ខេត្តសៀមរាប ៖ រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានខ្មាន់កាំភ្លើងដែលបាញ់ប្រហារទៅលើក្រុមអ្នករាយសន្ទូចឱ្យរងរបួសធ្ងន់ពីរនាក់ កាលពីយប់ថ្ងៃទី១១ កញ្ញា កន្លងទៅនៅឡើយ ក៏ប៉ុន្តែបានបង្ហើបថាទទួលបានពន្លឺខ្លះៗហើយ និងអាចឈានទៅចាប់ខ្លួននៅពេលឆាប់ៗខាងមុខ ។ ទាក់ទិនទៅនឹងសំណុំរឿងឧក្រិដ្ឋនេះ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ដួង សុខា បានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី១៥ កញ្ញា ថា ករណីនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ ខណៈកំពុងដុតដៃដុតជើងស៊ើបអង្កេតបន្ថែមទៅលើអង្គហេតុ ។
គួររំឭកថា កាលពីវេលាម៉ោងប្រមាណ៨ យប់ ថ្ងៃទី១១ កញ្ញា កន្លងទៅ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពយ៉ាងគឃ្លើនបាញ់ទៅលើក្រុមអ្នករាយសន្ទូចពីរនាក់ក្នុងចំណោម៦នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ នៅគ្រាដែលពួកគេកំពុងប្រមូលផ្តុំគ្នារង់ចាំដោះត្រី នៅចំណុចវាលស្រែ ចម្ងាយប្រមាណ១០០ម៉ែត្រពីវត្តរលួស ស្ថិតក្នុងភូមិអង្គ្រង ឃុំកន្ទាំង ស្រុកប្រាសាទបាគង ។ ជនរងគ្រោះនៅក្នុងហេតុការណ៍នោះម្នាក់ឈ្មោះ ឡុន ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ រងការបាញ់ពីក្រោយចំក្រោមក្លៀក ទម្លុះទៅលើដោះខាងឆ្វេង រួចធ្លាយទៅទម្លុះកដៃខាងស្តាំ ។ ចំណែកម្នាក់ទៀតឈ្មោះ ផា ប្រោ ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវចំពោះ ។ ទាំងពីរនាក់រស់នៅភូមិកើតហេតុជាមួយគ្នា ។
អធិការរងនគរបាលស្រុកប្រាសាទបាគង លោកអនុសេនីយ៍ឯក គិន និស្ស័យ ទទួលបន្ទុកព្រហ្មទណ្ឌ ក៏បានប្រាប់តាមទូរសព្ទ័ថ្ងៃដដែលនោះថា នៅក្នុងហេតុការណ៍នោះខ្មាន់កាំភ្លើងបានបាញ់ចំនួនពីរគ្រាប់ ហើយបើតាមលទ្ធផលកោសល្យវិច័យទៅលើមុខរបួស ខ្មាន់កាំភ្លើងទំនងជាប្រើអាវុធម៉ាកអុឹមសី (M16) ដែលក្បាលគ្រាប់ចូលតូច តែចេញធំ ។ លោកបានបង្ហើបថា ករណីនេះសមត្ថកិច្ចរកមិនឃើញមូលហេតុអ្វីក្រៅពីរឿងគំនុំនោះទេ ព្រោះមុនពេលកើតហេតុ ជនរងគ្រោះធ្លាប់បានទាស់ពាក្យសម្តីជាមួយបុរសម្នាក់ ហើយករណីវិវាទនេះយើងបានដាក់បញ្ចូលក្នុងសំណុំរឿងបញ្ជូនទៅសាលាដំបូងអស់ហើយ ដើម្បីមានចំណាត់ការបន្ត ។ ជនរងគ្រោះឈ្មោះ ឡុន ផល្លា នៅព្រឹកថ្ងៃទី១២ កញ្ញា ខណៈដែលកំពុងដេកនៅលើរទេះរុញក្នុងអគារនៃមន្ទីរពេទ្យខេត្ត ដៃម្ខាងជាប់សេរ៉ូម និងដៃម្ខាងទៀតរុំដោយបង់ពណ៌ស បានរៀបរាប់ទាំងសម្រែកឈឺផ្សាថា គាត់មិនបានសង្ស័យលើជនណានៅឡើយទេ ព្រោះកន្លងមកគាត់មិនដែលមានជម្លោះទាស់ទែង ឬមានគំនុំជាមួយអ្នកណាទេ ។
គាត់បន្តទៀតថា ជារៀងរាល់ថ្ងៃគាត់ជាអ្នកប្រកបរបររត់ម៉ូតូឌុបនៅមុខផ្សារលើធំថ្មី ប៉ុន្តែដោយសារតែរបរនេះមិនអាចរកប្រាក់គ្រប់គ្រាន់ចិញ្ចឹមគ្រួសារ គាត់ក៏ឆ្លៀតទៅរាយសន្ទូចនៅពេលយប់ ដើម្បីរកចំណូលបន្ថែម ក៏ត្រូវខ្មាន់កាំភ្លើងបាញ់តែម្តង ។ ទោះជាយ៉ាងនេះក្តី ជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុបន្តិច ខណៈរូបគាត់កំពុងដើរដោះត្រីនៅក្នុងស្រែ មានបុរសម្នាក់ជាម្ចាស់ស្រែដើរមកសួរគាត់ថា «បានត្រីអត់0x017d7» ពេលនោះគាត់ប្រាប់ថា «បានខ្លះដែរ» រួចបុរសនោះក៏ដើរទៅបាត់ ។ រូបគាត់ និងអ្នកភូមិផ្សេងទៀត ក៏ប្រមូលផ្តុំគ្នានៅក្បែរៗនោះដើម្បីចាំដោះត្រីបន្ត ។ ខណៈនោះស្រាប់តែមានបុរសម្នាក់ ពាក់មួក និងពាក់អាវភ្លៀង ដើរមកជិតរួចបញ្ចាំងពិលដាក់ហ្វូងមនុស្សដែលកំពុងជួបជុំ ហើយក៏បាញ់ទាំងកម្រោល ត្រូវចំរូបគាត់ និងចំក្មេងប្រុសម្នាក់ទៀត រងរបួសហូរឈាមស្រោចខ្លួន ។
ក្រុមគ្រូពេទ្យបានអះអាងកាលពីវេលាថ្ងៃទី១២ កញ្ញា ថា ស្ថានភាពរបួសជនរងគ្រោះឈ្មោះ ឡុន ផល្លា បានឆ្លងផុតពីដំណាក់កាលគ្រោះថ្នាក់ហើយ ព្រោះក្បាលគ្រាប់កាំភ្លើងមិនបានទម្លុះចំចំណុចសំខាន់ដូចជាបេះដូង សួត ពោះវៀន នោះទេ ។ ដោយឡែកចំពោះជនរងគ្រោះម្នាក់ទៀតឈ្មោះ ផា ប្រោ នៅមិនទាន់មានអះអាងច្បាស់លាស់ពីស្ថានភាពរបួសនៅឡើយទេ ខណៈទទួលព័ត៌មានថាជនរងគ្រោះរូបនេះ ធ្លាយពោះ ៕
ចែករំលែកព័តមាននេះ