ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ម្នាក់​​រង​ការ​​ចោទ​​ប្រកាន់​​ធ្វើ​​ទារុណ​​កម្ម​​ ជន​​ជាប់​​ចោទ​​មុន​​ពេល​​សួរ​ចម្លើយ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ដោយសារ​តែ​ឈឺ​ចុកចាប់​ឆ្អឹងជំនីរ​ផ្នែក​ខាងស្តាំ​ខ្លាំង​ពេក​មិន​អាច​ទ្រាំ​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​បាន ទើប​ប្រាប់​បងស្រី​បង្កើត​ឱ្យរ​ត់រក​ប្រាក់​ទៅ​តម្កល់​ទុក​នៅ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ធានា​ខ្លួន​ចេញ​ក្រៅ​ឃុំ រួច​ឱ្យ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​។

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ដោយសារ​តែ​ឈឺ​ចុកចាប់​ឆ្អឹងជំនីរ​ផ្នែក​ខាងស្តាំ​ខ្លាំង​ពេក​មិន​អាច​ទ្រាំ​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​បាន ទើប​ប្រាប់​បងស្រី​បង្កើត​ឱ្យរ​ត់រក​ប្រាក់​ទៅ​តម្កល់​ទុក​នៅ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ធានា​ខ្លួន​ចេញ​ក្រៅ​ឃុំ រួច​ឱ្យ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​។ លុះ​គ្រូពេទ្យ​ឆ្លុះ​ថត​មើលឃើញ​បាក់ឆ្អឹង​ជំនីរ​អស់​ចំនួន​២​កាំ ក៏​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​២២ សីហា ដោយ​ចោទ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយដំ​រូបគេ មុន​ពេល​សួរ​ចម្លើយ ។

ហេតុការណ៍​នេះ បើ​តាម​ដើមចោទ​ប្រាប់​ថា បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ សីហា នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ពេល​នេះ​បុរស​ខាងលើ​បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការសិទ្ធិមនុស្ស​ប្រចាំ​នៅ​ខេត្ត ដែល​មាន​ស្នាក់​ការ​ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។
បុរស​ជាដើម​បណ្តឹង គឺជា​ជនជាប់ចោទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឈ្មោះ ជា រ៉ា​ស៊ី អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

បុរស​រូប​នេះ​បាន​រៀបរាប់​ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា​ថា កាលពី​ថ្ងៃ​ទី​២៨ កក្កដា គាត់​បាន​ឈ្លោះប្រកែក​ទាស់ទែង​គ្នា​ជាមួយនឹង​ប្រពន្ធ​ឈ្មោះ រ៉ា​យ សុខ​រ៉ា អាយុ​២៩​ឆ្នាំ នៅ​ក្នុងផ្ទះ​ដែល​សង់​នៅ​ក្បែរ​ផ្ទះ​ឪពុកក្មេក​ប្រហែល​៣០​ម៉ែត្រ ។ ការ​ឈ្លោះប្រកែក​នេះ​រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា រួច​ប្រពន្ធ​ខឹង​ខ្លាំង ក៏​យក​ដំបង​ទៅ​វាយ​ម៉ូតូ​បណ្តាល​ឱ្យ​បែក​ខូច​ខ្ទេចខ្ទី​ជា​ច្រើន​កន្លែង ។ ដោយ​ទ្រាំ​មិន​បាន​គាត់​ក៏​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ បន្ទាប់​មក​នាង​ក៏​ស្រែក​ជេរ​រួច​ទាញ​យក​កាំបិត​ចុង​ស្រួច​ដេញ​ចាក់ ទើប​រូប​គាត់​ច្រាន​ប្រពន្ធ​ចេញ​បណ្តាល​ឱ្យ​នាង​ដួល​ទៅ​ប៉ះ​នឹង​ពាងទឹក​រលាត់​ក្តោងច្រមុះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​១ សីហា បងស្រី​ម្នាក់​ឈ្មោះ ឈុ​ន ឡៃ​ហៀ​ង អាយុ​៣៤​ឆ្នាំ បាន​នាំ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​សម្រុះសម្រួល និង​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​បុ​៉​ស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ ហើយ​ពួក​គាត់​ក៏​សុខចិត្ត​ព្រមព្រៀង​រួមរស់​ជាមួយ​គ្នា​វិញ ព្រោះ​អាណិតកូន​តូច​ៗ ។ ជា​អកុសល ទោះបីជា​រឿងរ៉ាវ​ជម្លោះ​ប្តី​ប្រពន្ធ​ដូច​ចាន​រណ្តំ​ក្នុង​រាវ​បាន​ផ្សះផ្សា​គ្នា​បញ្ចប់រឿង​ទៅ​ហើយ​ក៏​ដោយ បុ​៉​ន្តែ​ឪពុកក្មេក​របស់​គាត់​ឈ្មោះ រ៉ា​យ សា​រ៉​ន អាយុ​៥៤​ឆ្នាំ បាន​បន្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ សីហា មាន​ក្រឡាបញ្ជី​ម្នាក់​ឈ្មោះ ជា វ៉ា​ន់​រ៉​ន រួម​ទាំង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចំនួន​៣​នាក់​ចុះ​ទៅ​ចាប់​រូប​គាត់ គឺ​មាន ១-​ឈ្មោះ ឆ​ម វ៉ា​ន់​ធី ប្រធាន​ការិយាល័យ ២-​ឈ្មោះ ណុ​ប សា​វុ​ធ និង​៣-​ឈ្មោះ ផាត គឹ​មយូ​។

