាស់ផ្ទះ ចងដៃ​ជើង នៅ​គ្រា​ដែល​គាត់​ត្រឡប់​មកពីផ្សារ​វិញ​ចូល​ទៅ​ទាន់ ពេល​ពួក​ចោរ​កំពុង​ធ្វើ​សកម្មភាព ។

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុន​២​នាក់ ដែល​គេ​អះអាង​ថា​មាន​កាំភ្លើងខ្លី​មួយ​ដើម​ផង បាន​កាត់​សោ​ផ្ទះ​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ម្នាក់ ហើយ​ចូល​លួច​ទ្រព្យសម្បត្តិ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ហើយ​បាន​ចាប់​ស្ត្រី​ម្ចាស់ផ្ទះ ចងដៃ​ជើង នៅ​គ្រា​ដែល​គាត់​ត្រឡប់​មកពីផ្សារ​វិញ​ចូល​ទៅ​ទាន់ ពេល​ពួក​ចោរ​កំពុង​ធ្វើ​សកម្មភាព ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា ហេតុការណ៍​នេះ​កើតឡើង ខណៈ​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ​ជិះ​រថយន្ត​ទៅ​ផ្សារ​អស់ ក្រុម​ចោរ​ក៏​កាត់​ផ្ដាច់​សោ​ទ្វារ​ក្រោយ រួច​ចូល​ទៅ​គាស់​ទូ​ក្នុងផ្ទះ​រើ​កកាយ​លួច​យក​គ្រឿងអលង្ការ និង​ប្រាក់​អស់​ជា​ច្រើន ។ លុះ​ស្ត្រី​ម្ចាស់ផ្ទះ​មក​ទាន់ ពួក​ចោរ​ក៏​ចាប់​ចងដៃ​ចងជើង និង​វាយ​យក​ទូរស័ព្ទ​ដៃ​ទៀត រួច​រត់​ចេញពីផ្ទះ​គេចខ្លួន​តាម​ផ្លូវ​ក្រោយ​បាត់​ស្រមោល មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ឡើង ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ​គី គិត អាយុ​៦១​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍ រីឯ​ភរិយា​គាត់​ដែល​ត្រូវ​ជន​ដៃដល់​ចាប់ចង​ដៃជើង ឈ្មោះ លឿង ឃិ​ញ អាយុ​៦០​ឆ្នាំ ។

លោក គី គិត បាន​និយាយ​ក្រោយ​ពេល​កើតហេតុ​ថា នៅ​ក្នុងផ្ទះ​មាន​តែ​រូប​លោក​និង​ភរិយា​ប៉ុណ្ណោះ ដែល​ស្នាក់​នៅ ហើយ​នៅ​ព្រឹក​កើតហេតុ​នេះ លោក​និង​ភរិយា​បាន​បិទទ្វារ​ចាក់សោ​ផ្ទះ រួច​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ផ្សារ លុះ​ត្រឡប់​មក​វិញ ក៏​ពើបប្រទះ​នឹង​រឿង​នេះ​តែ​ម្ដង​។ លោក​បញ្ជាក់​ថា ពេល​មក​ដល់​ផ្ទះ លោក​បានឱ្យ​ប្រពន្ធ​ចូល​ផ្ទះ​ម្នាក់ឯង រីឯ​លោក​បាន​បើករថយន្ត​ទៅ​លាង​នៅ​ក្បែរ​នោះ ។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​ប្រពន្ធ​គាត់​រត់​មក​ប្រាប់​ថា មាន​មនុស្ស​កាត់​សោ​ទ្វា​ចូល​ផ្ទះ លួច​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ ថែម​ទាំង​ចាប់​គាត់​ចង​ទៀត ឮ​ដូច្នេះ​រូប​លោក​ក៏​រត់​ទៅ​មើល ឃើញ​មានរឿង​បែប​នេះ​មែន ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភា្ល​ម​ៗ​ដែរ តែ​ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​អស់​ទៅ​ហើយ ។

