រដ្ឋាភិបាលអាល្លឺម៉ង់រាយការណ៍កាលពីយប់ថ្ងៃទី៣១ សីហាថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់អាវុធជាលើកដំបូងដល់ពួកឃើតដើម្បីជួយពួកគេក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនៅភាគខាងជើងអុីរ៉ាក់ ។ អាវុធទាំងនោះរួមមាន មីស៊ីលប្រឆាំងរថក្រោះ៣០ដើម និងកាំភ្លើងវាយលុកជាច្រើនពាន់ដើម ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ែរឡាំង ជាមួយរដ្ឋមន្ត្រីការបរទេសលោក FRANK WALTER STEINMEIER រដ្ឋមន្ត្រីការពារប្រទេសអាល្លឺម៉ង់ លោកស្រី URSULA VON DER LEYEN ថ្លែងថា សភាពការណ៍នៅអុីរ៉ាក់មានគ្រោះថ្នាក់ខ្លាំងណាស់ ។ វាជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិដែលត្រូវជួយទ្រទ្រង់ពួកអ្នកដែលទប់ទប់ជាមួយពួករដ្ឋអ៊ិស្លាម។នាឱកាសនោះដែរ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អះអាងថា យើងមិនត្រូវឱបដៃនៅស្ងៀមឡើយ ។ លោកបានព្រមានពីការគំរាមកំហែងរបស់ពួកជីហាដនិយមនៃក្រុមរដ្ឋអ៊ិស្លាមដែលពុំត្រឹមតែចំពោះប្រទេសអុីរ៉ាក់ និងបណ្តាតំបន់ជិតខាងបុ៉ណ្ណោះទេ ក៏បុ៉ន្តែក៏គំរាមកំហែងដល់អឺរុ៉ប និងអាល្លឺម៉ង់ផងដែរ ។
ក្រសួងការពារប្រទេសអាល្លឺម៉ង់បញ្ជាក់ថា ជំនួយអាវុធលើកដំបូងនេះដល់ពួកឃើតអុីរ៉ាក់មានតម្លៃប្រមាណជា៧០លានអឺរូ៉ ។
យោងតាមលោកស្រី URSULA VON DER LEYEN ថា ការផ្តល់អាវុធលើកដំបូងនេះរបស់អាល្លឺម៉ង់អាចយកទៅបំពាក់រហូតដល់ដំណាច់ខែកញ្ញា ឱ្យទាហានប្រមាណជា៤.០០០នាក់ ។ ក្រៅពីមីស៊ីល និងកាំភ្លើងវាយលុក អាល្លឺម៉ង់ក៏មានបំណងផ្តល់ជាពិសេសនូវកាំភ្លើងខ្លី គ្រាប់បែកដៃ តង់ មួកដែក អាវការពារគ្រាប់ផងដែរ៕
ចែករំលែកព័តមាននេះ