ខណៈ​ពេល​ចាប់​ដាក់​ខ្នោះ​បម្រុង​រុញ​ចូល​រថយន្ត មន្ត្រី​នគរបាល​ឈ្មោះ ផាត គឹ​មយូ បាន​ទះកំផ្លៀង​រូប​គាត់​ចំនួន​៣​ដៃ ។ លុះ​មក​ដល់​ស្នងការដ្ឋាន មន្ត្រី​សមត្ថកិច្ច​ម្នាក់​នេះ​បាន​ទាត់​ចំនួន​៣​ជើង​ផ្ទួន​ៗ​ចំ​ឆ្អឹងជំនីរ​ខាងស្តាំ​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី​ទាំង​ដៃ​ជាប់​ខ្នោះ ដែល​ហាក់ដូចជា​មាន​គំនុំ​តាំងពី​យូរណាស់​មក​ហើយ ទាំង​រូប​គាត់​មិន​ដែល​ធ្លាប់​ស្គាល់គ្នា​ទាល់តែ​សោះ​។ រូប​គាត់​ត្រូវ​បាន​ហៅ​ចូល​សួរ​ចម្លើយ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ដោយ​បាន​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​៣០​ដុល្លារ ស្បែកជើង​១​គូ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ប្រគល់​ឱ្យ​វិញ​ទេ ថែម​ទាំង​គំរាម​មិន​ឱ្យ​ប្រាប់​អ្នក​ដទៃ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​យក​ថ្នាំ​ញៀន​ទៅ​ដាក់​នៅ​ក្នុងផ្ទះ​បងប្អូន​របស់​ខ្លួន រួច​ចាប់​យក​ទៅ​ដាក់គុក​ទាំងអស់​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត មន្ត្រី​នគរបាល​រូប​នេះ​បាន​ទះកំផ្លៀង​គាត់​ចំនួន​២​ដៃ​ថែម​ទៀត ។ ពេល​បញ្ចប់​ការ​ទាត់​ធាក់​នៅ​ស្នងការដ្ឋាន ស្រាប់តែ​នៅ​ថ្ងៃ​ទី​៤ សីហា ឈ្មោះ ផាត គឹ​មយូ បានឱ្យ​អ្នកទោស​ដែល​ជា​មេក្រុម​ក្នុង​ពន្ធនាគារ​វាយ​ទាត់​ធាក់​បណ្តាល​ឱ្យ​រូប​គាត់​រង​របួស​គ្រាំ​ក្នុង (​ក្អក​ធ្លាក់ឈាម​) ។ លុះ​ក្រោយ​ពី​បងស្រី​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ទើប​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​ថ្ងៃ​ទី​២២ សីហា ហើយ​ពេល​គ្រូពេទ្យ​ពិនិត្យ និង​ឆ្លុះ​ថត​ឃើញ​បាក់ឆ្អឹង​ជំនីរ​ខាងស្តាំ​ចំនួន​២​កាំ (​កាំ​ទី​៧ និង​ទី​៨) ។ ករណី​នេះ​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការសិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ទី​២២ សីហា និង​ដាក់​ពាក្យ​ប្តឹង​ទៅ​អភិបាលខេត្ត កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ឱ្យ​ជួយ​អន្តរាគមន៍ ដោយ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​ជំងឺ​រាង​កាយ និង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​ដុល្លារ ហើយ​សុំ​ឱ្យ​ប្រគល់​របស់របរ​ដែល​ដកហូត​ត្រឡប់​មក​វិញ ព្រមទាំង​សុំ​ឱ្យ​ច្បាប់​ចាត់វិធានការ​ទៅ​លើ​មន្ត្រី​រូប​នេះ​ផង​ដែរ ។

