ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Degenkolb ឈ្នះ​ដំណាក់​ទី​5 ខណៈ Matthews បន្ត​នាំមុខ​នៅ​លើ​តារាង​ថិរវេលា​សរុប

9 ឆ្នាំ មុន

កីឡាករ​អា​ល្លឺ​ម៉​ង់ John Degenkolb ទទួល​បានការ​អបអរសាទរ​ពី​បណ្តា​មិត្ត​រួម​ក្រុម Team Giant-Shimano របស់​ខ្លួន​បន្ទាប់​ពី​បាន​យកឈ្នះ​ដំណាក់​ទី​៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Spain នៅ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែសីហា ។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទីក្រុង Ronda ។

កីឡាករ​អា​ល្លឺ​ម៉​ង់ John Degenkolb ទទួល​បានការ​អបអរសាទរ​ពី​បណ្តា​មិត្ត​រួម​ក្រុម Team Giant-Shimano របស់​ខ្លួន​បន្ទាប់​ពី​បាន​យកឈ្នះ​ដំណាក់​ទី​៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Spain នៅ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែសីហា ។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទីក្រុង Ronda ។

Degenkolb ស្ថិត​ក្នុង​សម្លៀក​បំពាក់​ក្រុម​ពណ៌​សលាយ​ខ្មៅ​បាន​ឆ្លងកាត់​គំនូស​ព្រ័ត្រ​ក្នុង​ថិរវេលា​៤​ម៉ោង​៤១​នាទី​និង​៤៧​វិនាទី យកឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៨០​គីឡូម៉ែត្រ​ចេញដំណើរ​ពី​ទីក្រុង Priego de Cordoba ឆ្ពោះទៅ​កាន់​ទីក្រុង Ronda ប្រទេស​អេ​ស្ប៉ា​ញ​។ បញ្ចប់​ក្នុង​លំដាប់​ទី​២ គឺ​កីឡាករ​បារាំង Nacer Bouhanni ដោយ​បាន​ប្រើ​អស់​ថិរវេលា​ស្មើគ្នា​ជាមួយ​កីឡាករ​ហូ​ឡង់ Moreno Hofland ដែល​ជិះ​ឱ្យ​ក្រុម  Belkin Pro Cycling Team​។
បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង Degenkolb​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​ថា ៖ «​ការ​ជិះ​ឡើង​ភ្នំ Montjuic ពិតជា​ពិបាក​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​កីឡាករ Joaquim Rodriguez​ចាប់ផ្តើម​ចេញដំណើរ ខ្ញុំ​ដឹង​ថា នោះ​ជា​ឱកាស​ប្រសិនជា​ខ្ញុំ​ចង់​ឈ្នះ ។ បន្ទាប់​មក ខ្ញុំ​បាន​សម្រុក​ទៅ​មុខ​យ៉ាង​លឿន ។ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា គេ​មិន​អាច​ជិះ​កង់​លឿន​ជាង​ខ្ញុំ​បាន​ទេ​» ។

បើ​ទោះជា​យ៉ាងនេះ​ក្តី នៅ​លើ​តារាង​ថិរវេលា​សរុប រូបគេ​នៅ​តែ​ពុំ​ទាន់​អាច​ដណ្តើម​បានការ​នាំ​មុខជា​ដដែល ដ្បិត Michael Matthews ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំដាប់​ទី​១១​នោះ នៅ​តែ​សន្សំ​ពេលវេលា​បាន​យ៉ាង​ល្អ​បំផុត​គ្រង​អាវកាក់​ពណ៌​ក្រហម​ក្នុង​នាម​ជា​អ្នក​នាំមុខ​គេ​សម្រាប់​ការ​ប្រណាំង​ទាំងមូល​ដដែល ។

ឆ្លងកាត់​ការ​ប្រណាំង​ចំនួន​៥​ដំណាក់​មកនេះ  Michael Matthews ដែល​ជិះ​ឱ្យ​ក្រុម Orica Greenedge បាន​ប្រើ​អស់​ថិរវេលា​តិច​ជាងគេ​បំផុត​គឺ​១៨​ម៉ោង​និង​១២​នាទី​និង​៣១​វិនាទី នាំមុខ​កីឡាករ​អេ​ស្ប៉ា​ញ Nairo Quintana ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​១៣​វិនាទី ។ ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់​ទៀត​គឺ Alejandro Valverde ស្ថិត​នៅ​លំដាប់​ទី​៣ បន្ទាប់​ពី​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​កីឡាករ Matthews ២០​វិនាទី ។

សូម​បញ្ជាក់​ថា ការ​ប្រណាំង​កម្មវិធី Tour of Spain ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​ដំណាក់ និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣២៤០,៥​គីឡូម៉ែត្រ ។ ដោយឡែក​ដំណាក់​ទី​៦ ដែល​ជា​ដំណាក់​បន្ត​មាន​ចម្ងាយ​ផ្លូវ​១៦៧,៧​គីឡូម៉ែត្រ  ហើយ​ការ​ប្រណាំង​ចាប់​ចេញដំណើរ​ពី​ទីក្រុង Benalmádena ឆ្ពោះទៅ​កាន់​ទីក្រុង Cumbres Verdes ប្រទេស​អេ​ស្ប៉ា​ញ ៕