ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហ​ជីព​ប្រកាស​យុទ្ធ​នាការទាម​ទារ​ប្រាក់​ខែ​កម្មករ​១៧៧​ដុល្លារ ខណៈ​តុលាការ​ចេញ​ដីកា​កោះ​ហៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​មក ក្រុម​សហជីព​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជា​ថ្មី ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ។ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ក្រុម​សហជីព​របស់​លោក គ្រោង​នឹង​ធ្វើ​យុទ្ធនាការ និង​បាតុកម្ម​ជា​ថ្មី​ទៀត

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​មក ក្រុម​សហជីព​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជា​ថ្មី ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ។ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ក្រុម​សហជីព​របស់​លោក គ្រោង​នឹង​ធ្វើ​យុទ្ធនាការ និង​បាតុកម្ម​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ចុងឆ្នាំ​២០១៤​នេះ ។

ការ​ទាមទារ​ជា​ថ្មី នឹង​មានការ​ជួប​គ្នា​នៅ​តាម​បណ្តា​រោងចក្រ​ដែល​ជា​សមាជិក រួម​ទាំង​មានការ​ចែក ខិត្តប័ណ្ណ និង​ការ​ពាក់អាវ​ដែល​មាន​ស្លាក​សញ្ញា​តម្លៃ​១៧៧​ដុល្លារ និង​ឈ្មោះ​ក្រុមហ៊ុន​ល្បី​ៗ​ដែល​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ផង ។ គោលបំណង​នៃ​ការ​ប្រើ​ស្លាក​សញ្ញា​ទាំងនេះ​ត្រូវ​បាន​លោក ប៉ាវ ស៊ី​ណា អះអាង​ថា ដើម្បី​ឱ្យ​អ្នកបញ្ជា​ទិញ​ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​ជីវភាព​របស់​កម្មករ​ខ្មែរ ដែល​ខិតខំ​ធ្វើការ​តែ​កម្រិតជីវភាព​រស់នៅ​វិញ​កំពុង​តែ​ជួប​ការលំបាក ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក ប៉ាវ ស៊ី​ណា ដដែល​ថា នៅ​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​កោះ​ប្រជុំ​ពិភាក្សា​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ ប៉ុន្តែ​សហជីព​របស់​លោក​មិន​បាន​ចូលរួម​ទេ ពីព្រោះ​ថា​ក្រសួង​ការងារ​កោះ​អញ្ជើញ​តែ​សហជីព​ដែល​មានឈ្មោះ​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា​ការងារ ។

លោក ប៉ាវ ស៊ី​ណា បញ្ជាក់​ថា «​សម្រាប់​រូប​ខ្ញុំ និង​លោក ជា មុនី អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​តំណាង​សហជីព​មួយ​ចំនួន​ទៀត​មិន​បាន​ចូលរួម​ទេ ព្រោះ​មិនមែន​ជា​សមា​ជិក​ក្នុង​គណៈកម្មការ​ប្រឹក្សា​ការងារ (LAC) ។ សម្រាប់​ខ្ញុំ ដើម្បី​បញ្ចប់​បញ្ហា​ប្រាក់​ឈ្នួល ក្រសួង​ការងារ​គួរតែ​អញ្ជើញ​ភាគី​សហជីព​ដែល​តំណាង​ឱ្យ​កម្មករ ព្រមទាំង​សហជីព​ដែល​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​នេះ ឱ្យ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​នោះ​» ។ ទោះជា​យ៉ាងណា​ក្តី កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ លោក​ឱ្យ​ដឹង​ទៀត​ថា មាន​តែ​សហជីព​លោក អាត់ ធន់ និង​សហជីព​អ្នកស្រី ម៉​ម ញឹ​ម និង​សហជីព​ចំនួន​៥​ទៀត ជា​សហជីព​ដែល​ត្រូវ​ទទួលស្គាល់​ថា គាំទ្រ​រាជរដ្ឋាភិបាល និង​កំពុង​បម្រើ​ការងារ​ក្នុង​ក្រសួង​ការងារ ។ ដូច្នេះ វា​គ្មាន​តម្លាភាព​សម្រាប់​ការ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​នោះ​ទេ ។

លោក ប៉ាវ ស៊ី​ណា បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ក្រុម​សហជីព​ទាមទារ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ ដោយសារ​តែ​ការ​ទាមទារ​១៦០​ដុល្លារ​នោះ​បាន​ទាមទារ​ក្នុង​ឆ្នាំ​២០១៣ ហើយ​១៦០​ដុល្លារ​នោះ គឺជា​តួលេខ​ដែល​ក្រសួង​ការងារ​បាន​ដាក់​ឱ្យ​សហជីព​ជ្រើសរើស ។ ឆ្នាំ​២០១៣ កម្មករ​បាន​៨០​ដុល្លារ ហើយ​រូបមន្ត​របស់​ក្រសួង​បាន​កំណត់​ដំឡើង​២០%​នៃ​ប្រាក់ខែ​គោល (​រូបមន្ត​ទី​១) ។ មួយទៀត ៨០​បូក​២០​ដុល្លារ និង​រូបមន្ត​ទី​៣ គឺ​៨០​បូក​៨០​ដុល្លារ ។ ដូច្នេះ​ក្រុម​សហជីព​របស់​យើង​បាន​សម្រេច​យក​រូបមន្ត​៨០​បូក​៨០ ព្រោះ​វា​ធ្វើ​ឱ្យ​កម្មករ​អាច​រស់នៅ​ក្នុង​កម្រិតជីវភាព​មួយ​សមរម្យ ។ លោក ប៉ាវ ស៊ី​ណា ឱ្យ​ដឹង​បន្ថែម​ចំពោះ​រូបមន្ត​៨០+៨០​នេះ គឺ​ត្រូវ​បាន​ក្រុម​សហជីព​ដាក់​ទៅ​ជជែក​ជាមួយ​និយោជក ប៉ុន្តែ​ក្រុម​និយោជក​លើក​ឡើង​ថា រូបមន្ត​នេះ​គ្មាន​មូលដ្ឋាន​ណាមួយ​ច្បាស់លាស់​ក្នុង​ការ​ស្រាវជ្រាវ ។ ដូច្នេះ​ហើយ​ទើប​ក្រុម​សហជីព​ទាំងអស់​យក​តាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​ប្រឹក្សា​ការងារ ជា​គណៈកម្មការ​ត្រីភាគី បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​កម្មករនិយោជិត ត្រូវការ​ចំណាយ​ក្នុង​មួយ​ខែ​ពី​១៥៧​ដុល្លារ​ទៅ​១៧៧​ដុល្លារ ។

តាម​ការ​អះអាង​របស់​លោក ប៉ាវ ស៊ី​ណា ដដែល​ថា មូលហេតុ​ដែល​ក្រុម​សហជីព​ទាមទារ​ប្រាក់ខែ​នោះ សុទ្ធតែ​មាន​ឯកសារ ក៏​ដូច​ជា​មូលដ្ឋាន​គ្រប់គ្រាន់ ដូច​ជា​ការ​ចំណាយ និង​ចំណេញ​របស់​និយោជក ក្នុង​ការ​ជជែក​ជាមួយ​ក្រសួង​ការងារ ។ ប្រធាន​សហជីព​រូប​នេះ​បាន​ព្រមាន​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ជាក់លាក់​ទេ​នោះ សកម្មភាព ឬ​សន្ទុះ​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពី​សំណាក់​កម្មករ នឹង​កើត​មាន​ឡើង​ដូច​ជា​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ នេះ ។ ទាក់ទិន​នឹង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ និយោជិត ក៏​ដូច​ជា​ចង់​ដឹង​ពី​វិធានការ​នានា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​ការ​ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ​នោះ កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ តែ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) លោក បា​៉​វ ស៊ី​ណា ចូលខ្លួន​នៅ​ថ្ងៃ​ទី​១២ កញ្ញា ខាង​មុខ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ។ តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន បាន​ចោទប្រកាន់​លើ​ឈ្មោះ ប៉ាវ ស៊ី​ណា ពី​បទ​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៤ តាម​មាត្រា​២១៨ ,៤១១ និង​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ដីកា​បង្គាប់​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ឈ្មោះ ប៉ាវ ស៊ី​ណា ត្រូវ​ចូលខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៤ ម៉ោង​៨​កន្លះ​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ចា​ប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​» ។ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា រូប​លោក​នឹង​ចូល​តាម​ការ​កោះ​អញ្ជើញ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ខាង​មុខ​នេះ ។ ទោះជា​យ៉ាងណា​ក្តី ប្រធាន​សហព័ន្ធ​សហជីព​រូប​នេះ បាន​ហៅ​ការ​កោះ​អញ្ជើញ​របស់​តុលាការ ថា​ជា​ករណី​គំរាមកំហែង​មួយ​ថ្មី​មក​លើ​រូប​លោក បន្ទាប់​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​មក ៕​