ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​​យុទ្ធ​គុន ខម​ ចាន់​រតនា ​សង្ឃឹម​​ល្បី​ក្នុង​​អាជីព​ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​ជា​ថ្មី​នៅ​លើ​រេញ​ប្រដាល់ MMA របស់​ស្ថាប័ន One FC នៅ​កោះ​ពេជ្រ​នា​ពេល​ចុង​ក្រោយ​របស់​កីឡាករ ចាន់ រតនា ដែល​ជា​ជើង​ខ្លាំង​យុទ្ធ​គុន​ខម មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​ក្នុង​បំណង​ដើម្បី​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ពី​សំណាក់​មហាជន​ដែល​ធ្លាប់​គាំទ្រ​លោក ។ យ៉ាងណា​ក៏​ដោយ ការ​ត្រឡប់​មក​វិញ​នេះ គឺ​លោក​សស្រាក់សស្រាំ​តែ​លើ​ប្រដាល់​ដាក់​ទ្រុង​ដែល​ជា​អាជីព​មួយ​ថ្មី​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​ជា​ថ្មី​នៅ​លើ​រេញ​ប្រដាល់ MMA របស់​ស្ថាប័ន One FC នៅ​កោះ​ពេជ្រ​នា​ពេល​ចុង​ក្រោយ​របស់​កីឡាករ ចាន់ រតនា ដែល​ជា​ជើង​ខ្លាំង​យុទ្ធ​គុន​ខម មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​ក្នុង​បំណង​ដើម្បី​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ពី​សំណាក់​មហាជន​ដែល​ធ្លាប់​គាំទ្រ​លោក ។ យ៉ាងណា​ក៏​ដោយ ការ​ត្រឡប់​មក​វិញ​នេះ គឺ​លោក​សស្រាក់សស្រាំ​តែ​លើ​ប្រដាល់​ដាក់​ទ្រុង​ដែល​ជា​អាជីព​មួយ​ថ្មី​ប៉ុណ្ណោះ ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា​កីឡាករ​រូប​នេះ​គឺជា​ជើង​ខ្លាំង​ផ្នែក​យុទ្ធ​គុន​ខម​ម្នាក់ ដែល​អាច​ចាត់​ទុក​ថា ជា​គ្រូ​គុន​ដ៏​ខ្លាំង​នៅ​ក្នុង​ក្បាច់គុន​នេះ ។ លោក​ជា​ធនធាន​កីឡាករ​ដ៏​កម្រ ដែល​ក្រៅពី​អាច​ចេះ​ស្ទាត់​ក្បាច់​យុទ្ធ​គុន​ខម ក៏​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ប្រដាល់​នា​ពេល​កន្លង​មក​ផង​ដែរ ។ លោក​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​ច្រើន​លើក​មក​ហើយ​នៅ​លើ​សង្វៀន​ប្រដាល់សេរី និង​ការ​បង្ហាញ​យុទ្ធ​គុន​ខម​នៅ​ទ្វីប​អឺ​ុ​រ៉ុ​ប​ដោយសារ​តែ​លោក​មាន​ភរិយា​ជា​ជនជាតិ​បារាំង ដែល​ការ​ចេញចូល​ទីនោះ​គឺ​មិន​លំបាក ។ ក្នុង​ពេល​កំពុង​ល្បី លោក​បាន​បោះបង់​អាជីព​ប្រដាល់ ហើយ​ងាក​ទៅ​ថតកុន​យ៉ាង​សង្ហារ​បន្ទាប់​ពី​ការ​ប្រដាល់​បាន​តែ​ឱ្យ​លោក​ល្បីឈ្មោះ ប៉ុន្តែ​មិន​អាច​ទទួល​ប្រាក់​ចំណូល​សម​ស្រប ។