ចំណែក​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បញ្ជាក់​ថា ការ​បាក់​ឆ្អឹងជំនីរ​នេះ​ប៉ះ​ចំ​កន្លែង​សំខាន់​បណ្តាល​ឱ្យ​ឆ្អឹង​បុក​ទៅ​នឹង​គ្រឿងក្នុង​ដូច​ជា ថ្លើម លំពែង​ជាដើម ទើប​បណ្តាល​ឱ្យ​ក្លាយទៅជា​ឈាមកក​បែប​នេះ ។ រីឯ​ការ​ព្យាបាល​ត្រូវ​ចំណាយពេល​យូរ​បន្តិច ទើប​អាច​ជា​សះស្បើយ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ជន​រង​គ្រោះ​មិន​ត្រូវធ្វើ​ការងារ​ធ្ងន់​ឡើយ ជួនកាល​អាច​ពិការ​ថែម​ទៀត​ផង ព្រោះ​ត្រង់​កន្លែង​នេះ​មិន​អាច​ដាក់​ដែក​គ្រីប​ឆ្អឹង​ឱ្យ​ជាប់​គ្នា​វិញ​ដូច​ឆ្អឹង​ដៃជើង​ស្រួល​ទេ ។ ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ កោះសន្តិភាព​បាន​ទាក់ទង​ទៅ​លោក​ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគរបាល​ល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដើម្បី​បំភ្លឺ បុ​៉​ន្តែ​លោក​ប្រាប់​ថា ជាប់រវល់​ប្រជុំ មិន​អាច​បំភ្លឺ​បាន​ទេ ។ ចំណែក​លោក​ផាត គឹ​មយូ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បដិសេធ​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំងនេះ​ទេ បើសិនជា​លោក​វាយ​បាក់ឆ្អឹង​ជំនីរ​២​កាំ​មែន បុរស​ម្នាក់​នេះ គឺ​ឆ្លើយ​ដាក់​លោក​តាំងពី​ឡើង​ទៅ​សាលាដំបូង​ម្ល៉េះ មិនមែន​ជាប់គុក​រយៈពេល​១​ខែ​ទៅ​ហើយ លុះ​ចេញ​មក​វិញ ទើប​ដាក់​ពាក្យ​ប្តឹង​បែប​នេះ​ទេ ។
លោក​បន្ត​ទៀត​ថា ការ​នាំ​ខ្លួន​ពី​ការិយាល័យ​ទៅ សូ​ម្បី​តែ​១​ដៃ ក៏​លោក​មិន​ហ៊ាន​ប៉ះ​បុរស​រូប​នេះ​ផង ណាមួយ​ដោយសារ​បទល្មើស​មួយ​ដែល​យើង​គិត​ថា មិន​អាច​ប្រព្រឹត្ត​បែប​នេះ​ទេ ហើយ​ពេល​ចុះ​ទៅ​ផ្ទះ​របស់​គាត់​នោះ​មាន​ក្រឡាបញ្ជី​ម្នាក់​ដែរ​ចុះ​ទៅ​ជាមួយ អាច​ធ្វើ​ជា​សាក្សី​បាន​។

ម្យ៉ាងវិញទៀត ពេល​យក​ចេញពី​កន្លែង​ឃុំឃាំង គាត់​បាន​ធាក់​ទ្រុង​៣​ជើង ហើយ​ពេល​នោះ​មិនដឹង​ថា គាត់​គិត​យ៉ាងម៉េច​ទេ ដោយ​ស្មានថា គាត់​រត់ ហើយ​លោក​ក៏​ចាប់​ក​អាវ​គាត់​ជាប់​បណ្តាល​ឱ្យ​រហែក​អាវ ហើយ​ប៉ះ​មុខ​គាត់​បន្តិច ឯ​បង​ប្អូនស្រី​គាត់​ពីរ​បី​នាក់​ទៀត​ក៏​នៅ​ទីនោះ និង​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​ដែរ ។ ចំពោះ​ការ​វាយដំ​នៅ​ក្នុង​ពន្ធនាគារ លោក​គ្មាន​សិទ្ធិ​ទៅ​បញ្ជា​ឱ្យ​មនុស្ស​នៅ​ក្នុង​នោះ​វាយដំ​អ្នក​ផ្សេង​បាន​ទេ ព្រោះ​យើង​នៅ​ស្ថាប័ន​ខុស​គ្នា ហើយ​លោក​ក៏​សូម​បដិសេធ​ចោល​ផង​ដែរ ។ ចំពោះ​ការ​ដែល​បុរស​ខាងលើ​ចោទ​ថា លោក​ដកហូត​យក​ប្រាក់​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល និង​ប្រាក់​អា​មេ​រិ​ក​៣០​ដុល្លារ លោក​អត់​ដឹង​រឿង​នោះ​ទេ ព្រោះ​ខណៈ​ដែល​ចាប់​នោះ​គាត់​ស្លៀក​ខោខ្លី​យឺត អាវយឺត លុះ​ពេល​សួរនាំ​រួច ហើយ​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា ក៏​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន គឺ​ឱ្យ​គាត់​ដោះ​ខោអាវ​ដោយ​ខ្លួនឯង ។ ចំណែក​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ស្បែកជើង​១​គូ នៅ​រក្សា​ទុក​នៅ​ក្នុង​ការិយាល័យ​លោក​នៅឡើយ​ទេ រង់ចាំ​ឱ្យ​ម្ចាស់​មក​យក​ត្រឡប់​ទៅ​វិញ ៕