ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី វាយបក​ពង្រីក​ទឹកដី​វិញ​ធ្វើ​ឱ្យ​កងទ័ព​រដ្ឋាភិបាល​បាក់ទ័ព សុំ​ជំនួយ​អូតង់

9 ឆ្នាំ មុន

ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​វាយបក​ពង្រីក​ទឹកដី​កាន់កា.ប់​វិញ ដោយ​ធ្វើ​ឱ្យ​កងទ័ព​រដ្ឋាភិបាល​បាក់ទ័ព វាយ​ដកថយ ហើយ​បោះបង់​ចោល​អាវុធ ព្រមទាំង​គ្រាប់រំសេវ ខណៈ​ក្រុង​គៀវ​ចោទប្រកាន់​កងទ័ព​រុ​ស្ស៊ី​ថា ធ្វើ​ប្រតិបត្តិការ​លើ​ដែនដី​អ៊ុយ​ក្រែ​ន ។

ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​វាយបក​ពង្រីក​ទឹកដី​កាន់កាប់​វិញ ដោយ​ធ្វើ​ឱ្យ​កងទ័ព​រដ្ឋាភិបាល​បាក់ទ័ព វាយ​ដកថយ ហើយ​បោះបង់​ចោល​អាវុធ ព្រមទាំង​គ្រាប់រំសេវ ខណៈ​ក្រុង​គៀវ​ចោទប្រកាន់​កងទ័ព​រុ​ស្ស៊ី​ថា ធ្វើ​ប្រតិបត្តិការ​លើ​ដែនដី​អ៊ុយ​ក្រែ​ន ។

ក្រោយ​ការ​វាយលុក​ជា​ច្រើន​ស​ប្តា​ហ៍​ប្រកបដោយ​ជោគជ័យ ដោយ​រុញច្រាន​ពួក​ឧទ្ទាម​ឱ្យ​ដកថយ​ទៅ​កាន់​បណ្តា​ទីតាំង​ចុង​ក្រោយ​របស់​ពួក​គេ​ត្រូវ​ឡោម​ព័ទ្ធ​ជិត​មក កងទ័ព​អ៊ុយ​ក្រែ​ន​នា​ពេល​នេះ​ហាក់ដូចជា​បាត់បង់​ការ​ផ្តួចផ្តើម​គំនិត​ក្នុង​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស ជំរុញ​ឱ្យ​ក្រុង​គៀវ​ស្នើ​សុំ​ជំនួយ​ជាក់ស្តែង​របស់​អូតង់ ។

បណ្តា​អ្នកកាសែត​របស់ AFP កត់សម្គាល់​ឃើញ​ថា​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី បាន​បោះទីតាំង​នៅ​តាម​ផ្លូវថ្នល់​រវាង​ទីតាំង​ធំ​របស់​គេ គឺ​ក្រុង​ដូ​ណេ​ត​ស្ក៍ និង​ក្រុង Novoazovsk ជាទី​ក្រុង​នៅ​ជាប់​សមុទ្រ ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​គ្នា ដែល​តាម​បណ្តោយ​ផ្លូវថ្នល់​នោះ រាល់​ចំណុច​ត្រួតពិនិត្យ​ពេល​នេះ​កាន់កាប់​ដោយ​ពួក​បះបោរ ។

ក្នុងភូមិ Starobecheve ស្ថិត​នៅ​តាម​ផ្លូវថ្នល់​នោះ ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ដូ​ណេ​ត​ស្ក៍ ពួក​បះបោរ​ស្និទ្ធ​រុ​ស្ស៊ី ប្រមូល​យក​បាន​គ្រាប់រំសេវ និង​រថយន្ត​យោធា​ជា​ច្រើន​គ្រឿង ដែល​កង​ទាហាន​អ៊ុយ​ក្រែ​ន បោះបង់​ចោល បង្ហាញ​ពី​ការ​បាក់ទ័ព​របស់​កង​ទាហាន​នោះ ។

យោង​តាម​ប្រជាជន​មូលដ្ឋាន​ថា ការ​បាក់ទ័ព​នោះ​កើត​មាន​តាំងពី​ថ្ងៃ​ទី​២៥ សីហា មក ក្រោយ​ការ​បាញ់​ផ្លោង​នានា​ពី​តំបន់​ព្រំដែន​រុ​ស្ស៊ី ។ យោង​តាម​អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន លោក​អាន​ឌ្រី​អីុ លូ​ឆេ​ន​កូ ថា ភូមិ Starobecheve ត្រូវ​ពួក​យុទ្ធ​ជន​មក​ពី​ក្រុង​ដូ​ណេ​ត​ស្ក៍ និង​ពួក​រុ​ស្ស៊ី​កាន់កាប់ ។ អង្គការ​អូតង់ និង​ប្រទេស​ប៉ូ​ឡូញ​អះអាង​ថា មាន​ភ​ស្ថុ​តាង​នានា​ដែល​ថា កងទ័ព​រៀបរយ​រុ​ស្ស៊ី​ធ្វើ​ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន ដែល​ក្រុង​មូ​ស្គូ​បដិសេធ​ជា​និច្ច ។

