រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលតែងតែអន្ទងក្រុមអ្នករត់ម៉ូតូឌុបយកទៅដាក់ថ្នាំសណ្ដំយកម៉ូតូ ហើយត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ពងទឹក និងប៉ូលិសព្រហ្មទណ្ឌ ខណ្ឌដង្កោចាប់ខ្លួនបានកាលពីពេលថ្មីៗនេះ បានចោទប្រកាន់មន្ត្រីប៉ូលិសតូចតាចម្នាក់នៅប៉ុស្ដិ៍ពងទឹកនោះថា បានឆ្លៀតឱកាសយកលុយ ខ្សែ.ក១ខ្សែ និងនាឡិកា១គ្រឿង តម្លៃជាង៣ពាន់ដុល្លាររបស់ខ្លួន សរុបជិត១ម៉ឺនដុល្លារ ក្នុងពេលដែលខ្លួនត្រូវមន្ត្រីប៉ូលិសប៉ុស្ដិ៍ខាងលើចាប់ខ្លួន។
បន្ទាប់ពីជនសង្ស័យចោទប្រកាន់បែបនេះនៅវេលារសៀលថ្ងៃទី២៨ សីហា ២០១៤ នាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោបានដឹកជននោះចេញពីតុលាការនាំទៅកាន់ប៉ុស្ដិ៍ពងទឹក និងបានប្រមូលមន្ត្រីប៉ូលិសប៉ុស្ដិ៍ទាំងអស់ឲ្យទៅជួបជុំគ្នាដើម្បីឲ្យជននោះចង្អុលមុខ។
មន្ត្រីប៉ូលិសមួយរូបបានបង្ហើបឲ្យដឹងថា ក្រោយពេលនាំទៅដល់ប៉ុស្ដិ៍ពងទឹកជនសង្ស័យខាងលើបានចង្អុលចំមន្ត្រីប៉ូលិសប៉ុស្ដិ៍តូចតាចម្នាក់ឈ្មោះម៉េង រ៉ានី ប៉ុន្តែការចោទប្រកាន់ខាងលើនោះត្រូវបានលោករ៉ានី ច្រានចោលទាំងស្រុង ដោយលោកបាននិយាយថា ខណៈពេលដែលជនសង្ស័យត្រូវចាប់ខ្លួននោះលោកមិនបានស្ថិតនៅ កន្លែងកើតហេតុនោះទេ គឺរហូតដល់អ្នកផ្សេងយកជនសង្ស័យនោះទៅដល់ប៉ុស្ដិ៍ទើបលោកទៅដល់ដែរ រឿងអីបានជានៅសុខៗ បែរមកចោទប្រកាន់លោកទាំងកំរោលបែបនេះ។
ដោយឡែកក្រុមប្រជាការពារសង្កាត់ពងទឹកដែលបានដឹងហេតុការណ៍នោះបាននិយាយថា លោកម៉េង រ៉ានី ពិតជាមិនបានស្ថិតនៅកន្លែងកើតហេតុនោះមែន ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលិសផ្សេងទៀត រួមជាមួយកម្លាំងប្រជាការពារភូមិ និងសង្កាត់ ។
ជនសង្ស័យខាងលើនោះឈ្មោះ សុខ ធី ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងបានមកស្នាក់នៅផ្ទះជួលម្តុំភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជននេះត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី២៥ សីហា ២០១៤ ក្នុងពេលនាំអ្នករត់ម៉ូតូឌុបម្នាក់ទៅដាក់ថ្នាំសណ្ដំក្នុងស្រាបៀរ ABC ដើម្បីយកម៉ូតូនៅកន្លែងលក់សាច់ក្រកម្ដុំវត្តស្លែង ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