ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​កំហិត​ឱ្យ​រថ​យន្ត​ចូល​ដី​ថៃ​បាន​ម្តង​១សប្តាហ៍​ផ្ទុះ​ការ​តវ៉ា​ចត​រថ​យន្ត​រាប់​សិប​គ្រឿង​បិទ​ច្រក​ប៉ោយ​ប៉ែត​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អ្នក​បើករថយន្ត​ចេញចូល​ទៅ​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ថៃ​ជា​ច្រើន​នាក់​បាន​លើកគ្នា​មក​តវ៉ា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ដើម្បី​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញចូល​ទៅ​ដី​ថៃ​ដល់​ស្រុក​អារញ្ញ និង​សុំ​ស្ទិ​ក​ឃ័​រ​(​អាទិភាព​ចេញចូល​ដី​ថៃ​)​ដែល​ភាគី​ថៃ​ដក​ពី​តាម​រថយន្ត​មួយ​ចំនួន​មក​វិញ ។

ខេត្តបន្ទាយមានជ័យ ៖ អ្នក​បើករថយន្ត​ចេញចូល​ទៅ​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ថៃ​ជា​ច្រើន​នាក់​បាន​លើកគ្នា​មក​តវ៉ា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ដើម្បី​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញចូល​ទៅ​ដី​ថៃ​ដល់​ស្រុក​អារញ្ញ និង​សុំ​ស្ទិ​ក​ឃ័​រ​(​អាទិភាព​ចេញចូល​ដី​ថៃ​)​ដែល​ភាគី​ថៃ​ដក​ពី​តាម​រថយន្ត​មួយ​ចំនួន​មក​វិញ ។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ដែល​ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត បន្ទាប់​មក​ក៏​បន្តដំណើរ​ទៅ​មាត់ច្រក​ទ្វារ​ព្រំដែន រួច​នាំ​គ្នា​យក​រថយន្ត​ដាក់​ពាំង​ពេញ​ផ្លូវ​តែ​ម្ដង ។ ក្នុង​ពេល​តវ៉ា​នោះ​គេ​ឃើញ​មន្ត្រី​ទីស្នាក់ការ​ច្រក​ទ្វារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុម​អ្នក​តវ៉ា​ឲ្យ​នាំ​គ្នា​យក​រថយន្ត​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បញ្ចៀស​ការ​កកស្ទះ​ដល់​រថយន្ត​ដឹក​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​បរទេស​ឆ្លងកាត់ ហើយ​រក​ដំណោះស្រាយ​តាម​កិច្ចប្រជុំ​វិញ ។ ប៉ុន្តែ​មិន​បាន​លទ្ធផល​ទេ ដោយ​ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា ទំនិញ​ថៃ​ចូល​មក​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់រយ​ពាន់​តោន គិត​ជា​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​ដោយ​សេរី ហេតុ​អី្វ​ខាង​ខ្មែរ​គ្រាន់តែ​ចូល​រថយន្ត​ទៅ​ដី​ថៃ​ត្រឹម​ស្រុក​អារញ្ញ​មិន​បាន ? មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​ជំនាញ​ថៃ​ឆែកឆេរ​មិន​អស់ចិត្ត មាន​ទាំង​ទាហាន​ឆែកឆេរ​បន្ថែម​ទៀត ។

ពួក​គេ​លើក​ឡើង​ថា កាលពីមុន​ការ​ចេញចូល​ទៅ​ដី​ថៃ​មាន​លក្ខណៈ​ធម្មតា​និង​រាល់ថ្ងៃ ហើយ​ទៅ​ដល់​ស្រុក​អារញ្ញ​អាច​ទិញ​ដូរ​ទំនិញ​បាន​តែ​ក្រោយ​ពី​របប​គ្រប់គ្រង​ដោយ​ក្រុម​យោធា​អ្នកមាន​យានយន្ត​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​ចូល​ទៅ​ដី​ថៃ​ត្រូវ​ពួក​គេ​តម្រូវ​ឲ្យ​ចូល​ទៅ​មួយស​ប្ដា​ហ៍​បាន​តែ​ម្ដង ហើយ​បាន​ត្រឹមតែ​ផ្សារ​រុង​ក្លឿ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាង​រថយន្ត​មួយ​ចំនួន​ត្រូវ​គេ​ដក​ស្ទីក​ឃ័​រ​ទៀត ទើប​លើកគ្នា​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​សម្រួល​យ៉ាងណា​ឲ្យ​ពួក​គេ​ចេញចូល​ឲ្យ​បាន​រាល់ថ្ងៃ​និង​ទៅ​ដល់​ស្រុក​អារញ្ញ​ដូច​កាលពីមុន ព្រមទាំង​ទាមទារ​យក​រាល់​ស្ទីក​ឃ័​រដក​ហូត​នោះ​មក​វិញ ។

ទោះជា​យ៉ាងណា ការ​តវ៉ា​នេះ​ត្រូវ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ដោយ​ទៅ​ជួបជុំ​ដោះស្រាយ​គ្នា​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​តាម​ការ​ស្នើរ​សុំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុង​និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​វិញ ។ នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ក្រុង ក្រុម​អ្នក​តវ៉ា​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​៤​ចំណុច​គឺ ៖ ១- សុំ​ឲ្យ​រថយន្ត​ខ្មែរ​ចូល​ដល់​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ។ ២- សុំ​កុំ​ឲ្យ​ទីតាំង​ដែល​ទទួល​ពលករ​បញ្ជូន​ត្រឡប់​ពី​ថៃ​មាន​អ្នកលក់​សំបុត្រ​រថយន្តក្រុង​នៅ​ទីនោះ​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​បាន​រកស៊ី​ដឹក​ម៉ូយ​ផង ។ ៣- សុំ​កុំ​ឲ្យ​មាន​ស្ថាប័ន​គយ​ដាក់​ទីតាំង​ច្រើន​កន្លែង​ពេក​ដែល​ចាប់ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ
៤- សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បើកផ្លូវ​មួយ​ខ្សែ​ឡើង​វិញ​នៅ​ក្នុង​ក្រុម​ទី​៩ ភូមិ​សាមគ្គី​មាន​ជ័យ ដែល​មាន​ប្រជាពលរដ្ឋ​១០២​គ្រួសារ​ប្ដឹង​មន្ត្រី​២​នាក់​នៅ​ប៉ោយ​ប៉ែ​ត​បិទផ្លូវ​យក​ដី​មួយ​កន្លែង​នេះ ។

ទោះជា​យ៉ាងណា ក្នុង​អង្គប្រជុំ​អាជ្ញាធរ​ក្រុង​បាន​លើក​ឡើង​ថា រាល់​បញ្ហា​ទាំងអស់​ខាងលើ​នឹង​លើកយក​មក​ធ្វើការ​ដោះស្រាយ​រាល់​ករណី​ដែល​អាច​ធ្វើ​ទៅ​បាន និង​ករណី​ណា​ដែល​ហួស​ដែន​សមត្ថកិច្ច លោក​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៀត ។ ក្រុម​អ្នក​តវ៉ា​បាន​ព្រមាន​ថា បើ​ក្នុង​ពេល​ឆាប់​ៗ​នេះ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​តាម​ការ​ទាមទារ​ទេ ពួក​គេ​នឹង​លើកគ្នា​ធ្វើការ​តវ៉ា​បន្ត​ទៀត ៕