រីឯ​អ្នកស្រី លឿង ឃិ​ញ ដែល​បាន​រង​គ្រោះ​ផ្ទាល់​ក្នុង​ហេតុការណ៍​នេះ បាន​បំភ្លឺ​ថា ពេល​គាត់​ចុះ​ពី​រថយន្ត​ដើរមក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​សោ​ទ្វារ​នៅ​ចំហៀង​ខាងក្រោយ​ដាច់​បាត់ ធ្វើ​ឱ្យ​គាត់​មានការ​សង្ស័យ ក៏​ដើរ​លប​ៗ​ចូល​ទៅ​ក្នុងផ្ទះ តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ស្ទុះ​មក​ចាប់​គាត់​ភ្ជង់​នឹង​កាំភ្លើងខ្លី ហើយ​អូស​ចូល​ក្នុងផ្ទះ​។ អ្នកស្រី​បន្ត​ថា គ្រានោះ​ពួក​ចោរ​បាន​យក​ខ្សែ​អង្រឹង​ចាប់​គាត់​ចងដៃ​ចងជើង​ធាក់​គាត់​ផ្តួល​ទៅ​លើ​ឥដ្ឋការ៉ូ ហើយ​លូក​យក​ទូរស័ព្ទ​គាត់​អស់​២​គ្រឿង​ពី​ក្នុង​ហោប៉ៅ​ខោ រួច​រត់​ចេញ​ក្រៅ​គេចខ្លួន​បាត់ តែ​មិនដឹង​ថា​ពួក​គេ​ចេញ​តាម​ច្រក​ណា​ទេ ។ អ្នកស្រី លឿង ឃិ​ញ បាន​និយាយ​ថា ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​ចេញ​ផុត អ្នកស្រី​បាន​ព្យាយាម​រើ​ពី​ចំណង​ប្រហែល​៥​នាទី​ទើប​រួច ហើយ​ក៏​រត់​ទៅ​ហៅ​ប្ដី​គាត់​នៅ​កន្លែង​លាង​រថយន្ត​ភ្លាម​ដែរ ។ គាត់​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​គាស់​ទូ​រើ​កកាយ​លួច​យក​គ្រឿងអលង្ការ​ដូច​ជា ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​២​តម្លឹង ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង ចិញ្ចៀនពេជ្រ​១​វង់ ក្រវិល​ប្លា​ទី​ន​១​គូ ប្រាក់​ថៃ​១៥.០០០​បាត ប្រាក់​ដុល្លា​ចំនួន​៨០​ដុល្លា និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

ជុំវិញ​សកម្មភាព​ជន​មិន​ស្គាល់​មុខកាត់​សោ​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ​​ក្នុងផ្ទះ​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ទាំង​ព្រឹក​នេះ ហាក់​មិន​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទេ ទំនង​ដោយសារ​ផ្ទះ​នេះ​ស្ថិត​ក្នុង​ដី​ឡូត៍​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ជិតខាង​បន្តិច​។ រីឯ​តម្រុយ​ក៏​គ្មាន​សាក្សី​ណា​ម្នាក់​អះអាង​ថា បាន​ប្រទះ​ឃើញ​មនុស្ស​ប្លែក​មុខ​ចូល​ផ្ទះ​នេះ​ដែរ ក្រៅពី​ស្ត្រី​ម្ចាស់ផ្ទះ ដែល​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ មាន​វ័យ​ប្រហែល​៣០​ឆ្នាំ ស្លៀកពាក់​ស៊ី​វិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ដែល​បាន​ភ្ជង់​គាត់ តែ​មិន​ស្គាល់​មុខ​ពួក​គេ​នោះ​ទេ ។ លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​ចុះ​អន្តរាគមន៍​ក្នុង​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ពិតជា​មាន​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះទម្លាយ​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខាងលើ​នេះ​មែន ។ លោក​ថា តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​គឺ​ជនសង្ស័យ​បាន​កាត់​សោ​ទ្វារផ្ទះ​ចូល​ទៅ​សម្ងំ​គាស់​ទូ​យក​គ្រឿងអលង្កា ពេល​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ​ចេញ​ទៅ​ផ្សារ​អស់ ។

លោកស្នងការ​រង​បាន​ថ្លែង​ទៀត​ថា ជន​ដៃដល់​ទំនងជា​តាម​ឃ្លាំមើល​សកម្មភាព​ចេញចូល​របស់​ម្ចាស់ផ្ទះ​ច្រើន​ថ្ងៃ​ហើយ ទើប​អាច​ចូល​ផ្ទះ​នេះ​បាន​ទាំង​ព្រឹក និង​ចន្លោះ​ពេល​ម្ចាស់ផ្ទះ​ចេញ​ទៅ​ផ្សារ ។ លោក​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និង​តាម​ឃ្លាំមើល​មុខសញ្ញា​មួយ​ចំនួន ដែល​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​កន្លង​មក​នៅ​ក្នុង​មូលដ្ឋាន និង​មុខសញ្ញា​ដទៃ​ទៀត ៕