ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានតុលាការ​ព្រៃវែង​ច្រានចោលព័ត៌មាន​ការដោះលែង​បុរសពីរនាក់បងប្អូន​ដែលធ្វើទារុណកម្ម​ក្មេងលួចបេះដូង

9 ឆ្នាំ មុន

ខេត្តព្រៃវែង ​៖ ប្រធាន​សាលាដំបូងខេត្តព្រៃវែង ​លោក សុខ កល្យាណ ​បានមានប្រសាសន៍ថា ​បុរសពីរនាក់បងប្អូន​ដែលរងការចោទ​ពីប្រើអំពើហិ.ង្សា​វា.យដំ និងធ្វើទារុណកម្ម​ក្មេងប្រុសម្នាក់​ចាប់ក្បាលជ្រមុជ​ចូលទឹកពាង ​ដោយសារ​ក្មេងប្រុស​លួចបេះផ្លែដូងនោះ ​កំពុងតែឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុងពន្ឋនាគារ ​រង់ចំាបើកសវនាការ​នៅពេលខាងមុខ ។

ខេត្តព្រៃវែង ​៖ ប្រធាន​សាលាដំបូងខេត្តព្រៃវែង ​លោក សុខ កល្យាណ ​បានមានប្រសាសន៍ថា ​បុរសពីរនាក់បងប្អូន​ដែលរងការចោទ​ពីប្រើអំពើហិង្សា​វាយដំ និងធ្វើទារុណកម្ម​ក្មេងប្រុសម្នាក់​ចាប់ក្បាលជ្រមុជ​ចូលទឹកពាង ​ដោយសារ​ក្មេងប្រុស​លួចបេះផ្លែដូងនោះ ​កំពុងតែឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុងពន្ឋនាគារ ​រង់ចំាបើកសវនាការ​នៅពេលខាងមុខ ។  

ការលើកឡើង​របស់លោកប្រធាន​សាលាដំបូងខេត្តព្រៃវែង​នារសៀលថ្ងៃទី០២ ​កញ្ញា ២០១៤នេះ ​បានធ្វើឡើងភ្លាមៗ ​បន្ទាប់ពីមានប្រព័ន្ឋផ្សព្វផ្សាយ ជាពិសេសបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook) បានផ្សាយថា​បុរសពីរនាក់​បងប្អូន​នោះ ​បានត្រូវដោះលែងហើយ​ បន្ទាប់ពីម្តាយជនជាប់ចោទ​បានសុំឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ។

បើតាមលោក​ សុខ កល្យាណ​ ជនជាប់ចោទទំាងពីរ​កំពុងស្ថិតនៅក្នុង​ដំណាក់ការស៊ើបអង្កេត​ មុននឹងបើកសវនាការ​ ប៉ុន្តែលោកមិនបាន​បញ្ជាក់ថា សវនាការក្នុងសំណុំរឿងឧក្រិដ្ឋនេះ នឹងធ្វើនៅពេលណានោះទេ ​គ្រាន់តែ​សង្កត់ធ្ងន់ថា ” ដំណាក់ការ​ស៊ើបអង្កេត​ ដូចជាមិនលំបាក ព្រោះជនជាប់ចោទ​ក៍បានទទួលស្គាល់កំហុស​ ហើយមានអ្នកភូមិ​ប្រមាណ១០នាក់ ដែលបានឃើញ​សកម្មភាពនៃការ​ធ្វើទារុណកម្ម​លើក្មេងនោះ ” ។

គួររំលឹកថា ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ​ម៉ុ​ន វាសនា​ ហៅ ទិ​ត ​អាយុ​១៤​ឆ្នាំ ជា​កូនប្រុស​អ្នក​ក្រីក្រ ​ត្រូវ​បាន​បុរស​២​នាក់​​ចាប់​ចងដៃ​ទៅ​ក្រោយ​ ហើយ​វាយដំ​និង​ចាប់​ជ្រមុជ​​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក​ពាង​​យ៉ាង​សាហាវឃោរឃៅ​បំផុត​ ដោយសារ​តែ​​ក្មេង​ប្រុស​រូប​នេះ​ ចូល​ទៅ​លួច​បេះ​ផ្លែ​ដូង​​របស់​ពួក​គេ​បាន​៣-៤​ផ្លែ ​។

