ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ប៉ា​ហ៊ី​ផលិត​រូបសំណាក​នំអន្សម​យក្ស​ដាក់​តាំង​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ព្រះ​ចៅអធិការ​ព្រះ​នាម អ៊ា សុ​ផុ​ន នៃ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​បា​៉​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ផ្តួចផ្តើម​ផលិត​រូបសំណាក​នំអន្សម​យក្ស​មួយ មាន​បណ្តោយ​ប្រវែង​២,៧០​ម៉ែត្រ ទទឹង​ជិត​កន្លះ​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​៦០០​គីឡូក្រាម​។ រូបសំណាក​នំអន្សម​យក្ស​នេះ​ផលិត​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៤ និង​ដាក់​តាំងនៅ​វត្ត ប៉ា​ហ៊ី ក្នុង​ឱកាស​បុណ្យ​

ខេត្ត​ប៉ៃលិន ៖ ព្រះ​ចៅអធិការ​ព្រះ​នាម អ៊ា សុ​ផុ​ន នៃ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​បា​៉​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ផ្តួចផ្តើម​ផលិត​រូបសំណាក​នំអន្សម​យក្ស​មួយ មាន​បណ្តោយ​ប្រវែង​២,៧០​ម៉ែត្រ ទទឹង​ជិត​កន្លះ​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​៦០០​គីឡូក្រាម​។ រូបសំណាក​នំអន្សម​យក្ស​នេះ​ផលិត​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៤ និង​ដាក់​តាំងនៅ​វត្ត ប៉ា​ហ៊ី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។នំអន្សម​យក្ស​នោះ​ប្រើប្រាស់​ស្លឹកចេក​វេច​ខ្ចប់​ដូច​នំអន្សម​ធម្មតា តែ​ខាងក្នុង​ដាក់​អាចម៍រណារ ។

លោក​ព្រហ្ម រ​ដ្ឋា ប្រធាន​ការិយាល័យ​សិល្បៈ​ភាពយន្ត​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ចូលរួម​ផលិត​រូបសំណាក​នំអន្សម​យក្ស​ជាមួយ​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យវត្ត ។ លោក​ព្រហ្ម រ​ដ្ឋា ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៤ ថា ការ​ផលិត​រូប​សំណាក​នំអន្សម​យក្ស​ដាក់​តាំង​បង្ហាញ​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់ គឺ​ទី​១-​ដើម្បី​អភិរក្ស​នំអន្សម​ខ្មែរ​កុំឱ្យ​បាត់បង់​សាបសូន្យ​ទៅ​​ថ្ងៃ​ខាង​មុខ ។ ទី​២-​បង្ហាញ​ឱ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​ស្គាល់​ពី​របៀប​ធ្វើ​នំអន្សម និង​ឱ្យ​ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​រដូវ​ភ្ជុំបិណ្ឌ ដែល​គ្រួសារ​ខ្មែរ​នីមួយ​ៗ​ត្រូវ​តែ​ធ្វើ​នំអន្សម​ជា​រៀង​រាល់​ឆ្នាំ ។

លោក​ព្រហ្ម រ​ដ្ឋា ថ្លែង​ថា ការ​វេច​នំអន្សមមិន​កំណត់​ថា សម្រាប់​តែ​គ្រួសារ​អ្នកមាន ឬ​អ្នកក្រ​ទេ គឺ​ត្រូវ​តែ​ខិតខំ​ស្វះស្វែង ប្រឹងប្រែង​រក​លុយកាក់ ដើម្បី​ទិញ​គ្រឿងផ្សំ​ដូច​ជា​អង្ករដំណើប សាច់​ជ្រូក សណ្តែក ស្លឹកចេក យក​មក​វេច​សម្រាប់​កូនចៅ​ហូប មិន​ឱ្យ​មើល​មុខ​គេ និង​សម្រាប់​យក​ទៅ​ប្រគេន​ព្រះសង្ឃ ។ ការ​វេច​នំ​មិន​កំណត់​ចំនួន​ទេ ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ។ គ្រួសារ​ខ្លះ​មាន​លុយ​ច្រើន​អាច​វេច​នំអន្សម​ច្រើន ចំណែកឯ​គ្រួសារ​ខ្លះ​ទៀត​ជីវភាព​មិន​ធូរធារ​អាច​វេច​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ហូប​ជួបជុំ​គ្នា​នៅ​ក្នុង​គ្រួសារ និង​យក​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ខ្លះ ។