យោង​តាម​លោក លូ​ឆេ​ន​កូ ថា កងទ័ព​រុ​ស្ស៊ី​បាន​ដាក់​ទីបញ្ជាការ​មួយ​នៅ​មូលដ្ឋាន Pobeda ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុ​ស្ស៊ី និង​៤៨​គីឡូម៉ែត្រ​ពី​ក្រុង​ដូ​ណេ​ត​ស្ក៍ ខណៈ​រថពាសដែក​៥​គ្រឿង និង​រថយន្ត​យោធា​១​គ្រឿង​បើក​ចូល​ក្នុង​មូលដ្ឋាន​អាម​ហ្វ្រូ​ស៊ី​អុ​ី​វ​កា ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ក្រុង​ដូ​ណេ​ត​ស្ក៍ ។

កងទ័ព​អ៊ុយ​ក្រែ​ន​ក៏​រៀបរាប់​ផង​ដែរ​កាលពី​ថ្ងៃ​ទី​២៧ សីហា ពី​ការ​រុលទៅមុខ​នៃ​ក្បួន​រថយន្ត​យោធា​ដល់​ទៅ​១០០​គ្រឿង រួម​មាន​ទាំង​រថក្រោះ រថពាសដែក រថយន្ត​ផ្ទុក​កាំជ្រួច​ហ្វូង​ធុន Grad មក​ពី​រុ​ស្ស៊ី ឆ្លងកាត់​តំបន់​ភាគ​ខាងត្បូង​ក្រុង​ដូ​ណេ​ត​ស្ក៍ ដែល​ពេល​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​ចាប់ពី​ថ្ងៃ​ទី​២៥ សីហា មក ។ កងទ័ព​អ៊ុយ​ក្រែ​ន​រាយការណ៍​ពី​ទាហាន​របស់​ខ្លួន​ស្លាប់​១៣​នាក់ ។ នៅ​ក្រុង​ដូ​ណេ​ត​ស្ក៍ ការ​បាញ់កាំភ្លើង​ធំ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ព្រោះតែ​រថយន្ត​មួយ​ដឹក​ជន​ស៊ី​វិល​ត្រូវ​គ្រាប់កាំភ្លើង​ត្បាល់ ។

នៅ​ទីក្រុង​គៀវ​មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៧ សីហា នៅ​មុខ​វិមាន​ប្រធានាធិបតី ទាមទារ​ឱ្យ​បញ្ជូន​កងកម្លាំង​បន្ថែម​ទៅ​ជួយ​កង​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ជាប់​ឡោម​ព័ទ្ធ​នៅ​ក្រុង​អីុ​ឡូ​វ៉ៃ​អីុស ។

អ៊ុយ​ក្រែ​ន​ស្រែក​រក​ជំនួយ​ជាក់ស្តែង​របស់​អូតង់
ដោយសារ​ការ​វាយបក​វិញ​របស់​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក អា​សឺ​នី អីុយ៉ា​ត​សឺ​នី​អ៊ុ​ក និយាយ​ថា ក្រុង​គៀវ​រង់ចាំ​ជំនួយ​ជាក់ស្តែង និង​ការ​សម្រេចចិត្ត​សំខាន់​ៗ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អូតង់​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៤ កញ្ញា នៅ​អង់គ្លេស ។ លោក​អះអាង​ថា​យើង​ត្រូវការ​ជំនួយ ។
យោង​តាម​អគ្គលេខាធិការ​អូតង់​លោក Anders Fogh Rasmussen ថា អូតង់​អាច​ដាក់​ពង្រាយ​តែ​ប៉ុន្មាន​ថ្ងៃ​នូវ​កងទ័ព និង​គ្រឿង​សព្វាវុធ​បន្ទាន់​នៅ​ភាគ​ខាងកើត​អឺរ៉ុប ។

សហរដ្ឋអាមេរិក​ចេញ​ការ​ព្រមាន
សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ធ្វើការ​ព្រមាន​ប្រទេស​រុ​ស្ស៊ី ទាក់ទិន​នឹង​ព័ត៌មាន​ពី​ការ​លុកលុយ​របស់​កងទ័ព​រុ​ស្ស៊ី​ចូល​ដែនដី​អ៊ុយ​ក្រែ​ន ដោយ​វាយតម្លៃ​ថា បែប​នេះ​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​វាយបក​មួយ​រៀបចំ​ឡើង​ដោយ​ក្រុង​មូ​ស្គូ ក្នុង​តំបន់​មាន​ជម្លោះ​របស់​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី ។
អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោកស្រី Jen Psaki ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​លុកលុយ​ទាំងនេះ​បង្ហាញ​ពី​ការ​វាយបក​មួយ​ដឹកនាំ​ធ្វើ​ដោយ​រុ​ស្ស៊ី ដែល​អាច​កំពុង​ធ្វើ​នៅ​ដូ​ណេ​ត​ស្ក៍ និង​នៅ​លូ​ហ្គា​ន​ស្ក៍ ។ នេះ​ពិតជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​សម្រាប់​យើង ។ លោកស្រី​បញ្ជាក់​ថា ក្រុង​វ៉ា​ស៊ី​ន​តោន ចង់ឱ្យ​រដ្ឋាភិបាល​រុ​ស្ស៊ី​និយាយ​ពី​ការ​ពិត ពេល​កងទ័ព​របស់​ខ្លួន​ស្ថិត​នៅ​ចម្ងាយ​៤៨​គីឡូម៉ែត្រ ខាងក្នុង​ដែនដី​អ៊ុយ​ក្រែ​ន ៕