ហេតុការណ៍​​ដ៏​អមនុស្សធម៌​នេះ​ បាន​កើត​ទ្បើ​ង​​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៨ សីហា ​នៅ​ចំណុច​ចម្ការ​ព្រែក​ថ្មី ​ស្ថិត​ក្នុងភូមិ​កំពង់​ពពិល ​ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង ។

ចំណែក​​ជន​ដែល​បាន​ធ្វើ​ទារុណកម្ម​​ទៅ​លើ​ក្មេង​ប្រុស​ខាងលើ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន​ទាំង​២​នាក់​ ​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ គឺ​ឈ្មោះ ហេង ដា​ណេ​ អាយុ​៣៥​ឆ្នាំ​ និង​ឈ្មោះ ហេង វ​ណ្ណី ​អាយុ​២៨​ឆ្នាំ​ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ​។ ​លោក​អធិការ​នគរបាល​​ស្រុក​ពារាំង ​បានឱ្យ​ដឹង​ថា ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ប្រុស​ឈ្មោះ​ ម៉ុ​ន វាសនា​ និយាយ​ថា រូបគេ​ពិតជា​​បាន​ចូល​ទៅ​លួច​បេះ​ផ្លែ​ដូង ​នៅ​ក្នុង​ដី​ភូមិ​របស់​បុរស​​ទាំង​២​នាក់​ខាងលើ​មែន ​ហើយ​បេះ​ទម្លាក់​មក​ដី​បាន​៣​ទៅ​​៤​ផ្លែ​ប៉ុណ្ណោះ​ ស្រាប់តែ​ម្ចាស់​​គេ​មក​ទាន់​ក៏​ហៅ​ឱ្យ​ចុះ​មក​ដី ​។ បន្ទាប់​មក​ម្ចាស់​គេ​ក៏​​ចាប់​វាយដំ​​និង​ចាប់​ចងដៃ​ទៅ​ក្រោយ ​រួច​បណ្តើរ​ទៅ​ជ្រមុជ​​ក្បាល​ចូល​ក្នុង​ទឹក​ពាង​​ជា​ច្រើន​ដង​ ធ្វើ​ឱ្យ​រូបគេ​ឈ្លក់​​ស្ទើរតែ​ដាច់ខ្យល់​​ស្លាប់​ម្តង​ៗ​ទៅ​ហើយ ។

ប្រភព​ដដែល​នេះ​​បាន​បញ្ជាក់​ថា ​មូលហេតុ​ធ្វើ​ឱ្យ​បែកធ្លាយ​រឿង​​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​ក្មេង​ប្រុស ​ម៉ុ​ន វាសនា ​នេះ គឺ​ដោយសារ​តែ​ក្រុម​ជន​នេះ​ បាន​ថតរូប​ភាព​​ពេល​ពួក​គេ​ធ្វើ​ទារុណកម្ម​​លើ​ក្មេង​ប្រុស ​ហើយ​បង្ហោះ​រូបភាព​នោះ​ទៅ​ក្នុង​​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មានការ​ចែកចាយ​​បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ​រហូត​បែកធ្លាយ​រឿង​នេះ​​ដឹង​ដល់​សមត្ថកិច្ច ​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ​និង​ឃាត់ខ្លួន​​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៩ សីហា២០១៤។

ក្មេង​ប្រុស​ម្នាក់​នេះ​ ជា​កូន​ទី​២​ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ​។ ឪពុក​ឈ្មោះ ទុ​យ ម៉ុ​ន ​អាយុ​៤៣​ឆ្នាំ ​ម្តាយ​ឈ្មោះ ឈ​ន សុខ ​អាយុ​៣៥​ឆ្នាំ ​ជា​កសិករ​ក្រីក្រ ​រស់នៅ​ក្នុងភូមិ​កំពង់​ពពិល ​ឃុំ​កំពង់​ពពិល ​ស្រុក​ពារាំង ៕