ការ​វេច​នំអន្សម​នៅ​រដូវ​ភ្ជុំបិណ្ឌ​គឺជា​ទំនៀមទម្លាប់​ជា​យូរលង់​ណាស់​មក​ហើយ​ដែល​ខ្មែរ​យើង​បាន​ថែរក្សា និង​អភិរក្ស​ទុកជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ វា​ជា​សិល្បៈ​មួយ​ដ៏​ល្អ ដែល​គេ​អាច​សម្គាល់​បាន​ថា កាលណា​មាន​វេច​នំអន្សម​គ្រប់​ៗ​ផ្ទះ​នៅ​ទូ​ទាំង​ប្រទេស គឺ​រដូវ​ភ្ជុំបិណ្ឌ​ឈាន​ចូល​មក​ដល់​ហើយ ។ ព្រះ​តេជគុណ​អា​៊ សុ​ផ​ន ព្រះ​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​បា​៉​ហ៊ី មាន​ថិ​រ​ដីកា​ថា នំអន្សម​មាន​ជា​យូរ​រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ រហូត​ដល់​ក្លាយទៅជា​នំ​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ និង​ប្រទេស​ដែល​កាន់សាសនា​ព្រះពុទ្ធ​មួយ​ចំនួន​ទៀត​នា​ពេល​បច្ចុប្បន្ន ។ កាលពីមុន​នំអន្សម​គឺ​ធ្វើ​ឡើង​សម្រាប់​អ្នក​កាន់សាសនា​ព្រហ្មញ្ញ គឺ​គេ​ធ្វើ​នំអន្សម​នេះ​តំណាង​ឱ្យ​លិង្គព្រះឥសូរ​ដើម្បី​ថ្វាយ​ដល់​ព្រះ​ឥសូរ ។ ខ្មែរ​យើង​មុន​កាន់​ព្រះពុទ្ធ​សាសនា គឺ​កាន់​ព្រហ្មញ្ញ​សាសនា ទើប​ពី​មុនគេ​ធ្វើ​នំអន្សម​បូជា​ដល់​ព្រះ​ឥសូរ លុះ​ក្រោយមក​មាន​សាសនាព្រះពុទ្ធ​ហូរ​ចូល​មក​ដល់​ស្រុក​ខ្មែរ ព្រះមហាក្សត្រ​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ ក៏​ដឹកនាំ​ប្រជារាស្ត្រ​ឱ្យ​ជឿ និង​គោរព​តាម​ដែរ ។

ខ្មែរ​យើង​ធ្វើ​នំអន្សម​ជា​រៀង​រាល់​រដូវ​ភ្ជុំបិណ្ឌ ដើម្បី​សែនព្រេន​ឧទ្ទិស​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ។
ព្រះ​តេជគុណ​អ៊ា សុ​ផុ​ន បន្ត​ថា បុណ្យ​ភ្ជុំបិណ្ឌ​ពី​មុនគេ​ហៅ​ថា បុណ្យ​សែនដូនតា កាលពី​ខ្មែរ​យើង​កាន់សាសនា​ព្រហ្មញ្ញ លុះ​ក្រោយ​មក​ខ្មែរ​យើង​កាន់​ព្រះពុទ្ធ​សាសនា​ក៏​ប្តូរ​មក​ហៅ​បុណ្យ​ភ្ជុំបិណ្ឌ​វិញ​ម្តង ។ ព្រះ​ចៅអធិការ​វត្តមាន​ថិ​រ​ដីកា​ថា ជា​លើក​ទី​១​ហើយ​ដែល​វត្ត​បា​៉​ហ៊ី​ផលិត​រូបសំណាក​នំអន្សមជ្រូក​យក្ស​ដាក់​តាំង​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ។ រូបសំណាក​នំអន្សម​យក្ស​នៅ​វត្ត​ប៉ាហ៊ី កំពុង​ទាក់ទាញ​មហា​ជន​​ទាំង​ពី​ទី​ជិត ទាំង​ពី​ទី​ឆ្ងាយ​ទៅ​ទស្សនា និង​ថតរូប​ភាព​យក​ទៅ​ចែកចាយ​គ្នា​មើល​បន្ត ៕               ​