លោក​បាន​ក្លាយជា​តារាភាពយន្ត​មានឈ្មោះ​បោះ​សំឡេង​តែ​មួយប៉ប្រិចភ្នែក តាម​រយៈ​ឈុត​ឆាក​សម្តែង​ជា​តួឯក​ក្នុង​រឿង​ផ្ទួន​ៗ ដោយ​ប្រើ​ទេព​កោសល្យ​វ៉ៃតប់​ចេះ​ស្ទាត់​ក្បាច់គុន ។ គាប់​ជួន​ជា​ក្នុង​ពេល​នោះ លោក​ហាក់​មមាញឹក​ច្រើន​ជាមួយ​មុខ​ជំនួញ​របស់​ឪពុក​ម្តាយ​ជា​ជនជាតិ​បារាំង​នៅ​ស្រុក​ខ្មែរ​នា​ពេល​កន្លង​មក​ផង ទើប​ចាន់ រតនា ហាក់​បំភ្លេច​ចោលការ​ប្រដាល់​នៅ​លើ​សង្វៀន​ដែល​ធ្លាប់​ជួយ​ឱ្យ​លោក​ល្បីឈ្មោះ​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ ក្នុង​រយៈពេល​ចុង​ក្រោយ លោក​បាន​បង្ហាញមុខ​វិញ​ហើយ ប៉ុន្តែ​ក្នុង​ទម្រង់ការ​ប្រដាល់​ដាក់​ទ្រុង ដោយ​មាន​ទាំង​ឱកាស​ឡើង​ប្រកួត​លើ​រេញ​អន្តរជាតិ MMA នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១២ កញ្ញា មុន​នេះ​ផង​។ វត្តមាន​របស់​លោក​ក្នុង​អាជីព​ថ្មី​ទទួល​ជោគជ័យ​ត្រចះត្រចង់ ដែល​រុញ​ឱ្យ​លោក​ទទួល​បានការ​ចាប់អារម្មណ៍​ដោយ​មិន​ប្រើ​ពេល​យូរ ។

អ្នកគាំទ្រ​បាន​សរសើរ​ថា ជើង​ខ្លាំង​ដែល​ធ្លាប់​ល្បី​ក្នុង​ពិភព​ប្រដាល់សេរី និង​ក្បាច់​យុទ្ធ​គុន​ខម​ដូច​លោក​អាច​ប្រកួត​បាន​ល្អ​ក្នុង​ប្រភេទ​ប្រដាល់​ដាក់​ទ្រុង​មិន​គួរ​ឱ្យ​ជឿ​ទៀត​ផង ។ ចាន់ រតនា និយាយ​ថា ការ​ប្រដាល់​ដាក់​ទ្រុង​ដ្បិតតែ​ថ្មី ប៉ុន្តែ​វា​មាន​ក្បាច់​ប្រយុទ្ធ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ក្បាច់​យុទ្ធ​គុន​ខម និង​ការ​ប្រដាល់សេរី ទើប​ធ្វើ​ឱ្យ​លោក​អាច​មាន​សមត្ថភាព​ប្រកួត​គ្រប់គ្រាន់​នៅ​លើ​រេញ​កន្លង​មក ។ ការ​ឡើង​ប្រកួត​របស់​លោក គឺ​មិនមែន​គ្រាន់តែ​ចង់បាន​ប្រាក់​ដែល​មាន​ចំណូល​ល្អ​ជាង​ការ​ប្រដាល់សេរី​មួយ​នេះ​ទេ ប៉ុន្តែ​ក៏​មាន​បំណង​ដណ្តើម​យកកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ឱ្យ​ខ្លាំង​ឡើង​វិញ ដើម្បី​មានឱកាស​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ពេល​ខាង​មុខ​នោះ​ផង​ដែរ ។ លោក​ចាត់​ទុក​ថា ការ​ប្រដាល់​ដាក់​ទ្រុង​កំពុង​មានការ​ចាប់អារម្មណ៍​ជាង​ការ​ប្រដាល់សេរី ដោយសារ​តែ​នៅ​បណ្តា​ប្រទេស​ភាគច្រើន​លើក​ស្ទួយ ។ អ្វី​ដែល​សំខាន់​គឺ​កីឡា​មួយ​នេះ​អាច​ជួយ​ឱ្យ​កីឡាករ​ឡើង​ប្រកួត​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​ក្នុងស្រុក​ក៏​បាន​កម្រៃ​ខ្ពស់​ជាង​ការ​ប្រដាល់សេរី ។

មួយ​រយៈ​នេះ លោក​បាន​បង្ហាញខ្លួន​ចូល​ហាត់​ជាប់លាប់​ក្នុង​ក្លិប ដើម្បី​បង្កើន​សមត្ថភាព និង​ឱ្យ​មានឈ្មោះ​ល្បី​ក្នុងស្រុក​ដើម្បី​ទទួល​បាន​ឱកាស​ទៅ​កាន់​សង្វៀន​ដាក់​ទ្រុង​អន្តរជាតិ ដែល​មាន​ប្រទេស​កាន់តែ​ច្រើន​ចាប់អារម្មណ៍ ។ លោក​អះអាង​ថា បើ​ស្ទាត់​ការ​ប្រដាល់​ដាក់​ទ្រុង គឺ​មិន​ខ្វះ​ទីផ្សារ​ក្រៅ​ស្រុក​នោះ​ទេ ទើប​លោក​ត្រូវ​តែ​ធ្វើខ្លួន​ឱ្យ​មាន​សមត្ថភាព និង​ល្បីឈ្មោះ​ជា​មុន​សិន​នៅ​ក្នុង​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​ក្នុងស្រុក ៕