ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ទាក់​ទង​នឹង​គ.ជ.ប​សង្គម​ស៊ី​វិល​បញ្ជូន​សេចក្តី​ព្រាង​ ខណៈ​អ្នក​ចរ​ចា​ព្រម​ព្រៀង​បាន​៤០​%

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​២០​អង្គការ បាន​បង្ហាញ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ដាក់​ទៅ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ចរចា​គ្នា​នៅឡើយ​នោះ ។ សេចក្តី​​ស្នើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត (ERA) មាន​៧​ជំពូក និង​ចែក​ចេញ​ជា​៤២​មាត្រា មាន​គោលបំណង​ផ្តល់​

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​២០​អង្គការ បាន​បង្ហាញ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ដាក់​ទៅ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ចរចា​គ្នា​នៅឡើយ​នោះ ។ សេចក្តី​​ស្នើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត (ERA) មាន​៧​ជំពូក និង​ចែក​ចេញ​ជា​៤២​មាត្រា មាន​គោលបំណង​ផ្តល់​ឯកសារ​ជាក់លាក់​មួយ​ស្តី​ពី​ច្បាប់​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប ដែល​យកចិត្តទុកដាក់​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រុមការងារ​ចម្រុះ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​ទាក់ទិន​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ។

ការ​បង្កើត គ​.​ជ​.​ប មួយ​ជា​ស្ថា​ប​ន័​រដ្ឋធម្មនុញ្ញ ដែល​សមាសភាព​នៃ​គណៈកម្មាធិការ​នេះ​ត្រូវ​បាន​ជ្រើសរើស ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ជំនួស​ឱ្យ​ការ​ជ្រើសរើស​បច្ចុប្បន្ន​ដែល​ចេញពី​ក្រសួងមហាផ្ទៃ និង​គណៈរដ្ឋមន្ត្រី​ក្រោម​គណបក្ស​នយោបាយ​ដឹកនាំ​រដ្ឋាភិបាល​តែ​មួយ​។​គ​.​ជ​.​ប ថ្មី​មួយ នឹង​ត្រូវ​បាន​បង្កើត​ភ្លាម​បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​អាណត្តិ​៥​ឆ្នាំ និង​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ ។ សេចក្តី​ស្នើ​ច្បាប់​របស់​ក្រុម​សង្គម​ស៊ី​វិល​បង្ហាញ​ពី​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ដើម្បី​ធានា និង​ការពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាជន ស្វ័យភាព​ក្នុង​ការ​រៀបចំ​មន្ត្រី​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ និង​ការ​ការពារ​ខាង​ផ្លូវច្បាប់​ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​សមាជិក​គ​.​ជ​.​ប ដូច​ជា​ការពារ​ផ្លូវច្បាប់​ចំពោះ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ចៅក្រម​… ។

សេចក្តី​ស្នើ​ច្បាប់​ដដែល​បាន​អះអាង​ថា ដោយ​បាន​មើលឃើញ​ជា​ច្រើន​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត និង​ចេញពី​អនុសាសន៍​របស់​អ្នក​សង្កេតការណ៍​ឯករាជ្យ​ជាតិ​-​អន្តរជាតិ អង្គការសហប្រជាជាតិ និង​អ្នក​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​មួយ​ចំនួន​ដូច​ជា គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ី​វិល​ឯករាជ្យ អនុសាសន៍​ទាំងនេះ​ក៏​ត្រូវ​បាន​ទទួលយក​ទៅ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ អ្នកឯកទេស​បោះ​ឆ្នោតជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នក​ច្បាប់​មួយ​ចំនួន​ផង​ដែរ ។ សំណើ​នេះ​ត្រូវ​បាន​សិក្សា​ផ្ទៀងផ្ទាត់​ជាមួយ​គោលការណ៍​ស្តី​ពី​ការ​រៀបចំ និង​ចាត់ចែង​ការ​បោះ​ឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ សុចរិត​ភាព និង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ គោលការណ៍ និង​អនុសាសន៍​របស់​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​សំខាន់​ៗ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ជំពូក​ទី​៣ ទី​៤ និង​ទី​៧ និង​កតិកាសញ្ញា​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ទាក់ទិន​សេរីភាព​ខាង​នយោបាយ និង​សិទ្ធិ​បោះ​ឆ្នោត និង​ការ​បកស្រាយ​កតិកាសញ្ញា​នេះ​នៅ​ក្នុង​មាត្រា​២៥ ទាក់ទិន​នឹង​ការ​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត «​ឯករាជ្យ​» ។

លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល ឱ្យ​ដឹង​ថា សំណើ​ច្បាប់​នេះ​អាច​នឹង​ជួយ​ពង្រឹងសមត្ថភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​មួយ​កម្រិត ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ដែល​ទទួល​រង​ការ​រិះគន់​នោះ​។ លោក​បញ្ជាក់​ថា «​ខ្ញុំ​គិត​ថា គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​សំណើ​របស់​យើង ពីព្រោះ​យើង​ធ្វើ​នេះ​ដើម្បី​ឱ្យ​ការងារ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​មុខ​កាន់តែ​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន ។ វា​អាច​មិន​ដល់​ស្តង់ដា​អតិបរមា​សេរី និង​យុត្តិធម៌​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​កម្រិត​បាន​អប្បបរមា​មួយ​ដែល​អាច​កែ​លម្អ​បាន​ខ្លះ​» ។ សេចក្តីព្រាងច្បាប់​ដែល​តាក់តែង​ដោយ​សម្ព័ន្ធ​ដើម្បី​កំណែទម្រង់​ការ​បោះ​ឆ្នោត បាន​ចែង​យ៉ាង​លម្អិត​អំពី​ការ​ផ្តន្ទាទោស​ដល់​បុគ្គលិក​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ចេតនា​មិន​ព្រម​បញ្ចូល​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឬ​ក្នុង​សៀវភៅ​បោះ​ឆ្នោត មាន​ចេតនា​ចុះ​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​គ្រប់​អាយុ ឬ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ។ ចុះ​ឈ្មោះ​ឱ្យ​បុគ្គល​ដែល​ត្រូវ​ដកហូត​សិទ្ធិ​បោះ​ឆ្នោត ឬ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ណា​ដែល​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ត្រូវ​ទទួល​រង​ការ​ផ្តន្ទាទោស ។

លោក​ប៊ិ​ន ឈិ​ន ប្រធាន​ក្រុមការងារ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​កាលពី​ថ្ងៃ​ទី​១ កញ្ញា​ថា ចាប់តាំងពី​ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជជែក​ពិភាក្សា​គ្នា​មក​ដល់​ពេល​នេះ​សម្រេច​បាន​៤០% ហើយ ។ ពេល​នេះ​ក្រុមការងារ​ទាំង​ពីរ​កំពុង​ខិតខំ​ព​ន្លឿ​ន​ការ​សរសេរ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប ឱ្យ​បាន​ឆាប់រហ័ស ។ ប្រសិនបើ​គ្មាន​អ្វី​ប្រទាំង​ប្រទើស​គ្នា​ទេ នឹង​បញ្ចប់​បន្ទាប់​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ។
លោក​ប៊ិ​ន ឈិ​ន ថ្លែង​ទៀត​ថា ការ​ជ្រើសរើស​សមាសភាព គ​.​ជ​.​ប អាច​នឹង​ចេញ​ជា​រូបរាង​នៅ​ក្នុង​រង្វង់​ចុងឆ្នាំ​២០១៤ ឬ​ដើមឆ្នាំ​២០១៥ ។ ចំពោះ​សំណើ​សេចក្តីព្រាងច្បាប់​របស់​ក្រុម​សង្គម​ស៊ី​វិល លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន មាន​ប្រសាសន៍​ថា នឹង​យក​សំណើ​នោះ​មក​ពិនិត្យ​ពិភាក្សា​ថា គួរ​យក​ចំណុច​ណា​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ដែល​ក្រុមការងារ​ព្រមព្រៀង​គ្នា ។

លោក​គួ​យ ប៊ុ​ន​រឿ​ន ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ក្រុមការងារ​នឹង​ព​ន្លឿ​ន​ការ​សរសេរ ប៉ុន្តែ​អាស្រ័យ​ដោយសារ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប ជា​ច្បាប់​ថ្មី នោះ​យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់ ។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​ច្បាប់​នេះ​ត្រូវ​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដូច​ច្បាប់​នានា​ដែរ ។ ទោះជា​យ៉ាងណា​ក្តី លោក​ប៊ិ​ន ឈិ​ន មិន​បាន​អធិប្បាយ​ជុំវិញ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ​.​ជ​.​ប ដែល​នឹង​ចូល​ជា​ធរមាន​ថា មាន​ឥទ្ធិពល​ទៅ​លើ​គណបក្ស​នយោបាយ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ឬ​យ៉ាងណា​នោះ​ទេ​។ លោក​គ្រាន់តែ​បញ្ជាក់​ថា «​យើង​ឯកភាព​គ្នា​ភាគច្រើន​ហើយ ដូច្នេះ​បញ្ហា​នៅ​មាន​ភាគតិច​ណាស់ យើង​សង្ឃឹមថា​នៅ​តិច  ប៉ុន្តែ​នៅ​ថ្ងៃក្រោយ​ទៀត​យើង​មិន​អាច​មើលឃើញ ។ ប៉ុន្តែ​បើ​ឯកភាព​គ្នា​ហើយ​គ្មាន​អ្វី​ជា​បញ្ហា​ទៀត​ទេ​» ៕