ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន សា​ម៉េ​ត និង​ឃី​ម បូ​រ៉ា ប្រជែង​គ្នា​យក​លេខ​1

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​៣១ សីហា ស​ប្ដា​ហ៍​នេះ កីឡាករ​លេខ​១​ស្ទួន​ជា​បណ្ដោះអាសន្ន​២​រូប​នឹង​ឡើង​ប្រកួត​គ្នា​ដើម្បី​កំណត់​យក​តែ​ម្នាក់​ឱ្យ​ឈរ​ជា​លេខ​១​ពិតប្រាកដ​។ ដ្បិតតែ​តំណែង​នេះ​មិនសូវ​សំខាន់ តែ​ម្នាក់​ៗ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ពិតជា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​កុំឱ្យ​ជាប់​ប្រវត្ដិ​ចាញ់​គ្នា​ជាក់​ជា​មិន​ខាន ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​៣១ សីហា ស​ប្ដា​ហ៍​នេះ កីឡាករ​លេខ​១​ស្ទួន​ជា​បណ្ដោះអាសន្ន​២​រូប​នឹង​ឡើង​ប្រកួត​គ្នា​ដើម្បី​កំណត់​យក​តែ​ម្នាក់​ឱ្យ​ឈរ​ជា​លេខ​១​ពិតប្រាកដ​។ ដ្បិតតែ​តំណែង​នេះ​មិនសូវ​សំខាន់ តែ​ម្នាក់​ៗ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ពិតជា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​កុំឱ្យ​ជាប់​ប្រវត្ដិ​ចាញ់​គ្នា​ជាក់​ជា​មិន​ខាន ។

នៅ​ក្នុង​ពូ​ល A កីឡាករ​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា និង​កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្ដបន្ទាយមានជ័យ គឺជា​អ្នកមាន​ពិន្ទុ​ដល់​កំពូល​ដូច​គ្នា ដោយសារ​តែ​ការ​ប្រកួត​ទាំង​៤​លើក​កន្លង​មក ក្នុង​វគ្គ​សន្សំ​ពិន្ទុ​គឺ​មិន​ដែល​ចាញ់​ដូច​គ្នា ។ អ្នក​ទាំង​ពីរ​ត្រូវ​មហាជន​អ្នក​តាមដាន​ប្រដូច​ថា ជា​ខ្លា​២​នៅ​ភ្នំ​តែ​មួយ ហើយ​ក៏​ជា​បេក្ខភាព​ដែល​មាន​លទ្ធភាព​ច្រើន​ជាង​ជើង​ខ្លាំង​ក្នុង​ពូ​ល B ទាំង​៣​ដែល​អាច​ដណ្ដើម​បាន​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ក្រោម​ការ​រៀបចំ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ដែរ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ការ​ប្រកួត​សន្សំ​ពិន្ទុ​ឆ្ពោះទៅ​កាន់​វគ្គ​ខ្វែង​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​មួយ ស្រាប់តែ​អាច​រក​ឃើញ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ដល់​ទៅ​២​នាក់​មាន​ពិន្ទុ​កប់​ពពក​ដូច​គ្នា ហើយ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ជុំ​សន្សំ​ពិន្ទុ​ចុង​ក្រោយ ដើម្បី​រើស​ម្នាក់​ឱ្យ​អង្គុយ​កៅអី​លេខ​១​ក្នុង​ពូ​ល ។ ការ​ប្រកួត​លើក​នេះ ទោះជា​ពួក​គេ​ចាញ់​ឬ​ឈ្នះ ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២ ហើយ​អាច​បន្ដ​ទៅ​កាន់​វគ្គ​ខ្វែង​ជាមួយ​អ្នក​ខ្លាំង​ក្នុង​ពូ​ល B ដោយ​ស្វ័យប្រវត្ដិ ។ អីុ​ចឹ​ង​ហើយ​ទើប​មានការ​ព្យាករ​ខ្លះ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​នឹង​ប្រកួត​មិន​អស់ដៃ​ដើម្បី​ទុក​កម្លាំង​និង​ថាមពល​ទៅ​កាន់​វគ្គ​ខ្វែង ក្នុង​វគ្គ​សំខាន់​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​នោះ ។

