ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC ​បញ្ជាក់​ជំហរ​​ជា​ថ្មី​ក្នុង​​ការ​ផ្លាស់​ប្តូរ​​ស្មៅ​សិប្ប​និម្មិត​ជំនួស​​ស្មៅ ធម្មជាតិ​​បច្ចុប្បន្ន​​នៅ​ទីលាន​​បាល់ទាត់​​ពហុ​​កីឡដ្ឋាន​​ជាតិ​​អូ​ឡាំ​​ពិ​ក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ និង​អ្នក​ស្នេហា​កីឡាបាល់ទាត់​កម្ពុជា​ជា​ច្រើន​នាក់ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គ្រោង​ផ្លាស់​ប្តូរ​ស្មៅ​ធម្មជាតិ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ ទៅ​ជា​ស្មៅ​សិប្បនិម្មិត​ជំនួស​វិញ​លើ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​អំឡុង​ខែតុលា​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ និង​អ្នក​ស្នេហា​កីឡាបាល់ទាត់​កម្ពុជា​ជា​ច្រើន​នាក់ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គ្រោង​ផ្លាស់​ប្តូរ​ស្មៅ​ធម្មជាតិ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ ទៅ​ជា​ស្មៅ​សិប្បនិម្មិត​ជំនួស​វិញ​លើ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​អំឡុង​ខែតុលា​ខាង​មុខ​នេះ ។

ការ​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត​ជំនួស​ស្មៅ​ដែល​មានជីវិត​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ក្រោម​គម្រោង Goal Project FIFA ដែល​ជា​ជំនួយ​ទាំងស្រុង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) តែ​ម្តង ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ខ្ទង់​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ លោក​គល់ សុ​ផា​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានឱ្យ​ដឹង​ថា គម្រោង​ក្នុង​ការ​ធ្វើ​ទីលាន​ថ្មី​ដែល​ក្រាល​ស្មៅ​សិប្បនិម្មិត​ជំនួស​នេះ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​សៅ សុខា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៃ​គម្រោង​ដ៏​ធំ​នោះ​រួចរាល់​ហើយ ដោយ​ឯកភាព​ចាប់​ដំណើរការ​នៅ​ខែតុលា​ខាង​មុខ​នេះ ។

លោក​បាន​លើក​ឡើង​ទៀត​ថា មុន​នឹង​កសាង​ទីលាន​នេះ​យើង​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​ជា​ច្រើន​នៃ​ការ​ប្រកួត ។ មួយវិញទៀត បុ​៉​ន្មា​ន​ខែ​កន្លង​មកនេះ គឺ​មាន​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ ដូច្នេះ​ទើប​យើង​លើក​ពេល​ជួសជុល​បែប​នេះ តែ​សូម​ឱ្យ​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​ទុកចិត្ត​ចុះ គឺ​មិន​មានការ​ប្រែប្រួល​នោះ​ទេ ។ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក​ម៉ៃ តុលា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា បើ​តាម​គម្រោង​របស់ FIFA ក្រោម​ការ​សហការ​គ្នា​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា គម្រោង​ប្តូរ​ស្មៅ​នេះ​បាន​ព្រមព្រៀង​គ្នា​ស្ទើរតែ​១០០%​ទៅ​ហើយ ដែល​ត្រូវ​បិទ​សកម្មភាព​ប្រកួត​កីឡា​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​រយៈ​ដើម្បី​ជួសជុល និង​ប្តូរ​ដាក់​ស្មៅ​សិប្បនិម្មិត ព្រមទាំង​ចាក់​ផ្លូវ​កៅស៊ូ​ជុំវិញ​ទីលាន​ទៀត​ផង ។

លោក​បន្ត​ទៀត​ថា គម្រោង​ដ៏​ធំ​នេះ គឺ​អាច​ប្រើ​ពេល​ចន្លោះ​ពី​៤​ខែ​ទៅ​៦​ខែ​ទើប​បញ្ចប់​ទាំងស្រុង មុន​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ ក៏​ដូច​ជា​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​៨ នោះ ។ បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថា គម្រោង​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត​ជំនួស​លើ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នេះ អាច​ប្រើ​រយៈពេល​៣​ខែ ។ នេះ​បើ​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ មុន​នឹង​បញ្ជាក់​ជំហរ​ចំពោះ​ការ​កសាង​ទីលាន​ថ្មី​នោះ សហព័ន្ធ​ធ្លាប់​បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​នា​ពេល​កន្លង​មក​ហើយ​ថា នឹង​មានការ​ជួសជុល​កែ​លម្អ តែ​រហូត​ដល់​បច្ចុប្បន្ន​នៅ​តែ​រក្សា​រូបរាង​ដើម​ដដែល ។

មិន​ត្រឹមតែ​បុ​៉​ណ្ណោះ ពេល​ភ្លៀង​ម្តង​ៗ​លើ​ទីលាន​ប្រកួត​មានទឹក​ដក់ ហើយ​បាន​ក្លាយជា​ភក់​បែក​វល់​តែ​ម្តង ដែល​មើលទៅ​ហាក់ដូចជា​ការ​ទាត់​បាល់​លេង​កម្សាន្ត​របស់​ក្មេង​ៗ​តាម​ភូមិ​អុ​ី​ចឹ​ង ។ តាម​ការ​បញ្ជាក់​ជំហរ​សា​ជា​ថ្មី​របស់​សហព័ន្ធ​នេះ ធ្វើ​ឱ្យ​មហាជន​សប្បាយចិត្ត និង​សង្ឃឹមថា អាច​មាន​ទីលាន​បាល់ទាត់​ដ៏​ស្អាត​សម្រាប់​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ កុំឱ្យ​ខ្មាស​បរទេស ជា​ពិសេស​ប្រទេស​ជិតខាង​តែ​ម្តង ព្រោះ​ពេល​ដែល​មាន​សកម្មភាព​ប្រកួត​ញឹកញាប់ ស្មៅ​នេះ​ឡើង​សឹក​រេចរឹល​អស់ហើយ ។ ដូច្នេះ​សូម​រង់ចាំ​មើល​ថា តើ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ​នេះ វាលស្មៅ​ដែល​ជាទី​លាន​បាល់ទាត់​ជា​ប្រចាំ​នោះ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឱ្យ​មាន​សភាព​ស្អាត​ប្លែក​បុ​៉​ន​ណា ?