ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចេញ​ទៅ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​ម៉ា​ឡេ​ស៊ី​ល្ងាចស្អែក​មុន AFF Suzuki មក​ដល់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ឱ្យ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup នា​ចុងឆ្នាំ ២០១៤​នេះ ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មក ។ បើ​តាម លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៤​នេះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ឱ្យ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup នា​ចុងឆ្នាំ ២០១៤​នេះ ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មក ។
បើ​តាម លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៤​ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​មាន​គ្រូបង្វឹក លោក Lee Tae Hoon នឹង​ដឹកនាំ​កីឡាករ​សរុប​ចំនួន ២០​នាក់ និង​មន្ត្រី​៨​នាក់​ចេញ​ទៅ​ចូលរួម​ប្រកួត មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី  តាម​ជើងហោះហើរ​ភ្នំពេញ​-​កូ​ឡា​ឡាំ​ពួរ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​​ហើយ ។

អ្នកចាត់ការ​ទូទៅ​ដែល​ជួយ​ឱ្យ​ក្រុម​កម្ពុជា​ឈ្នះ​៣​ប្រកួត ក្នុង​ពានរង្វាន់​ព្រះមហាក្សត្រ​ព្រុយ​ណេ លោក ឆាំង ពិសិដ្ឋ បាន​បន្ត​ទៀត​ថា ក្នុង​ថ្ងៃ​នោះ​ដែរ ក្រុម​កម្ពុជា​នឹង​ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​ក្នុង​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​វេលា​ម៉ោង​២​រសៀល ហើយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ផ្ទាល់​តែ​ម្ដង ។ ក្រុម​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២០ កញ្ញា វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ (​ត្រូវ​នឹង​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​នៅ​កម្ពុជា​) ក្នុង​កីឡដ្ឋាន Stadium Shah Alam (Shah Alam) នៃ​ទីក្រុង Selangor ។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្រៅ​ទឹកដី​នេះ ទាំង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី សុទ្ធតែ​ប្រកួត​កម្ដៅ​សាច់ដុំ​រៀងខ្លួន​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup នា​ចុងឆ្នាំ​២០១៤​នេះ ខណៈ​ដែល​ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ប្រទេស​ឡាវ តែ​ក្រុម​ម៉ា​ឡេ​ស៊ី ត្រូវ​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល ។ សូម​រំលឹក​ផង​ដែរ​ថា នេះ​មិនមែន​ជា​ជំនួប​លើក​ទី​១​ឡើយ ដែល​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ក្រុម​កម្ពុជា​បាន​ប្រកួត​ស្មើ​២-២​ជាមួយ​ក្រុម​ជម្រើស​លី​ក​ស្ម័គ្រចិត្ត​អាជីព​មក​ពី​ជប៉ុន ថែម​ទៀត​ផង ហើយ​កាលពី​ខែសីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្ពុជា​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ចំនួន​៣​ប្រកួត​មុន​នឹង​ចេញ​ទៅ​ប្រកួត​ជា​ផ្លូវការ​ដណ្តើម​ពាន​ព្រះមហាក្សត្រ​ព្រុយ​ណេ​នោះ ។

បើ​ក្រឡេក​ទៅ​មើល​ក្រុម​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី ឯណេះ​វិញ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ថ្មី​ៗ បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ក្នុង​លទ្ធផល​២ ទល់​០ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ។ សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ AFF Suzuki Cup មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១១​ចូលរួម​ប្រកួត ដោយ​ក្នុង​នោះ​វគ្គ​ជម្រុះ​គឺ​មាន​៥​ប្រទេស​ចូលរួម គឺ ក្រុម​ម្ចាស់ផ្ទះ​ឡាវ  ព្រុយ​ណេ កម្ពុជា ទី​ម័​រ​ខាងកើត និង​មី​យ៉ា​ន់​ម៉ា​។  សម្រាប់​២​ក្រុម​ដែល​ខ្លាំង​ក្នុង​វគ្គ​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​ទៅ​វគ្គ​ចែក​ពូ​ល ដែល​មាន​៦​ប្រទេស និង​មាន​វៀតណាម និង សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ ។

វគ្គ​ចែក​ពូ​ល​មាន​៨​ក្រុម​ក្នុង​នោះ ពូ​ល​A មាន​៤​ក្រុម​ត្រូវ​ប្រកួត​នៅ​ប្រទេស​វៀតណាម និង​ពូ​ល​B មាន​៤​ក្រុម ត្រូវ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ។ ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​លើក​នេះ មិន​ទាន់​ដឹង​ថា រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី តើ​ក្រុម​មួយ​ណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ ?