ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​គួរ​ភ្ញាក់​ផ្អើល​ លោក​យឹម សុវណ្ណ​ និង​លោក​ស្រី មួរ សុខ​ហួរ មិន​ទទួល​ការ​គាំ​ទ្រ​ពី​បក្ស​ប្រជា​ជន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​សម្រាប់​គណៈកម្មការ​ទី​៨​គឺ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​កិច្ចការ​នារី មិន​បាន​ទទួល​ការ​គាំទ្រ​ទេ គឺ​មាន​ន័យ​ថា បាន​ធ្លាក់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ដោយ​ទទួល​បាន​សំឡេង​យល់ព្រម​៥៦ មិន​យល់ព្រម​៦៣ និង​អនុប្បវាទ៣ ។

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​សម្រាប់​គណៈកម្មការ​ទី​៨​គឺ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​កិច្ចការ​នារី មិន​បាន​ទទួល​ការ​គាំទ្រ​ទេ គឺ​មាន​ន័យ​ថា បាន​ធ្លាក់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ដោយ​ទទួល​បាន​សំឡេង​យល់ព្រម​៥៦ មិន​យល់ព្រម​៦៣ និង​អនុប្បវាទ៣ ។

ចំណែក​លោក យឹ​ម សុវណ្ណ ក៏​បាន​ធ្លាក់​ពី​ការ​បោះ​ឆ្នោត​សម្រាប់​គណៈកម្មការ​ទី​១០​ផ្នែក​អង្កេត បោសសម្អាត​និង​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​គឺ​បាន​ទទួល​សំឡេង​ឆ្នោត​យល់ព្រម​៥៦ មិន​យល់ព្រម​៦២ និង​អនុប្បវាទ​៣ មោឃៈ​១ ក្នុង​ចំណោម​កូរ៉ុម​សភា​ចំនួន​១២២​រូប ។ តាម​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បង្ហាញថា លោកស្រី មូរ សុខ​ហួរ បាន​ទទួល​ការ​យល់ព្រម​ពី​សំឡេង​គណបក្ស​ប្រជាជន​តែ​១​សំឡេង​ប៉ុណ្ណោះ បើ​បូក​សរុប​ជាមួយ​សំឡេង​គណបក្ស​លោកស្រី​៥៥​សំឡេង ។ បន្ទាប់​ពី​ការ​ចេញ​លទ្ធផល​បែប​នេះ​សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក សម រ​ង្សុ​ី និង​លោក កឹ​ម សុខា ក៏​បាន​ជួប​ជជែក​គ្នា​ភ្លាម​ក្នុង​សាល​ប្រជុំ ។
សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ប្រធាន​អង្គប្រជុំ បាន​ប្រកាស​បិទ​សម័យប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៧ សីហា ។ នៅ​ពេល​ប្រកាស​បិទ​សម័យ ប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី​៥​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​អ្នកតំណាង​រាស្ត្រ​មួយ​រូប​ពុំ​បាន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ទេ ។

ដោយឡែក​លោក សម រ​ង្សុ​ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥​នេះ បាន​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ជំនួស​និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ដោយ​បញ្ជាក់​ថា ថ្ងៃនេះ​មាន​ភាព​រអាក់រអួល​បន្ដិច​ដោយ​យើង​មានការ​សោកស្ដាយ តែ​យើង​នឹង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​សម​ស្រប​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ទាំង​ពីរ ។ ដោយ​ចង់​សំដៅលើ​បេក្ខភាព​ដែល​បាន​ធ្លាក់​ឆ្នោត​គឺ​លោកស្រី​មូរ សុខ​ហួរ និង​លោក យឹ​ម សុវណ្ណ លោក សម រ​ង្សុ​ី មាន​ប្រសាសន៍​ថា ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ប្រធាន​នៃ​គណៈកម្មការ​ទាំង​ពីរ ដែល​ថ្ងៃនេះ​ពុំ​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ ពីព្រោះ​មាន​ភាព​រអាក់រអួល តែ​យើង​ជឿជាក់​ថា​នឹង​មាន​ដំណោះស្រាយ​សម​ស្រប​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ។

