ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​អប្សរា​ប្រកាស​ពី​ការ​កាត់​ដើម​ស្ពង់​ពាក់​កណ្តាល​សង្គ្រោះ​កំពែង​ប្រាសាទ​តា​ព្រហ្ម​ និង​សុវត្ថិ​ភាព​អ្នក​ទេស​ចរ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​បាន​ចេញ​សេចក្តីជូនដំណឹង​ថា ដើម​ស្ពង់​ធំ​មួយ​ដើម​ក្នុង​ចំណោម​ដើមឈើ​ដែល​ដុះ​ចាក់​ឫស​នៅ​លើ​ប្រាង្គ​កំពែង​ប្រាសាទតាព្រហ្ម នឹង​ត្រូវ​បាន​សម្រេច​ឱ្យ​កាត់​មួយ​កំណាត់​ចោល ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ដើម​ដូង​ងាប់​មួយ​ដើម ដោយសារ​រន្ទះបា.ញ់​បាន​បាក់​រលំ​សង្កត់​លើ​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លា.ប់

ខេត្តសៀមរាប ៖ មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​បាន​ចេញ​សេចក្តីជូនដំណឹង​ថា ដើម​ស្ពង់​ធំ​មួយ​ដើម​ក្នុង​ចំណោម​ដើមឈើ​ដែល​ដុះ​ចាក់​ឫស​នៅ​លើ​ប្រាង្គ​កំពែង​ប្រាសាទតាព្រហ្ម នឹង​ត្រូវ​បាន​សម្រេច​ឱ្យ​កាត់​មួយ​កំណាត់​ចោល ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ដើម​ដូង​ងាប់​មួយ​ដើម ដោយសារ​រន្ទះបាញ់​បាន​បាក់​រលំ​សង្កត់​លើ​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ សីហា និង​ការ​សម្រេច​កាប់​កូនដើម​ត្នោត​ចំនួន​ពីរ​ដើម​ដែល​បាន​ដាំ​នៅ​ផ្លូវ​មុខ​រានហាល​ច្រកចូល​ប្រាសាទអង្គរវត្ត កាលពី​ពេល​ថ្មី​ៗ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ចុះ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុ​ន ណា​រិ​ទ្ធិ ចាប់ពី​ទំព័រ​ទី​២ បញ្ជាក់​ថា ដើម្បី​រក្សា​បាន​នូវ​សោភ័ណ​ភាព និង​លើក​តម្លៃ​រមណីយដ្ឋាន ហើយ​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេង​ៗ អាជ្ញាធរ​អប្សរា​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​សាធារណជន​ថា «​ក្រោយ​ពី​បាន​តាមដាន និង​ពិនិត្យ​ជា​ប្រចាំ​អំពី​ដើមឈើ​មួយ​ចំនួន​នៅ​ក្នុង​ប្រាសាទតាព្រហ្ម អ្នកជំនាញ​ផ្នែក​ព្រៃឈើ និង​អភិរក្ស​ប្រាសាទ​របស់​អាជ្ញាធរ​អប្សរា ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័ន​មក​ពី​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ជួសជុល​ប្រាសាទ​តាព្រហ្ម​រួច​ហើយ​ឃើញ​ថា ដើម​ស្ពង់​មួយ​ដើម​បាន​ដុះ​ទ្រេត​ទៅ​លើ​កំពែង​ប្រាសាទ​ក្បែរ​រានហាល​ច្រក​ទិសពាយ័ព្យ ដើម​ស្ពង់​នោះ​កាលពីមុន​ផ្នែក​អភិរក្ស​ព្រៃឈើ​បាន​កាប់​លះ​មែក​ចេញ​មួយ​ចំនួន​រួច​ហើយ ព្រមទាំង​បាន​ដាក់​រន្ទា និង​ខ្សែកាប​ទាញ​ដើម្បី​ទល់​ទ្រ និង​តាមដាន​ការ​ប្រែប្រួល​នៃ​ទម្ងន់​ដើម​ទូទៅ​របស់​វា ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ដើម​ស្ពង់​នេះ​ឫស​របស់​វា​បាន​ហើប​ឡើង​កាន់តែ​ខ្ពស់​ដែល​អាច​ដួល​រលំ​បង្ក​គ្រោះថ្នាក់​ក្នុង​ពេល​ណាមួយ​ពុំខាន ប្រសិនបើ​យើង​មិន​មាន​វិធានការ​ទាន់​ពេល ។