ផ្ទុយ​ពី​ការ​សន្និដ្ឋាន​នេះ មានការ​លើក​ឡើង​ថា រវាង​ម៉​ន សា​ម៉េ​ត និង​ឃី​ម បូ​រ៉ា ពិតជា​គិត​ថា ការ​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃអាទិត្យ​ប្រចាំ​ពូ​ល​នេះ សំខាន់​មិនធម្មតា ដោយសារ​តែ​អ្នក​ទាំង​ពីរ​មិន​ត្រូវការ​ចាញ់​គ្នា​នាំ​ឱ្យ​ជាប់​ប្រវត្ដិ​ខ្មៅ​នៅ​ក្នុង​ពិភព​ប្រដាល់​ជា​ដាច់ខាត ។ ម្យ៉ាង​អ្នក​ណា​ក៏​ដឹង​ថា កីឡាករ​ទាំង​ពីរ​កំពុង​ឡើង​សន្ទុះ និង​ត្រូវ​មហាជន​កោតសរសើរ​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់សេរី ដែល​នេះ​ជា​កត្ដា​មិន​អាច​ឱ្យ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​យល់ព្រម​ចាញ់​គ្នា​ដោយ​ងាយ​ៗ​ទេ គឺ​ពិតជា​ប្រឹង​ដណ្ដើម​គ្នា​យក​កៅអី​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល និង​ដណ្ដើម​យក​ចំណាត់ថ្នាក់​ខ្លាំង​នៅ​ក្នុង​ចិត្ដ​មហាជន ។ ជំនួប​អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ដណ្ដើម​យក​លេខ​១​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​ដើម្បី​កំណត់​ថា រវាង​ឃី​ម បូ​រ៉ា និង​ម៉​ន សា​ម៉េ​ត  ដែល​ល្បី​ថា​ខ្លាំង​ដូច​គ្នា តើ​ពេល​ប៉ះ​គ្នា​អ្នក​ណា​ជើង​ខ្លាំង​ពិតប្រាកដ ។ ដ្បិតថា​ការ​ចាញ់​ឈ្នះ​នៅ​តែ​បាន​ឡើង ដែល​មិន​គួរ​ចំណាយ​កម្លាំង​ច្រើន ប៉ុន្ដែ​មុខមាត់​និង​កេរ្ដិ៍ឈ្មោះ នឹង​មិន​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ក្លាយជា​រឿង​វាយ​គ្នា​បង្គ្រប់​ម៉ោង​នោះ​ឡើយ ។ គូ​នេះ​ត្រូវ​មហាជន​ជា​អ្នកគាំទ្រ​ភាគច្រើន​និយាយ​ថា អាច​នឹង​ជក់ចិត្ដ​ដោយសារ​តែ​ពួក​គេ​ត្រូវការ​ការ​កោតសរសើរ​និង​មាន​ទំនុកចិត្ដ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​នៅ​ក្នុង​ពិភព​ប្រដាល់សេរី​។ ស្រួល​មិន​ស្រួល​ជំនួប​អ្នក​ទាំង​ពីរ​អាច​នឹង​បែក​ផ្កាភ្លើង​មិនធម្មតា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ក៏​មិនដឹង ។

កីឡាករ​ឃី​ម បូ​រ៉ា ជា​ជើង​ខ្លាំង​រហ័ស​ដៃ និង​កែង ប៉ុន្ដែ​លោក​ហាក់​អន់​ថាមពល មិន​ពេញកម្លាំង​ដោយសារ​តែ​ហេតុផល​ធ្វើ​ដំណើរ​តាម​រថយន្ដ​តាំងពី​ខេត្ដបន្ទាយមានជ័យ​មក​រាជធានី​ភ្នំពេញ នៅ​គ្រប់ការ​ប្រដាល់ ។ រវាង​អ្នក​ទាំង​ពីរ​មើលទៅ​ទាំង​ស្នៀត​និង​ល្បិច​គឺ​ល្អ​ប្រហែល​គ្នា ដោយ​ឃី​ម បូ​រ៉ា បាន​កម្ពស់​ល្អ​ជាង ឯ​ម៉​ន សា​ម៉េ​ត មាន​ភាព​អំណោយផល​ត្រង់​មិន​ចំណាយ​កម្លាំង​ជិះ​រថយន្ដ​ផ្លូវ​ឆ្ងាយ​សម្រាប់​ការ​ប្រកួត​នេះ ។ អីុចឹ​ង​ហើយ​ទើប​មាន​សំណួរ​ដដែល​ជា​ដដែល​ថា អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​លេខ​១​ក្នុង​ពូ​ល ហើយ​អ្នក​ឈ្នះ​នឹង​ឈ្នះ​ដោយ​មាន​ប្រៀប​ត្រង់​ចំណុច​ណា ?