ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​រមណីយដ្ឋាន​កំពង់ហ្លួង​ស្រុក​ក្រគរ​ខេត្ត​ធិ៍​សាត់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​ព្រៃ​ភ្នំ ក្រំ​ថ្ម ជ្រោះ ជ្រង​ជ្រលង​ដងអូរ សត្វព្រៃ មច្ឆជាតិ និង​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជា​ច្រើន​សុទ្ធសឹងតែ​មាន​ប្រវត្តិ​រឿងព្រេង​និទាន និង​ខ្លះ​ទៀត​មាន​ក្នុង​ប្រវត្តិ​ពង្សាវតារ​ខ្មែរ ។ ចំពោះ​កំពង់ហ្លួង គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​ទៀត​ដែល​មាន​ចម្ងាយ​៣៧​គីឡូម៉ែត្រ

ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​ព្រៃ​ភ្នំ ក្រំ​ថ្ម ជ្រោះ ជ្រង​ជ្រលង​ដងអូរ សត្វព្រៃ មច្ឆជាតិ និង​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជា​ច្រើន​សុទ្ធសឹងតែ​មាន​ប្រវត្តិ​រឿងព្រេង​និទាន និង​ខ្លះ​ទៀត​មាន​ក្នុង​ប្រវត្តិ​ពង្សាវតារ​ខ្មែរ ។ ចំពោះ​កំពង់ហ្លួង គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​ទៀត​ដែល​មាន​ចម្ងាយ​៣៧​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ពោធិ៍សាត់ នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ស្ថិត​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ។

តាម​លោកតា​ប៉ាច ប៉ុន ជា​ព្រឹទ្ធាចារ្យ​វ័យ​៧៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ក្រង ឃុំ​អន្លង់​ត្នោត​ស្រុក​ក្រគរ កាលពី​ពេល ថ្មី​ៗ​នេះ​រៀបរាប់​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ​កំពង់ហ្លួង គឺជា​កំពង់​សម្រាប់​ស្ដេច​សំចត តាំងពី​មុន​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​រាជា មក​ម្ល៉េះ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​កំពង់​នោះ​ក៏​នៅ​ជា​កំពង់​សំចត​របស់​ស្ដេច​ដដែល ។

ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ស្រុក​យើង​បាន​ធ្វើសឹក​សង្គ្រាម​ជាមួយ​សៀម​។ ពេល​នោះ​សៀម​បាន​លើកទ័ព​មក​វាយ​យក​បន្ទាយលង្វែក​ តែ​ពុំ​បាន​សម្រេច​ទេ ។ ក្នុង​ដំណាក់កាល​កើតសង្គ្រាម ព្រះ​អង្គ​ច័ន្ទ​រាជា​បាន​ភៀសខ្លួន​ច្រើន​លើក​ច្រើន​សា​ទៅ​គង់​ប្រថាប់​នៅ​ខេត្តពោធិ៍សាត់ ដោយ​យាង​តាម​ទូកក្ដោង​តាម​បឹង​ទន្លេសាប​ឆ្ពោះទៅ​សំចត​នៅ​កំពង់ហ្លួង​ក្នុងស្រុក​ក្រគរ ដែល​ជា​កំពង់​របស់​ស្ដេច​យាងចុះ​យាង​ឡើង ស្ថិត​ក្នុង​ឃុំ​កំពង់ហ្លួង​សព្វ​ថ្ងៃនេះ ។

ពី​ដើម​កំពង់ហ្លួង គឺជា​កំពង់​របស់​ស្ដេច​សំចត​ហើយ​យាង​បន្ត​ទៅ​មុខ​ទៀត​តាម​រទេះគោ រទេះសេះ ឬ​ដោយសារ​ដំរី ។ ព្រះរាជា​យាង​ទៅ​តាម​ផ្លូវហ្លួង​ឆ្ពោះទៅ​កាន់​កន្លែង​ដទៃ​ទៀត ដូច​ជា​ខេត្តពោធិ៍សាត់ ព្រះ​អង្គ​តែងតែ​គង់​ប្រថាប់ ដើម្បី​លាក់ខ្លួន ឬ​លំហែកាយ ។
ចំពោះ​ប្រវត្តិ​បានជា​គេ​ហៅ​ថា «​កំពង់ហ្លួង​» ព្រោះ​ជា​កន្លែង​កំពង់​ស្ដេច​សំចត​យាងចុះ​យាង​ឡើង កាលពី​ជំនាន់​ដើម ។ រហូត​មក​ដល់​សព្វថ្ងៃ​គេ​នៅ​តែ​ហៅ​ថា «​កំពង់ហ្លួង​» ដដែល ។

បច្ចុប្បន្ន​កំពង់ហ្លួង មាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ហើយ​ច្រើន​ប្រកប​មុខរបរ ផ្សេង​ៗ​គ្នា ខ្លះ​នេសាទ​ត្រី ខ្លះ​លក់​អីវ៉ាន់ ខ្លះ​អុំទូក​លក់​បន្លែ ត្រី សាច់ ព្រមទាំង​មាន​សិប្បកម្ម និង​វត្ត​អារាម​ផង​ដែរ ។ នៅ​រដូវប្រាំង កំពង់ហ្លួង​មាន​ចម្ងាយ​ប្រមាណ​៥.៥០០​ម៉ែត្រ ពី​ទីរួមស្រុក​ក្រគរ រីឯ​នៅ​រដូវវស្សា​វិញ មាន​ចម្ងាយ​តែ​១.៥០០​ម៉ែត្រ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ និង​ប្រជាពលរដ្ឋ​ពី​ខេត្ត​ផ្សេង ក៏​ដូច​ជា​អ្នកទេសចរ​អន្តរជាតិ​តែងតែ​ទៅ​លេង​កម្សាន្ត​នៅ​កំពង់ហ្លួង​មិន​ដាច់ ពិសេស​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ពួក​គេ​ជិះទូក កាណូត​លំហែកាយ​តាម​ដងព្រៃ​លិច​ទឹក ខ្លះ​ងូតទឹក និង​បាចទឹក​ដាក់​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ ឬ​ក្រុមការងារ​ជាដើម ៕​