សេចក្តីជូនដំណឹង​ដដែល​បន្ត​ថា បន្ទាប់​ពី​បាន​សិក្សា​ផល​ប៉ះពាល់ និង​រិះរក​វិធានការ​ចំពោះ​មុខ​ដើម​ស្ពង់​នេះ​រួច​មក អាជ្ញាធរ​អប្សរា​បាន​សម្រេច និង​រុះរើ​រន្ទា ព្រមទាំង​ខ្សែកាប​ចង​ទប់​នោះ​ចេញ ហើយ​កាត់​ដើម​ស្ពង់​នោះ​មួយ​កំណាត់​ទៀត​ចេញ​ដើម្បី​សម្រួល​ទម្ងន់​សង្កត់ ដោយ​រក្សា​កំណាត់​ខាង​គល់​ឱ្យ​នៅ​រស់​ដដែល ។ សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់​ថា ការ​កាប់​ដើម​ស្ពង់​ខាងលើ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៩ សីហា ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អប្សរា​បញ្ជាក់​ឡើង​វិញ​ថា ពេលវេលា​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ទី​១ វិច្ឆិកា ខាង​មុខ​វិញ ។ គួរ​បញ្ជាក់​ដែរ​ថា ប្រាសាទតាព្រហ្ម មា​នទី​តាំងនៅ​តាម​ផ្លូវ​វង់​តូច​ទៅ​តាម​ទ្វារ​ជ័យ គឺ បន្ទាប់​ពី​ប្រាសាទតាកែវ​ប្រហែល​១​គីឡូម៉ែត្រ​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១១៨៦ នៃ​គ្រឹ​ស្ត​សករាជ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះ​អង្គ ក្រោម​រូបភាព​ប្រាជ្ញា​បារមី ។

សព្វថ្ងៃ ប្រាសាទ​នេះ​រុំ​ព័ទ្ធ​ទៅ​ដោយ​ដើម​ស្ពង់​ធំ​ៗ ដុះ​ចាក់​ឫស​នៅ​លើ​កំពែង​នៃ​ប្រាសាទ បង្កើត​បានជា​បរិយាកាស​ធម្មជាតិ​ស្រស់ញញឹម​សម្រាប់​អ្នក​ទស្សនា បើ​ទោះ​កំពែង​ប្រាសាទ​នេះ​ភាគច្រើន បាន​ជ្រុះ​ញែក​ចេញពី​គ្នា​ខ្លះ​ៗ ដោយសារ​ធម្មជាតិ និង​ពេលវេលា​ក្តី ។ «​ប្រាសាទតាព្រហ្ម​» កសាង​ឡើង​ពី​ថ្មភក់ និង​ថ្មបាយក្រៀម មាន​កំពែង​៥​ជាន់ និង​មាន​ប្រាង្គ​ប្រាសាទ​ចំនួន​៣៩ ។ កំពែង​ខាងក្រៅ​របស់​ប្រាសាទ​នេះ​មាន​ប្រវែង​៧០០​ម៉ែត្រ​x១០០០​ម៉ែត្រ ។ នៅ​ខាង​ជើងគោ​បុ​រៈ ខាងកើត​នៃ​កំពែង​ខាងក្រៅ មាន​អគារ​របាំ​មួយ ។ ប្រាសាទ​នេះ ក៏​ជា​ត្រូវ​បាន​ចាត់​ទុក​ផង​ដែរ​ជា​សាកលវិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​ដែល​កាលពី​សម័យ​បុរាណកាល មាន​ម្ចាស់​ក្ស​ត្រី​ឥន្ទ្រ​ទេវី​ជា​អ្នកគ្រប់គ្រង ៕