ទាក់ទង​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​ភាព​រអាក់រអួល​នេះ​មានការ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ដែរ​ឬទេ ? លោក សម រ​ង្ស៊ី មាន​ប្រសាសន៍​ថា យើង​ខិតខំ​ប្រឹងប្រែង​រក្សា​ស្មារតី​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គោរព​ស្មារតី​១០០% ។ គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​សុំ​ឱ្យ​គណបក្ស​ជា​ដៃគូ​គោរព​ស្មារតី​១០០%​ដែរ ប៉ុន្តែ​យើង​ចង់​សម្រួល​ចង់ឱ្យ​រដ្ឋសភា​ដំណើរការ​ដើម្បី​ឈាន​ទៅ​ធ្វើ ហើយ​បញ្ចប់​ការងារ​ដ៏​សំខាន់ ដូច​ជា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ច្បាប់បោះឆ្នោត ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី និង​មានការ​ងារ​ផ្សេង​ទៀត​ដូច​ជា​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ត្រូវ​ពិនិត្យ​ច្បាប់​ថ្មី​ៗ​មួយ​ចំនួន​និង​ច្បាប់​ចាស់​ៗ​ដែល​បាន​អនុម័ត​ហើយ​តើ​ត្រឹមត្រូវ​ឬ​ចន្លោះ​ខ្វះ ការ​កែប្រែ​យា​៉​ង​ម៉េច ដូច្នេះ​ការងារ​មាន​ច្រើន ។ ដូច្នេះ​ថ្ងៃនេះ​យើង​បង្ហាញ​សុច្ឆន្ទៈ​របស់​យើង ដោយ​បាន​បំពេញការងារ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្បាលម៉ាស៊ីន​ថ្មី​នៃ​រដ្ឋសភា​តាម​បំណង ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា ការ​បោះ​ឆ្នោត​មិន​គាំទ្រ គឺ​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​យើង​គិត​តួលេខ​ដែល​បេក្ខភាព​លោកស្រី មូរ សុខ​ហួរ បេក្ខភាព​លោក យឹ​ម សុវណ្ណ គឺ​បាន​ទទួល​៥៦​សំឡេង ។ ដូច្នេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​សំឡេង​ឱ្យ​យើង​មួយ ប៉ុន្តែ​ភាគ​ច្រើ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៦០​ក្នុង​ករណី​នីមួយ​ៗ​ហ្នឹង​មិន​គាំទ្រ​បេក្ខភាព​នេះ ។ លោក សម រ​ង្ស៊ី បន្ត​ថា យើង​បាន​រូបមន្ត​តែ​ប៉ុណ្ណឹង ដើម្បី​ឱ្យ​ដំណើរការ​ទៅ​មុខ តែ​យើង​នឹង​ទាមទារ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​បាន​ចេញ​នូវ​អ្វី​ដែល​យើង​គ្រោងទុក​ពី ដើម​ទី ។ ខ្ញុំ​មិន​ចង់​សន្និដ្ឋាន​ដល់​កម្រិត​លទ្ធផល​នេះ​ថា ក្បត់​កិច្ចព្រមព្រៀង​ទេ យើង​នៅ​តែ​មាន​ជំនឿ​ថា យើង​នឹង​សម្រេច​បាន​នូវ​អ្វី​ដែល​យើង​ចង់បាន​ថា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ថា ចង់ឱ្យ​មានការ​កែទម្រង់ កែ​លម្អ​កែតម្រូវ​អ្វី​ដែល​ធ្វើ​ខុសឆ្គង​ពី​មុន​ដែល​មាន​កង្វះខាត ។ ដូច្នេះ​យើង​ចង់​រៀបចំ​ការងារ​ហ្នឹង ជា​ពិសេស​ការងារ​បោះ​ឆ្នោត​លើក​ក្រោយ​ឱ្យ​មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ ត្រូវ​តែ​មាន គ​.​ជ​.​ប ថ្មី ត្រូវ​តែ​មាន​សមាជិក សមាជិកា​ថ្មី មាន​ច្បាប់បោះឆ្នោត​ថ្មី ហើយ គ​.​ជ​.​ប នោះ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជា​វិធានការ​ដ៏​សំខាន់​ដើម្បី​ធានា​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ដើម្បី​គោរព​ឆន្ទៈ​ប្រជារាស្ត្រ ៕