រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំ លើកទី១៩របស់ក្រុមការងារនៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅសណ្ឋាគារអំាងទ័រកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹកថ្ងៃទី០៣ កញ្ញា ២០១៤។
កិច្ចប្រជុំក្រុមការងារលើកទី១៩នៃគំនិត ផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់ ADB / OECD សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះដែរមាន៣១ប្រទេសចូលរួម ដោយចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ កញ្ញា ២០១៤ ។
កិច្ចប្រជុំនេះដែរ នឹងពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍នៃការត្រួតពិនិត្យ តាមប្រធានបទស្តីពីអាជីវកម្មដែលគោរពតាមច្បាប់ត្រឹមត្រូវ ក្រមសីលធម៌ និងការត្រូវពិនិត្យផ្ទៃក្នុងរួមទាំងគណនេយ្យ និងវិធានការសវនកម្មសម្រាប់ការទប់ស្កាត់ និងតាមដានអំពើពុករលួយ ។
ស្តាប់និងពិភាក្សាអំពីរបាយការណ៍សកម្មភាព ប្រឆាំងនឹងអំពើពុករលួយសំខាន់ៗ តាំងពីកិច្ចប្រជុំក្រុមការងារលើកទី១៨ ក្នុងឆ្នាំ២០១៣ ។
ពិភាក្សាអំពីលំហាត់កំណត់អំពីវិសាលភាពប្រទេស ។
ពិភាក្សាអំពីកម្មវិធីការងារនៃគំនិតផ្តួចផ្តើម និងផែនការថវិកាសម្រាប់ឆ្នាំ២០១៥-២០១៧ រួមទាំងបទបង្ហាញដោយប្រទេសសមាជិកស្តីពីការបែងចែករំលែកចំណេះ ដឹងផងដែរ ៕
ចែករំលែកព័តមាននេះ