ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យចាស់​ចំនួន​18​ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​នឹង​ជួប​គ្នា​នៅ​ទីលាន​ស្តា​ត​ចាស់​នា​ខែកញ្ញា​ខាង​មុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក​កម្ពុជា​នៅ​តែ​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វ័យចាស់​ប្រចាំឆ្នាំ​២០១៤ លើក​ទី​៦​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ បន្ទាប់​ពី​លោក Stephan Krupa ប្រធាន​ក្លិប​កីឡាបាល់ទាត់​ម៉ា​ឡេ​ស៊ី (IFC) បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ ។

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក​កម្ពុជា​នៅ​តែ​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វ័យចាស់​ប្រចាំឆ្នាំ​២០១៤ លើក​ទី​៦​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ បន្ទាប់​ពី​លោក Stephan Krupa ប្រធាន​ក្លិប​កីឡាបាល់ទាត់​ម៉ា​ឡេ​ស៊ី (IFC) បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា វិស័យ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ខ្លាំង​ឡើង​ៗ​ហើយ ។ អគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ទៀត​ថា ពិតប្រាកដ​ណាស់​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​អន្តរជាតិ​នេះ មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ចែករំលែក និង​ផ្លាស់​ប្តូរ​វប្បធម៌​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ទៀត​នោះ​វិស័យ​ទេសចរណ៍​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​កីឡា​ផង​ដែរ ។

លោក រិ​ទ្ធី សំណាង សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពេល​កន្លង​មក​ថា ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​វ័យចាស់​ខាងលើ​នេះ គឺជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​ពី​វប្បធម៌​របស់​ខ្លួន​ទៅ​ឱ្យ​ពិភពលោក​បាន​ស្គាល់​តាម​រយៈ​ក្រុមបាល់ទាត់​មក​ពី​អាហ្វ្រិក​, អា​មេ​រិ​ក​, ប្រេ​ស៊ី​ល​, អឺរ៉ុប និង​ប្រទេស​ផ្សេង​ៗ​ទៀត ។ នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ទាក់ទាញ​ខ្លាំង​បំផុត​ពី​អ្នក​សេ្ន​ហា​វិស័យ​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក ។ លោក​បន្ត​ថា លោក​គ្រោង​អញ្ជើញ​អតីត​កីឡាករ​ជម្រើសជាតិ​វ័យចាស់​ៗ​របស់​កម្ពុជា​ប្រមូលផ្តុំ​គ្នា​ឡើង​វិញ ដោយសារ​កម្ពុជា​ត្រូវ​បាន​ផ្តល់​ឱ្យ​ចំនួន​២​ក្រុម ។ ការ​ធ្វើ​បែប​នេះ​គឺ​យើង​ចង់​បង្ហាញ​ក៏​ដូច​ជា​លើកទឹកចិត្ត​ឱ្យ​កីឡាករ​ក្មេង​ជំនាន់​ក្រោយ​មាន​មោទនភាព និង​ដឹង​ថា ទោះជា​ពួក​គេ​ចម្រើន​ដល់​វ័យចាស់​ក៏​នៅ​តែ​អាច​ប្រឡូក​វិស័យ​កីឡា​បាន​ដដែល ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់​វ័យ​ចំណាស់​លើក​ទី​៦ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ កញ្ញា ខាង​មុខ​នេះ មាន​ក្លិប​បាល់ទាត់​ចំនួន​១៨​ក្រុម ដោយ​១​ក្រុម​មាន​កីឡាករ​ចំនួន​៩​នាក់ មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​នៅ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ។ ចំពោះ​កីឡាករ​ដែល​អាច​ចូលរួម​បាន គឺ​ត្រូវ​កំណត់​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ ។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៣ ព្រឹត្តិការណ៍​អន្តរជាតិ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បា​៉​ត់​តា​យ៉ា ប្រទេស​ថៃ ក្រោម​ប្រធានបទ «​ពិភព​នៃ​ភាព​រីករាយ និង​ការ​កម្សាន្ត​សប្បាយ​» ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ប្រចាំ​តំបន់ ៕